អាចរាប់ថាជាជំហានដ៏សំខាន់ថ្មីមួយទៀតសម្រាប់ក្រុមចម្រៀងបុរសខេប៉ុប ATEEZ ខណៈពេលដែលពួកគេកំពុងត្រៀមខ្លួនឡើងជាសិល្បករនាំមុខ (Headliner) សម្រាប់ព្រឹត្តិការណ៍ប្រគំតន្ត្រី BST Hyde Park 2026 នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នារដូវក្ដៅនេះ ហើយនេះក៏ជាលើកទីមួយផងដែរដែលសមាជិកទាំង ៨ រូប បានឡើងសម្ដែងនៅលើឆាកមួយនេះ។

កាលពីថ្ងៃទី ១៨ ខែឧសភា ផលិតកម្ម KQ Entertainment បានប្រកាសថា ក្រុម ATEEZ នឹងត្រូវទៅសម្ដែងនៅក្នុងកម្មវិធីប្រគំតន្ត្រីនៅឧទ្យាន Hyde Park ជាលើកដំបូងបង្អស់ នាថ្ងៃទី ២៨ ខែមិថុនា ខាងមុខនេះ បន្ទាប់ពីសមាជិកទាំងអស់មានដូចជា Hongjoong, Seonghwa, Yunho, Yeosang, San, Mingi, Wooyoung និង Jongho ទើបតែបានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក ATEEZ 2026 WORLD TOUR [IN YOUR FANTASY] IN ASIA & AUSTRALIA កាលពីខែមេសាកន្លងទៅ។
នាពេលនេះ មិនទាន់មានការបើកបង្ហាញពីបញ្ជីឈ្មោះសិល្បករទាំងអស់ដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍ BST Hyde Park 2026 នៅឡើយទេ ប៉ុន្តែក្រៅពីក្រុម ATEEZ ក៏មានសិល្បករល្បីៗជាច្រើនទៀតដែលត្រូវបានប្រកាសរួចរាល់ថាជា Headliner ដែរ មានដូចជា Garth Brooks, Maroon 5, Mumford & Sons, Duran Duran, Pitbull និង Lewis Capaldi។ សម្រាប់អ្នកគាំទ្ររបស់ក្រុម ATEEZ អាចចុះឈ្មោះដើម្បីទិញសំបុត្រនៅក្នុងវគ្គ Presale បាននៅថ្ងៃទី ២០ ខែឧសភានេះ ចំណែកឯសំបុត្រសម្រាប់សាធារណជនទូទៅ នឹងត្រូវបើកលក់នៅថ្ងៃទី ២៩ ខែឧសភា។
មុននេះដែរ ក្រុម ATEEZ ក៏ធ្លាប់បានបង្កើតប្រវត្តិសាស្ត្រតាមរយៈការឡើងសម្ដែងនៅលើឆាក Coachella ជាលើកដំបូងក្នុងឆ្នាំ ២០២៤ ផងដែរ ដែលកាលណោះ ពួកគេក៏នៅតែមានក្តីកង្វល់ខ្លះៗនៅពេលដែលត្រូវឡើងសម្ដែងនៅចំពោះមុខអ្នកគាំទ្រតន្ត្រីដ៏ច្រើនលើសលប់។ ទោះជាយ៉ាងណាក៏ដោយ ក្រុមទាំងមូលបានរីករាយយ៉ាងខ្លាំងជាមួយនឹងការសម្ដែងរបស់ខ្លួន ហើយគេជឿជាក់ថា នាពេលនេះ ក្រុម ATEEZ គឺបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសម្ដែងនៅក្នុងព្រឹត្តិការណ៍ BST Hyde Park ដែលរាប់ជាមហោស្រពតន្ត្រីដ៏សំខាន់មួយរបស់ពិភពលោក ដែលត្រូវបានរៀបចំឡើងនៅសួនសាធារណៈ Hyde Park នាចំកណ្ដាលទីក្រុងឡុងដ៍ ជារៀងរាល់ឆ្នាំ។
ATEEZ នឹងក្លាយជាសិល្បករខេប៉ុបទី ៣ ក្នុងប្រវត្តិសាស្ត្រដែលបានក្លាយជាអ្នកសម្ដែង Headliner នៅលើឆាកដ៏ធំនេះ បន្ទាប់ពី BLACKPINK បានឡើងសម្ដែងកាលពីឆ្នាំ ២០២៣ និង Stray Kids បានឡើងសម្ដែងកាលពីឆ្នាំ ២០២៤ ៕


























Account
Security
Favourite Content