«ល្បែងប្រជាប្រិយ» គឺជាសិល្បៈវប្បធម៌ដ៏ចំណាស់មួយរបស់ខ្មែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយបានរីកត្រចះត្រចង់ និងជាសក្ខីភាពដ៏អស្ចារ្យ ដើម្បីបង្ហាញពិភពលោកឱ្យដឹងឮ និងស្ញប់ស្ញែងពីអរិយធម៌ខ្មែរ។ ល្បែងប្រជាប្រិយ បានកកើតឡើងពីជីវិតប្រចាំថ្ងៃនៃប្រជាកសិករតាមសម័យកាលនីមួយៗ ដោយគ្មានកាលបរិច្ឆេទ ឬឈ្មោះអ្នកបង្កើត អ្នកផ្ដួចផ្ដើម និងពីប្រវត្តិច្បាស់លាស់នោះទេ គឺមានប្រភពចេញពីកម្លាំងពលកម្ម ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ប្រជាកសិករ និងជាការចេះតៗគ្នាតែប៉ុណ្ណោះ។
ដោយឡែកប្រជាជនកម្ពុជានិយមលេង ល្បែងប្រជាប្រិយខ្មែរ នៅពេលមានពិធីបុណ្យទានម្ដងៗ ជាពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ យ៉ាងណាមិញ បច្ចុប្បន្ន ល្បែងប្រជាប្រិយខ្មែរមួយចំនួនស្ទើរតែមិនសូវបានគេស្គាល់ និងមិនសូវបានឃើញមានលេងផង។ ដើម្បីចូលរួមថែរក្សាវប្បធម៌ប្រពៃណីរបស់ខ្មែរឲ្យបានគង់វង្ស ថ្ងៃនេះAMS នឹងលើកយកល្បែងប្រជាប្រិយខ្មែរមួយចំនួនមកចែករំលែកដល់ប្រិយមិត្តអ្នកអានដូចខាងក្រោម៖
១.ល្បែងលាក់កន្សែង

«ល្បែងលាក់កន្សែង» ជាល្បែងម្យ៉ាងរបស់ក្មេងខ្មែរក្នុងបុរាណកាល តែងលេងសម្រាប់ជាទីកម្សាន្តសប្បាយ នៅពេលយប់ខែភ្លឺក្នុងរដូវចូលឆ្នាំ ឬនៅពេលជាចន្លោះការហត់នឿយម្ដងៗ ។
របៀបលេង៖
មុនដំបូង ពួកក្មេងៗគេបបួលគ្នាបានចំនួនពី ៦-៧ នាក់ឡើងទៅឲ្យអង្គុយច្រហោងដំកង់ជាវង់មូល ដាក់ដៃ ទាំងពីរទៅមុខលើក្បាលជង្គង់ ក្នុងទីណាមួយដែលជាទីវាលស្រឡះរាបស្មើល្អ ហើយគេយកកន្សែង ឬក្រមាតូច មួយមករុំមូរឆ្មូលតឹងណែនល្អ ទុកជាយបន្តិចសម្រាប់កាន់យួរបាន សន្មតហៅថា កន្សែង មានម្នាក់ក្រោកចេញ ទៅក្រៅវង់កាន់ កន្សែងនោះ ដើរព័ទ្ធជុំវិញយ៉ាងលឿន ពីខាងក្រោយខ្នងអ្នកអង្គុយបញ្ឆោត អ្នកអង្គុយមិនឲ្យដឹងខ្លួនថា គេលាក់កន្សែងក្រោយខ្នងអ្នកណា។
ល្បែងនេះមានតំណមយ៉ាង តឹងរ៉ឹងមិនឲ្យអ្នកលេងងាកក្រោយ ឬលូកដៃទៅខាងក្រោយខ្នង បើអ្នកណា មួយហ៊ានងាក ឬលូកស្ទាបខាងក្រោយខ្នង អ្នកលាក់គេមានអំណាចទណ្ឌកម្មអ្នកនោះ មិនឲ្យឡើងលាក់កន្សែង ឬគេឲ្យអ្នកនោះអង្គុយធ្មេចភ្នែកក៏បាន ស្រេចតែគេដាក់ទៅយ៉ាងណាតាមចិត្តគេស្ម័គ្រ ។ អ្នកលាក់ លុះរត់ក្រឡឹង អ្នកអង្គុយ ២ ៣ ជុំហើយ មើលតែអ្នកណាអង្គុយបែបភ្លេចខ្លួន គេក៏ដាក់កន្សែងក្រោយខ្នងអ្នកនោះភ្លាម រួចគេរត់ យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយដើម្បីឲ្យឆាប់មកដល់កន្លែងកន្សែងដែលគេដាក់នោះ ។ បើអ្នកដែលគេត្រូវលាក់ កន្សែងពីក្រោយខ្នងនោះមិនដឹងខ្លួន លុះអ្នកលាក់រត់ក្រឡឹងមកម្ដងទៀតចាប់យកកន្សែងនោះបានមុន គេទុកអ្នក លាក់នោះជាអ្នកឈ្នះ ត្រូវមានអំណាចរើសយកកន្សែងនោះទៅគក់ខ្នងអ្នកដែលអង្គុយនោះ ហើយគេយកកន្សែង លាក់តទៅទៀត។ តែបើអ្នកអង្គុយដឹងខ្លួនថា គេលាក់កន្សែងចំក្រោយខ្នងខ្លួន ហើយចាប់យកកន្សែងបានមុន អ្នកលាក់រត់មកដល់ គេទុកអ្នកអង្គុយនោះជាអ្នកឈ្នះ ត្រូវមានអំណាចក្រោកឡើងចាប់កន្សែងដេញគក់អ្នកលាក់ នោះវិញ តែបើអ្នកនោះគេរត់ទៅដល់កន្លែងចន្លោះអង្គុយបានទៅ អ្នកកាន់កន្សែងនោះ មិនត្រូវគក់គេទេ ត្រូវរត់ ក្រឡឹងអ្នកអង្គុយបានដំកង់ ដើម្បីនឹងលាក់តទៅទៀត គឺថា អ្នកលាក់ពីមុនត្រូវទៅអង្គុយកន្លែងអ្នកចាប់កន្សែង បានក្នុងវង់ដដែល ។គេលេងតែរបៀបនេះរហូតដល់ពេលឈប់។ ជួនកាលអ្នកខ្លះមិនដែលបានឡើងលាក់កន្សែងនឹងគេ ម្ដងសោះក៏មាន ព្រោះគេលាក់កន្សែងក្រោយខ្នងខ្លួនមិនដឹង រវល់តែគេគក់ខ្នងរាល់ពេល។
តម្លៃអប់រំ
ល្បែងនេះ គេលេងដើម្បីហាត់ខ្លួនឲ្យមានស្មារតីរឹងប៉ឹង ហើយរហ័សរហួន ឲ្យមានប្រាជ្ញាវាងវៃ ហាត់ទម្លាប់ ខ្លួនឲ្យចេះប្រុងស្មារតីជានិច្ច។
២.ល្បែងចោលឈូង

«ល្បែងចោលឈូង» ជាល្បែងម្យ៉ាងរបស់មនុស្សកំលោះក្រមុំ ឬមនុស្សចំណាស់ៗ ប្រុស ស្រី ទូទាំងកម្ពុជរដ្ឋ គេតែងលេងនៅវេលាយប់ ខែភ្លឺ ក្នុងរដូវចូលឆ្នាំថ្មី (ខែចេត្រ-ពិសាខ) ។
របៀបលេង៖
គេចែកគ្នា ២ពួកប្រុស ១ពួក ស្រី ១ពួក ។ ក្នុង ១ ពួកៗមានគ្នាចំនួនពី ១០នាក់ ឬ ២០នាក់ ឡើងទៅ ឈរត្រៀមជា២ជួរ ទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា ៨ ឬ ១០ ម៉ែត្រ ។ គេយកក្រមា ឬកន្សែងមកឆ្មូលឲ្យមូល ចងរឹតឲ្យតឹងណែនល្អ ទុកឲ្យមានកន្ទុយបន្តិចហៅថា “ឈូង” សម្រាប់កាន់បោះ ឬចោលទៅមករកគ្នា។
ឈូងមាន ២បែប៖
១. ឈូងច្រៀងរាំ
២. ឈូងលោះខ្ញុំ
១. «ឈូងច្រៀងរាំ» មុនដំបូង ពូកខាងប្រុសបោះឈូងទៅឲ្យពួកខាងស្រី ពូកខាងស្រីប្រុងចាប់កុំឲ្យធ្លាក់ដល់ដី បើធ្លាក់ដល់ដី គេចាត់ជា«ស្អុយ» ហើយគេផ្ដើមបោះទៅឲ្យខាងប្រុសវិញ ពួកខាងប្រុសប្រុងចាប់កុំឲ្យធ្លាក់ដល់ដី ។ កាលចាប់បានហើយ ចោលសំដៅទៅពូកខាងស្រី គឺសំដៅនាងណាដែលខ្លួនស្ម័គ្រ បើចោលខុសគេចាត់ទុកស្អុយ រួចគេផ្ដើមបោះជាថ្មីទៀត បើចោលត្រូវស្រីណាហើយ ស្រីនោះច្រៀងរាំយកឈូងទៅជូនខាងប្រុស ហៅថា ច្រៀងរាំជូនឈូង។ របៀបច្រៀងរាំនោះ ម្នាក់កាន់ឈូងនាំមុខ ម្នាក់ដៃទទេរាំតាមក្រោយ ហើយច្រៀងជាទំនុកថា ៖ “ប្អូនចាប់ឈូងបាន ឈូងបែកជាបួន ព្រលឹងប្រុសស្ងួន ទទួលឈូងទៅ” ។
