ថ្មីៗនេះតារាសម្តែងអាមេរិក Will Smith បានអបអរខួបកំណើត ៧០ ឆ្នាំរបស់កំពូលតារាក្បាច់គុន Jackie Chan ឬ ឈិន ឡុង ជាមួយនឹងសារដ៏រំជួលចិត្តលើ Instagram ដោយបានកោតសរសើរចំពោះឥទ្ធិពលល្អៗដែលតារាជើងចាស់រូបនេះបានបន្សល់ទុកឱ្យគ្រួសាររបស់លោក តាំងពីកូនប្រុសពៅរបស់លោកគឺ Jaden Smith បានរួមសម្ដែងជាមួយ ឈិន ឡុង ក្នុងរឿង “The Karate Kid” កាលពីឆ្នាំ២០១០។


ភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹករបស់កូនប្រុស និងឈិន ឡុង តារាសម្ដែង Will Smith បានសរសេរថា៖ “រីករាយថ្ងៃខួបកំណើតគម្រប់ ៧០ ឆ្នាំ ដល់ My Guy @jackiechan!! លើសពីការបង្កើតខ្សែភាពយន្តច្រើនរឿងដែលខ្ញុំចូលចិត្ត និងឈុតឆាកអស្ចារ្យៗជាច្រើនក្នុងភាពយន្ត ខ្ញុំក៏សូមអរគុណគាត់ខ្លាំងបំផុតសម្រាប់ការជួយចិញ្ចឹមអប់រំ Jaden។ ពេលវេលារបស់យើងជាមួយលោកនៅទីក្រុងប៉េកាំងក្នុងកំលុងពេលថតរឿង Karate Kid បានបន្សល់ទុកនូវឥទ្ធិពលជាអមតៈសម្រាប់គ្រួសាររបស់យើងទាំងមូល។ ពួកយើងសូមជូនពរលោកជាមួយសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត”។



ក្នុងឱកាសខួបកំណើតនេះដែរ (ថ្ងៃទី៧ ខែមេសា) លោក ឈិន ឡុង ក៏បានបង្ហោះសារនៅលើបណ្ដាញសង្គមរបស់ខ្លួន ដោយបង្ហាញពីអារម្មណ៍ដឹងគុណដែល «អាចរស់ដល់ចាស់បាន» ជាពិសេសបន្ទាប់ពីលោកបានប្រើប្រាស់រាងកាយយ៉ាងធ្ងន់ធ្ងរអស់ជាច្រើនឆ្នាំមកនេះ។
ឆ្លៀតក្នុងឱកាសនេះ លោកក៏បានប្រាប់អ្នកគាំទ្រកុំឱ្យព្រួយបារម្ភអំពីរូបថតថ្មីៗរបស់លោកជាមួយសក់ស្កូវសំព្រុស ដោយពន្យល់ថាលោកគ្រាន់តែធ្វើខ្លួនឱ្យមើលទៅចាស់សម្រាប់ថតខ្សែភាពយន្តថ្មីប៉ុណ្ណោះ។
លោកបានបន្ថែមថា៖ “ប៉ុន្មានឆ្នាំមកនេះ ខ្ញុំតែងតែមានឆន្ទៈក្នុងការសាកល្បងនូវអ្វីដែលថ្មីសម្រាប់ភាពយន្ត មិនថាវាជារឿងដ៏លំបាក ឬការផ្លាស់ប្ដូររូបរាងសម្រាប់តួអង្គនោះទេ។ ខ្ញុំប្រឡូកក្នុងអាជីវកម្មកម្សាន្តអស់រយៈពេល ៦២ ឆ្នាំមកហើយខ្ញុំក៏រីករាយគ្រប់ពេលវេលា ព្រោះខ្ញុំមានសំណាងដែលនៅតែអាចថតរឿងដល់សព្វថ្ងៃ”។ ជាចុងបញ្ចប់ លោកបានអរគុណអ្នកគាំទ្រសម្រាប់សារជូនពរក្នុងខួបកំណើតរបស់លោក និងបានជូនពរឱ្យគ្រប់គ្នាមានក្ដីសុខ និងសុខភាពល្អ ៕


























































Account
Security
Favourite Content