នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ សមាជិកក្រុមចម្រៀងបុរស SHINee ២ រូបគឺ Minho និង Key ត្រូវបានគេរាយការណ៍ថាអ្នកទាំងពីរសម្រេចចិត្តបន្ដកុងត្រាជាមួយផលិតកម្ម SM ដោយលើកឡើងពីទំនុកចិត្តដែលពួកគេមានជាច្រើនឆ្នាំជាមួយក្រុមហ៊ុន។

ដើម្បីអបអរសាទរខួបលើកទី ១៦ ឆ្នាំរបស់ក្រុមក្នុងឆ្នាំនេះ SHINee បានបង្ហាញទេពកោសល្យពិសេសជាមួយស្ទីលចម្រៀងប្លែកៗដែលមិនធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេអស់សង្ឃឹមនោះឡើយ។ ជាក់ស្ដែងថ្មីៗនេះ SHINee បានបញ្ចប់ការប្រគុំតន្រ្តីទេសចរណ៍អាស៊ីយ៉ាងជោគជ័យ និងការប្រគុំតន្រ្តីទោលនៅហុងកុងដោយបានបង្ហាញនូវប្រជាប្រិយភាពមិនចេះធ្លាក់ចុះរបស់ពួកគេទៀតផង។

គួរកត់សម្គាល់ថាការបន្តកុងត្រាលើកនេះរបស់ Minho និង Key គឺមិនត្រឹមតែសម្រាប់សកម្មភាពក្រុមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការខិតខំប្រឹងប្រែងបង្ហាញនូវសកម្មភាពទោលរបស់ពួកគេផងដែរ។ សម្រាប់ Key គឺជាសិល្បករម្នាក់ដែលត្រូវបានគេទទួលស្គាល់យ៉ាងច្បាស់នូវស្ទីលតន្រ្តី និងគំនិតនៃការសម្ដែងដោយមានរួមបញ្ចូលជាមួយការកម្សាន្ដទៀតផង។

ទន្ទឹមនឹងនេះ Minho បានបង្ហាញសមត្ថភាពតាមរយៈការសម្ដែងក្នុងខ្សែភាពជាច្រើនប្រភេទទៅតាមចរិតនៃតួអង្គផ្សេងៗ។ លើសពីនេះ លោកក៏គ្រោងនឹងចេញអាល់ប៊ុមខ្នាតតូច ឬ mini-album ដោយបង្ហាញអារម្មណ៍ក្នុងនាមជាសិល្បករទោល និងការបន្ដអាជីពជាតារាចម្រៀង។

ក្នុងឱកាសនេះផងដែរ Key និង Minho នឹងសម្ដែងការដឹងគុណចំពោះអ្នកគាំទ្ររបស់ខ្លួនដោយសង្កត់លើការប្ដេជ្ញាចិត្តស្វែងរករសជាតិសិល្បៈថ្មីៗ និងសហការជាមួយក្រុមហ៊ុនជូនអ្នកគាំទ្រទៀតផង។ ជាការឆ្លើយតប ផលិតកម្ម SM ក៏បានបញ្ជាក់អំពីគោលជំហររបស់ខ្លួនច្បាស់ៗក្នុងការគាំទ្រអ្នកទាំងពីរក្នុងនាមជាសិល្បករទោល និងសមាជិក SHINee តាមរយៈការផ្ដល់ជំនួយជាធនធានឱ្យបានច្រើនតាមដែលអាចធ្វើបានផងដែរ៕























































Account
Security
Favourite Content