ពូកស្រីៗក្រៅពីនោះគ្រប់គ្នាទទួលថា ៖“ឱណាកែវ កែវពិអា ឱណាកែវអឺយ អឺអឺងអឺយ!” រួចហើយហុចឈូងនោះទៅខាងប្រុសៗ ទទួលយក ហើយក៏ផ្តើម បោះឈូងនោះទៅឲ្យខាងពួកស្រីៗចាប់វិញ។ បើពូកស្រីៗចាប់ឈូងបានក៏ចោលសំដៅទៅពូកខាងប្រុស បើចោលត្រូវប្រុសណា ប្រុសនោះត្រូវរាំនាំ ឈូងទៅជូនខាងពូកស្រីៗ ដោយច្រៀងជាទំនុកថា៖ “បងចាប់ឈូងបាន បងបីត្រកង ព្រលឹងមាសបង ទទួល ឈូង ទៅ” ។ ពូកប្រុសៗ គ្រប់គ្នាទទួលបន្ទរថា៖ “ឱណាកែវ កែវពិអា ឱណាកែវអឺយ អឺអឺងអឺយ !” ហើយហុច ឈូងនោះទៅខាងស្រីៗ ទទួលយក ទើបផ្តើមបោះតទៅទៀត ។
២. «ឈូងលោះខ្ញុំ» ដើមដំបូង ខាងប្រុសគេផ្ដើមច្រៀង ១ទំនុកជាមុខ ។ ឯទំនុកច្រៀងឈូងមានច្រើនបែប ប្លែកទៅតាមប្រាជ្ញារបស់អ្នកនាំច្រៀងនិងតាមស្រុក ។ ទីនេះស្រង់យកតែទំនុកធម្មតា ដែលអ្នកលេងឈូងគ្រប់ ស្រុកគេតែងច្រៀងគ្រប់គ្នាថា៖ “បងបោះឈូងទៅ អូនអើយ កម្ពស់ចុងដូង (ស្ទួន) ក្រមុំឈរច្រូង អូនអើយទទួលឈូងបង” ឬថា “បងបោះឈូងទៅ ឈូងបែកជាបួន ស្រីណាមានខ្លួន ទទួលឈូងបង” ។ល។ ច្រៀងហើយគេស្រែក ប្រាប់ថា “ឈូងអើយឈូង!”ហើយអ្នកផ្តើមទំនុកក៏បោះឈូងទៅលើពួកស្រីៗ ឲ្យពួកស្រីៗចាប់ ។ ខាងស្រីចាប់ឈូង បាន គេចោលសំដៅទៅរកប្រុសណាដែលគេត្រូវចិត្ត បើចោលទៅត្រូវប្រុសណា គេទៅចាប់យកប្រុសនោះមកទុក ខាងពូកគេ។ បើចោលមិនត្រូវទេ ខាងប្រុសនោះចាប់ឈូងនោះ ចោលសំដៅមករកស្រីណាដែលគេស្ម័គ្រ បើខាង ប្រុសចោលមកត្រូវខាងស្រីហើយ ប្រុសម្នាក់ដែលត្រូវចាប់យកទៅទុកមុននោះ ត្រូវបានមករួចខ្លួន បើប្រុសចោល មិនត្រូវស្រីវិញទេ ប្រុសម្នាក់នោះត្រូវនៅខាងស្រីដដែល ។ បើខាងណាប៉ុនប្រសប់ចោលយកខាងម្ខាងទាល់តែអស់ កាលណាអស់គ្នាហើយគេផ្ដើម លេងសាជាថ្មី ដោយឲ្យខាងស្រីបោះឈូងទៅឲ្យប្រុស គេស្រែកច្រៀងថា៖ “អូនបោះឈូងទៅ បងអើយ កម្ពស់ចុងស្លា ប្រុសឈរប្រៀបត្រា បងអើយទទួលឈូងអូន” ។ល។ ច្រៀងហើយគេ ស្រែកថា៖ “ឈូងអើយ ឈូងអើយ” ហើយគេបោះឈូងទៅលើពូកប្រុសៗ។ ឯខាងប្រុសបើគេចាប់បានឈូងខាងស្រីបានហើយ គេចោលឈូងនោះសំដៅខាងស្រីៗ កាលត្រូវលើស្រីណាម្នាក់គេចាប់ស្រីនោះមកទុកខាងគេ។ បើខាងណាអស់មនុស្ស គេចែគ្នាលេងសារជាថ្មី។ មនុស្សដែលគេចាប់បាននោះ ជូនកាលគេចងទុកឲ្យជិត លេងឲ្យរត់ទៅកាន់ទីផ្សេងៗ ជាការកម្សាន្ត សប្បាយ ។ របៀបលេងបែបទី២ នេះ ជូនកាលអ្នកលេង គេច្រូតកាត់មិនបាច់ច្រៀង ស្រាប់តែចោលតែម្តងក៏មាន។
