គិតចាប់ឆ្នាំ ២០២១ មក តារាស្រីល្បីក្នុងប្រទេសចិនគឺ Zhao Wei ឬត្រចៀកកាំ ស្រាប់តែបាត់មុខឈឹងចេញពីពិភពសិល្បៈ ខណៈឈ្មោះរបស់នាងស្រាប់តែត្រូវគេដកចេញពីរឿងភាគ និងភាពយន្ដកុននានាដែលធ្លាប់សម្ដែងទាំងអស់ រីឯរូបភាពផ្សព្វផ្សាយផលិតផលទាំងឡាយក៏ត្រូវបានលុបចោល និងដកចេញពីគ្រប់ផ្ទាំងផ្សព្វផ្សាយទាំងអស់ក្នុងប្រទេសចិន។
ថ្វីបើមិនមានការបញ្ជាក់ជាផ្លូវការណាមួយឡើយពីមូលហេតុដែលរូបនាងស្រាប់តែបាត់ខ្លួនពីវិស័យសិល្បៈ តែមនុស្សជាច្រើនជឿថាអាចមកពីរឿងអាស្រូវដែលនាងធ្លាប់សាងកន្លងមក បូករួមនឹងការរឹតបន្ដឹងច្បាប់ក្នុងវិស័យសិល្បៈចិនទើបធ្វើឱ្យនាងមិនអាចបង្ហាញខ្លួនក្នុងរឿងភាគ ឬកម្មវិធីនានា។ មកទល់ពេលនេះ ស្ទើរតែមិនមានដំណឹងណាមួយពីតារាស្រីវ័យ ៤៧ ឆ្នាំនេះឡើយ ចាប់តាំងពីឆ្នាំ ២០២១ មក នាងត្រូវបានគេប្រទះឃើញចេញក្រៅជាសាធារណៈតែ ២ ទៅ ៣ ដងប៉ុណ្ណោះ នៅព្រលានយន្ដហោះ។
ថ្មីៗ នេះ រូបភាពរបស់នាងពីរសន្លឹកក៏ត្រូវបានចែករំលែកដោយមិត្តភក្ដិរបស់នាង ដើម្បីជាការអបអរនៅថ្ងៃកំណើតរបស់នាងនៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៣ កន្លងទៅ។ យោងតាមប្រភពព័ត៌មាន ET Today ក្រៅពីរូបភាពពីរសន្លឹកនោះ រូបនាងក៏បានផ្ញើសារជូនដល់អ្នកគាំទ្ររបស់ខ្លួនផងដែរ។
នាងបានអរគុណដល់ក្រុមអ្នកគាំទ្រដែលមិនបោះបង់រូបនាងចោល។ នាងបានទទួលសំបុត្រ និងការជូនពរជាច្រើននៅថ្ងៃខួបកំណើតពីអ្នកគាំទ្រ។ នាងសង្ឃឹមថាអ្នកគាំទ្រនឹងជួបតែរឿងល្អ រស់នៅដោយសប្បាយរីករាយ និងមានសុខភាពល្អ។ នាងពិតជាស្រឡាញ់អ្នកគាំទ្រទាំងអស់ខ្លាំងណាស់។
គួររំឮកថា ថ្វីបើបណ្ដាញសង្គម Weibo របស់នាងនៅមិនទាន់ត្រូវគេបិទជាផ្លូវការ ប៉ុន្ដែចាប់តាំងពីឆ្នាំ ២០២១ មករូបនាងក៏មិនដែលបានបង្ហោះរូបភាព ឬសារ អ្វីឡើយ ជាហេតុធ្វើឱ្យអ្នកគាំទ្ររបស់នាងមានការនឹករឭកជាខ្លាំង៕























Account
Security
Favourite Content