ថ្មីៗនេះ Zhao Liying បានទៅចូលរួមព្រឹត្តិការណ៍ផ្សព្វផ្សាយរបស់ក្រុមហ៊ុនមួយនៅទីក្រុង Tianjin ប្រទេសចិន ហើយក៏បានក្លាយជាប្រធានបទយ៉ាងក្តៅគគុកនៅលើបណ្ដាញសង្គម Weibo ខណៈមានអ្នកគាំទ្រមកចូលរួមយ៉ាងច្រើនកុះករ។


បង្ហាញមុខក្នុងកម្មវិធី តារាស្រីមេម៉ាយកូនមួយរូបនេះបានស្លៀករ៉ូបពណ៌ស បែបសុភាពរមទម តែស្រស់ឆើតឆាយ និងម៉ូដសក់បួងទៅក្រោយដែលបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង។ មតិជាច្រើនលើកឡើងថា តាំងពីសម្រាលកូនមក Zhao Liying កាន់តែមានសម្រស់ស្រស់ស្អាត និងស្រស់ថ្លាជាងមុនទៅទៀត។



យោងតាមប្រព័ន្ធផ្សព្វផ្សាយ អ្នកគាំទ្ររបស់តួឯកស្រី “និស្ស័យស្នេហ៍ដាវទេព” រូបនេះជាច្រើនបានរង់ចាំនៅខាងក្រៅផ្សារយ៉ាងអន្ទះអន្ទែង ដើម្បីបានជួបអាយដលរបស់ខ្លួន ហើយគ្រាន់តែផ្សារនេះបានបើកភ្លាម ក៏មានអ្នកគាំទ្រសម្រុកចូលយ៉ាងច្រើនកុះករធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង។ មិនត្រឹមតែមានអ្នកមកមើលកកកុញនៅជាន់ទី១ទាំងមូលនោះទេ ប៉ុន្តែក៏មានអ្នកគាំទ្រជាច្រើនបានទៅឈរនៅជាន់ខាងលើដើម្បីបានឃើញសម្រស់ Zhao Liying ដែរ។


គួរបញ្ជាក់ថា បន្ទាប់ពីលែងលះ Zhao Liying បានចំណាយពេលច្រើនជាមួយកូនប្រុស និងការងារសម្តែង ហើយកម្របានចូលរួមកម្មវិធីនានាណាស់។ ដូច្នេះហើយ រាល់ពេលដែលនាងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ផ្សេងៗ នាងតែងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។
កើតនៅឆ្នាំ ១៩៨៧ Zhao Liying ត្រូវបានគេចាត់ទុកថាជាតារា Grade A មួយរូបរបស់វិស័យសិល្បៈចិននាពេលបច្ចុប្បន្ន ហើយជាច្រើនឆ្នាំមកនេះ នាងនៅតែរក្សាបានទាំងរូបសម្រស់ និងប្រជាប្រិយភាពបានយ៉ាងល្អ ៕
































Account
Security
Favourite Content