តម្លៃអប់រំ
ល្បែងនេះ រាប់ចូលក្នុងពួកការហាត់ភ្នែកឲ្យវៃ ហាត់ដៃឲ្យត្រង់ផង ជាការកម្សាន្តសប្បាយ ដោយមានការ រាំច្រៀងលាយជាមួយផង។
៣. ល្បែងទាញព្រ័ត្រ

«ល្បែងទាញព្រ័ត្រ» ជាល្បែងលេងកម្សាន្តសប្បាយរបស់យុវជនខ្មែរទាំងបុរស ទាំងស្រ្ដី កំលោះ ក្រមុំ។ ល្បែងនេះគេលេងដោយប្រើកម្លាំងកាយជាមូលហេតុ ហើយគេលេងតែក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ គេច្រើននិយមលេងក្នុងវត្តអារាម ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្តមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះ តែអាច លេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនោះមានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវាលល្មមលេងកើត។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ រឺពន្លឺព្រះចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។
របៀបលេង៖
សមាសភាពនៃអ្នកលេង ល្បែងនេះ គេចែកមនុស្សអ្នកលេងជា២ក្រុម ម្ខាងៗយ៉ាងតិចត្រឹម៥នាក់ ឬ១០នាក់ឡើងទៅតាមដែលគេរកគ្នាបានប៉ុន្មាន ក៏លេងប៉ុណ្ណោះ តែតាមទម្លាប់អ្នកស្រុក បើមានមនុស្សស្រីចូលលេងផង គេអោយស្រីៗនៅម្ខាង ប្រុសៗនៅម្ខាង ហើយគេយល់ថា ភេទស្រីតែងមានកម្លាំងខ្សោយជាងបុរស គេតែងដាក់ខាងស្រីឲ្យមានចំនួនច្រើនលើសប្រុស យ៉ាងតិចត្រឹម២នាក់ជាដរាប គឺបើខាងប្រុស៨នាក់ គេដាក់ខាងស្រី ១០នាក់។ គ្រឿងប្រដាប់សម្រាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោស្បែកក្របីធ្វើព្រ័ត្រ ឬគេយក ពួរធ្វើពីជក់ដូងជាព្រ័ត្រសម្រាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនឹងយកសំភោរ ឬគងម៉ង់ ឬរគាំង១ សម្រាប់ទះ ឬសម្រាប់វាយនៅពេលដែលទាញដំបូង។
របៀបលេង មុនដំបូងគេរើសរកប្រុសម្នាក់ ស្រីម្នាក់ មានមាឌធំមាំ កម្លាំងច្រើន អោយជាអ្នកឈរកាន់ចុងព្រ័ត្រគឺប្រុសកាន់ចុងម្ខាង ស្រីកាន់ចុងម្ខាង ហើយឲ្យប្រុសម្នាក់ ស្រីម្នាក់ទៀតមានមាឌធំមានកម្លាំង ឈរកណ្ដាល ព្រ័ត្រ ត្រង់កន្លែងដែលពួកទាំងពីរឈរ សម្រាប់នាំពួកខ្លួនអោយខំទាញតែរៀងខ្លួន អែមនុស្សដែលមានមាឌតូចៗស្គមៗ កម្លាំងខ្សោយៗ គេអោយឈរកណ្ដាលគេ។ លុះរៀបចំរួចហើយ គេអោយមនុស្សប្រុសម្នាក់កាន់សំភោរ ឲ្យឬគងម៉ង់ ឬក៏រគាំងឈរត្រង់កណ្ដាលទីជិតអ្នកទាំងពីរដែលកាន់ខ្សែឈរប្រទល់មុខគ្នានោះ ផ្ដើមស្រែកឡើងព្រមគ្នាថា យក្សអរ(១) !.! លឺយ៉ាងខ្លាំងៗ ធ្វើសំឡេងវែងៗ រលាក់រលែកយ៉ាងគ្រលួច។ អែអ្នកប្រុងទាញព្រ័ត្រទាំងប៉ុន្មានជួយស្រែកទទួលឡើងព្រមគ្នាថា ហ៊ោវ៉ឺយៗ ៣ដង ទើបនាំគ្នាទាញប្រុងយកជ័យជំនះតែរៀងខ្លួន។ ក្នុងពេលពួកអ្នកទាញព្រ័ត្រ កំពុងតែខំប្រឹងទាញ អ្នកកាន់សំភោរ រឺគងម៉ង់ រឺរគាំង គេចេះតែបញ្ជើតសំភោរ ឬគងម៉ង់ ឬក៏រគាំងរឿងៗ ឮសូរតាក់ទីងៗ ឬម៉ូងៗ ម៉ឹងៗ ជាដរាប ទាល់តែឃើញចាញ់ឃើញឈ្នះម្ខាងៗ ទើបឈប់បញ្ឆើត។ ពេលលេងម្ដងៗ អស់ថិរវេលាពី ៥-៦ នាទី ដល់ ១០នាទីឡើងទៅទើបឃើញឈ្នះឃើញចាញ់ម្ខាងៗ។ កាលដឹងថា ខាងណាឈ្នះខាងណាចាញ់ហើយ គេចាប់ផ្ដើមលេងសារជាថ្មី ម្ខាងទៀត ដរាបដល់ហត់តែរៀងៗខ្លួនទើបឈប់។
តម្លៃអប់រំ
ល្បែងនេះចាត់ទុកជាការហាត់កម្លាំង ហាត់ប្រាណអោយរាងកាយមានកម្លាំងមានសុខភាពល្អ។
៤. ល្បែងវាយក្អម

«ល្បែងវាយក្អម»ជាល្បែងប្រជាប្រិយម្យ៉ាងដែលពេញនិយមចំពោះគ្រប់ស្រទាប់វណ្ណៈ ដែលយើងសង្កេតឃើញមានវត្តមានល្បែនេះនៅទីវត្តអារាមកំឡុងពេលចូលឆ្នាំខ្មែរ ។ គោលបំណងនៃល្បែងនេះគឺដើម្បីដេញរឿងមិនល្អ រឿងហ្មងសៅ ទៅតាមអំបែងក្អមដែលវាយបែក ។
របៀបលេងល្បែង៖ ល្បែងនេះត្រូវមានការរៀបចំទុកមុនឲ្យបានល្អ ។ គេត្រូវរកបង្គោលពីរសងខាង ( អាចជាដើមឈើ ឬ សសរណាមួយ ) ដើម្បីចងខ្សែដែលមានប្រវែង និងទំហំសមរម្យ ក្នុងការទ្រទ្រង់នឹងទម្ងន់ក្អម ។ នៅក្នុងក្អមគេមានដាក់ម្សៅក្រអូប តំណាងសេរីសួស្ដី។ ដោយឡែកគេក៏ត្រូវត្រៀមដំបងមួយមានប្រវែងសមាមាត្រទៅនឹងកម្ពស់ក្អម ។ តាមធម្មតា គេត្រូវការក្រមារុំភ្នែកអ្នកវាយ ឲ្យជិតរួចធ្វើការបង្វិល ៣ ជុំ។ បន្ទាប់មកទៀតគេលែងឲ្យអ្នកវាយក្អមតាមការទទួលអារម្មណ៍ដឹងរបស់ខ្លួន ។ ល្គឹកណាអ្នកនោះវាយខុសគ្រប់កំណត់បី ដងចាត់ទុកថាចាញ់ ដោយឡែកប្រសិនបើវាយបែកក្អមនោះចាត់ថាឈ្នះ ។
៥. លោតបាវ

«លោតបាវ» ជាប្រភេទល្បែងប្រជាប្រិយ ប្រជាជនខ្មែរយើងច្រើននិយមលេងនៅរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ ល្បែងនេះគេលេងដើម្បីឲ្យជនរួមជាតិខ្មែរទាំងអស់ចេះ រួបរួមសាមគ្គីគ្នានិងបង្កើតមិត្តភាពនិងមានភាពស្វាហាប់ រហ័សរហូនរបស់យុវជនទាំងអស់ ។
របៀបលេង៖ ជាដំបូង គេត្រូវរើសអ្នកលេងចំនួន ៤នាក់ឬច្រើនជាង៥នាក់ ហើយចែកបាវឲ្យពួកគាត់ម្នាក់មួយៗបន្ទាប់មកឲ្យពួកគាត់ទាំងអស់គ្នាស៊កជើងចូលទៅក្នុងបាវរួចឈរតម្រៀបជាជួរឲ្យស្មើគ្នា។ គេកំណត់ដែលត្រូវលោតដល់ ល្គឹកណាមានអ្នកដួលកំណត់ថាចាញ់។ បើអ្នកណាលោតបាវដល់ទីមុនដោយមិនដួលអ្នកនោះគឺជាអ្នកឈ្នះ។
៦. ចាប់កូនខ្លែង

ប្រវត្តិ៖ ល្បែងនេះក៏ជាល្បែងដែលលេងដោយការចាំតៗគ្នា និងពុំមានកត់ត្រាប្រភពច្បាស់លាស់ទេក៏ប៉ុន្តែគេសង្កេតឃើញមានល្បែងស្រដៀងគ្នានៅប្រទេសថៃ( งู กิน หาง បកប្រែមកថា«ពស់ស៊ីកន្ទុយ») និងប្រទេសវៀតណាម (Tro Rong ran len may)។ គេនិយមលេងល្បែងនេះនៅយប់ខែភ្លឺ នៅរដូវចូលឆ្នាំ ឬនៅពេលទំនេរ។
របៀបលេង៖ គេចងក្រមាជុំវិញចង្កេះដើម្បីឲ្យស្រួលតោងគ្នានៅពេលលេង។ បន្ទាប់មកគេចាត់មនុស្សម្នាក់ធ្វើមេមាន់ និងម្នាក់ធ្វើមេខ្លែង អ្នកដែលនៅសល់ ធ្វើជាកូនមាន់ តោងចង្កេះមេតៗគ្នាជាជួរមួយ រួចហើយគេបង្កាត់ភ្នក់ភ្លើងតូចមួយ។ កូននិងមេមាន់ដើរក្រឡឹងភ្នក់ភ្លើង ហើយមេមាន់ស្រែកថា៖ «ចាប់កូនខ្លែងប្រឡែងកូនអក ពពេចញ៉ែកញ៉ក កូនអញតែមួយ។ ជីកអន្លុងដាំត្រកួន ទន្សាយរត់ពួន ត្រកួនឡើងលាស់ ។ ទៀន១គូតាំងយូបាំងព្រះ លើកដៃសំពះ ដូនៗសុំភ្លើង។»
– ខ្លែងក៏ទៅអង្គុយជិតភ្នក់ភ្លើង ហើយមេមាន់នាំកូនដើរព័ទ្ធភ្នក់ភ្លើងទៀត ដោយច្រៀងថា «ចាប់កូនខ្លែងប្រឡែងកូនមាន់ បើទៅទាន់យកមាន់ទៅលក់ លាក់ទុកឯណា លាក់ក្បាលដំណេក រលឹកពីដេក វាយមាន់តូងតាង»
– ច្រៀងចប់ មាន់ឈរតម្រៀបគ្នា ឯខ្លែងស្រែកសុំភ្លើងទៀត
– មាន់ ៖ «ក្អែកពាំទៅទម្លាក់ក្នុងទឹកទន្លេបាត់ហើយ» មាន់ដើរជុំវិញភ្នក់ភ្លើងម្ដងទៀតហើយច្រៀងទៀតថា «ប្អូនវិញខ្សែសូត្រ បង្ហូតខ្សែគោម ខ្លែងអើយកុំលោម មិនបានមាន់ទេ។» រួចឈរស្ងៀមឲ្យខ្លែងស្រែកសួរ៖
ខ – សុំកូនមុខ
ម – ឪពុកមិនអោយ
ខ – សុំកូនក្រោយ
ម – ចាប់បានយកចុះ
ពេលឮដូច្នេះ ខ្លែងផ្ដើមដេញចាប់យកកូនដែលនៅពីក្រោយគេរហូតដល់អស់កូន។ អាចចាប់បានកូន១ ឬ ២ តាមដែលអាចទាញផ្ដាច់មកបាន។ ក្នុងករណីមានកូនដែលត្រូវបានផ្ដាច់ពីមេដោយសារគ្រវាត់គ្រវែងខ្លាំងពេក គេត្រូវក្រាបចុះ ហើយខ្លែងគ្មានសិទ្ធចាប់ទេ ។
៧.ល្បែងបោះអង្គុញ

ប្រវត្តិ៖ ល្បែងនេះមានវត្តមានក្នុងពិធីបុណ្យចូលឆ្នាំខ្មែរតាំងពីបុរាណកាលមកអង្កុញដែលយកមកលេងក្នុងល្បែងនេះលេងតំណាងឲ្យ «ហ្វូងក្អែកខ្មៅប្រយុទ្ធគ្នាសត្វក្អែកពីបុរាណតំណាងសត្វអពមង្គល» ដូចនេះល្បែងនេះបង្កើតឡើងដើម្បីផ្ដួលឥទ្ធិពលអាក្រក់តាមឆ្នាំចាស់។ បោះអង្កុញចែកជា ២ គឺ លេងកេល និង បាញ់រង ។ សព្វថ្ងៃ ប្រជាជនខ្មែរនិយមលេងបាញ់រងលេងកេលគេនិយមលេងនឹងជើង ចំណែកបាញ់រងលេងដោយដៃ។
របៀបលេងមុនពេលលេង៖ គេចែង «ល្បែងបោះអង្កុញ» (បាញ់រង) ជាពីរពួក បុរសមួយក្រុម១០នាក់ នារីមួយក្រុម ១០នាក់មួយពួកៗ មានអង្គុញស្មើៗគ្មា សម្រាប់គប់កើយមួយពួកៗមានកើយ ៣ ឬ ៥ តាមគ្នាច្រើនឬតិច។ គេត្រូវមានមេក្នុងមួយពួកម្នាក់។ មេត្រូវសួរគ្នាទៅវិញទៅមកថា លេងប៉ុន្មានកើយ? ហើយលេងប៉ុន្មានក្ដារ?ត្រូវរៀបកើយតាមចំនួនដែលបាននិយាយគ្នាកើយត្រូវរៀបឡើងដោយផ្លែអង្គុញមួយ នឹងដីដែលកាយជារន្ធ កើយរៀបបានលំដាប់ហ្វូងចាបកើយនាំមុខគេ កំណត់ជាទីអ្នកលេងត្រូវឈរ ៣ ទៅ ៤ ម៉ែត្រពីទី។
របៀបលេងកំឡុងពេលលេង៖
ជាទូទៅ ខាងស្រីមានសិទ្ធបោះមុនវិន័យនៃការបោះគឺ ត្រូវបោះកើយផ្សេងៗមុនកើយមេកាលណាក្រុមដែលបោះ ផ្ដួលកើយម្ខាងទៀតអស់នោះកំណត់ឈ្នះមួយក្ដារឯឈ្មោះពិន័យដែលប្រើក្នុងល្បែងអង្គញ់នេះមាន ៩ បែប៖
១- ស្អុយ (គឺរៀបកើយខុសទុកកោយនេះ ជាអាសាបង់)
២- មាយ (ត្រូវម្ដងហើយ ត្រូវដដែលម្ដងទៀត)
៣- រះ (កើយបោះមួយ ត្រូវកោយដាំម្ដងពីរ)
៤- ងីងើ (កើយបោះរត់ប៉ះកោយដាំឲ្យរង្គើមិនដួល)
៥- ស្រលៀង -ខ្វាក់ (ព្រោះកើយបោះទង្គិចគ្នា)
៦- វ័ធ-ណាត់ (កើយបោះជិតកោយដាំពេក)
៧- បាក់កលៀនអណ្ដាត (ចាក់ខ្ទាតធ្លាក់កើយកណ្ដាលទី)
៨- កប់ទះ(កោយដាំខ្ទេចចេញ កោយបោះនៅក្នុងរន្ធដាំ)
៩- ហួសមេដំបូល (សម្រាប់ត្រកងកុំឲ្យហួសមេក្លោង)
ការពិន័យ៖
ក្រុមដែលខុសវិន័យចាត់ទុកថាចាញ់ នោះត្រូវទទួលពិន័យដោយជោះ ដោយការជោះចែកជា ២ ប្រភេទផ្សេងគ្នា។
ជោះបាយត្រជាក់៖ របៀបជោះ គឺគេយកអង្គញ់មួយផ្ទាប់ទៅដល់ក្បាលជង្គង់ ហើយយកអង្គញ់មួយទៀតវាយជួយពីលើ រាប់ចំនួនតាមដែលគេត្រូវជួស ។
ជោះបាយក្ដៅ ៖ របៀបនេះគេផ្គុំអង្គញ់ពីរតម្រួតគ្នា គឺមួយផ្ដេក មួយបញ្ឈរ ហើយជោះខ្លាំងៗទៅលើក្បាលជង្គង់មួយៗឡើងក្រហមសាច់ ទំរាំតែអស់ចំនួន ៣០-៤០ សឹងតែហើមក្បាលជង្គង់តែម្ដង។
៨. ល្បែងពង្រត់កូនក្រមុំ

អត្ថន័យក្នុងការលេងល្បែងពង្រាត់កូនក្រមុំ៖ «ល្បែងពង្រាត់កូនក្រមុំ» ជាល្បែងប្រជាប្រិយមួយដែលមានការពេញនិយមពីប្រជាជនខ្មែរយើង។ ល្បែងពង្រាត់កូនក្រមុំតែងនិយមលេងនៅក្នុងរដូវកាលបុណ្យចូលឆ្នាំខ្មែរ ឬពេលទំនេរសម្រាកពីការងារ។ គេនាំគ្នាលេងល្បែងនេះជាការកម្សាន្តសប្បាយ ក៏ដូចជាបង្កើតឲ្យមាននូវចំណងមិត្តភាពនិងភាពស្និតស្នាលគ្នារវាងយុវជនយុវនារី ។ លើសពីនេះទៅទៀតល្បែងនេះបង្កប់នូវការអប់រំផ្នែកបញ្ញា ស្មារតី ចេះចុះសម្រុង និងយល់ចិត្តគ្នា ពិសេសឲ្យកំលោះៗយល់ពីនារីៗបង្កើតនូវការសាមគ្គី ព្រោះនារីរាងកាយទន់ខ្សោយជាងបុរស (រត់មិនលឿន) ដូចនេះពួកគេនឹងស្រុះស្រួលសាមគ្គីគ្នារកវិធីទៅឲ្យដល់ចន្លោះមុនគូរប្រជែងមួយគូរទៀត។
របៀបលេងល្បែងពង្រាត់កូនក្រមុំ៖ ល្បែងនេះនិយមលេងដោយក្រុមក្រមុំកំលោះពេញវ័យ ដែលត្រូវការគ្នាច្រើនចាប់ពី ៨ ទៅ ១០នាក់ឡើងទៅដោយមានចំនួនមនុស្សប្រុសនិងមនុស្សស្រីស្មើៗគ្នា ។ ពួកគេឈរកាន់ដៃគ្នាជារង្វង់ធំ ដោយឈរឆ្លាស់គ្នាប្រុសម្នាក់ស្រីម្នាក់ ហើយមានប្រុសស្រីមួយគូរស្ម័គ្រចិត្តចេញរត់មុន ។ ដំបូងប្រុសស្រីមួយគូរនោះដើរជុំវិញវង់ រួមទះ ឬប៉ះដៃនូវគួរមួយណាដែលគេពេញចិត្តរួចរត់ជុំវិញវង់ ។ កាលណាត្រូវបានទះ ឬប៉ះដៃ គូរនោះត្រូវរត់ចេញតាមទិសផ្ទុយគ្នានឹងគូរដែលមកទះដៃរបស់ពួកគេ ។ ដោយរត់ជុំវិញរង្វង់រហូតដល់គូរទាំងពីរជួបគ្នាកន្លែងណាមួយ នោះពួកគេត្រូវប្ដូរដៃគូរ ដោយត្រូវប្ដូរយកភេទផ្ទុយគ្នា ។ បន្ទាប់ពីប្ដូរដៃគូររួចហើយ ពួកគេត្រូវរត់តាមទិសផ្ទុយគ្នាទៅបំពេញនៅកន្លែងដែលជាចន្លោះនៅសល់បន្ទាប់ពីគូរដែលត្រូវគេទះឬប៉ះដៃនោះរត់ចេញ។ គូរដែលបានរត់ចូលមុនចាត់ទុកថារួចខ្លួន រីឯគូរដែលចូលមិនទាន់នោះត្រូវដើរបន្ត ហើយទះដៃគូរផ្សេងទៀតដោយលេងបែបនេះដដែលៗ រួចគេបន្ដលេងរហូតដល់លេងបានគ្រប់គ្នាគ្រប់គូរ។ មួយវិញទៀត ពួកគេក៏អាចញាំងបរិយាកាសឲ្យកាន់តែសប្បាយដោយទះដៃរត់ ៣ គូរក្នុងពេលតែមួយក៏បាន ។
៩.ល្បែងដណ្ដើមស្លឹកឈើ

«ល្បែងដណ្ដើមស្លឹកឈើ»ច្រើនត្រូវបានយកមកលេងដើម្បីបង្កបរិយាកាសសប្បាយរីករាយរវាងក្រុមកំលោះក្រមុំ ។ ល្បែងនេះជួយបណ្ដុះស្មារតី រហ័សរហួន រវៀសរវៃ ក្នុងការស្ដាប់និងឲ្យយុវជនចេះមានភាពប្រុងប្រយ័ត្ន មានសកម្មភាពឆ្លើយតបលឿនពេលគេយកស្លឹកឈើបានមុន ។
របៀបលេង៖
– គេចាប់នារីមួយក្រុមបុរសមួយក្រុមមានចំនួនស្មើគ្នាចាប់ពី២ឬ៣គូរឡើងទៅ ដោយមានម្នាក់នៅកណ្ដោលជាអ្នកទម្លាក់ស្លឹកឈើនិងហៅលេខគូរណាមួយចូលមកដណ្ដើម។
– គេនាំគ្នាឈរជាជួរ ស្រីមួយជួរ ប្រុសមួយជួរបែរមុខរកគ្នា ដោយយកចំណុចកណ្ដាលជាកន្លែងស្លឹកឈើឲ្យដណ្ដើម ។
– លេខគេហៅលេខណាមួយគូរប្រុសស្រីនោះត្រូវចេញមកដណ្ដើមស្លឹកឈើដោយមិនឲ្យភាគីប៉ះខ្លួនបាន។
កាលបើខាងប្រុសឬស្រីដណ្ដើមស្លឹកឈើរត់ដល់ទីខ្លួនដោយមិនឲ្យគូរប្រកួតប៉ះបានគេចាត់ទុកជាអ្នកឈ្នះ ។
– សរុបខាងណាចាញ់គ្រប់ចំនួនកំណត់តាមសន្យាក្រុមនោះចាត់ទុកជាអ្នកចាញ់និងទទួលពិន័យបែបសប្បាយៗជាការច្រៀងរាំជាដើម៕
ប្រភព៖ សៀវភៅល្បែងប្រជាប្រិយខ្មែរ




Account
Security
Favourite Content