នៅថ្ងៃទី៣០ ខែតុលានេះ តុលាការទីក្រុងសេអ៊ូលបានចេញសេចក្ដីសម្រេចដំបូងទាក់ទងនឹងជម្លោះផ្លូវច្បាប់រវាង ADOR និង NewJeans ដោយសម្រេចឱ្យភាគីខាង ADOR ឈ្នះក្ដី មានន័យថា NewJeans នៅតែស្ថិតក្រោមការគ្រប់គ្រង់របស់ទីភ្នាក់ងារដដែល។ យ៉ាងណាមិញ អ្នកតំណាងផ្លូវច្បាប់របស់ NewJeans បានប្រាប់អ្នកសារព័ត៌មានថា ពួកគេនឹងដាក់ពាក្យបណ្ដឹងតវ៉ាម្ដងទៀត។

តុលាការបានលើកឡើងថា កិច្ចសន្យាផ្ដាច់មុខរវាងដើមណ្តឹង ADOR និងចុងចោទ NewJeans នៅតែមានសុពលភាព ដោយតុលាការបានសម្រេចបន្ថែម ឱ្យចុងចោទជាអ្នករ៉ាប់រងការចំណាយទាំងអស់ដែលទាក់ទងនឹងបណ្តឹងនេះ។
តុលាការបានផ្ដល់ហេតុផលថា៖ “ការបណ្តេញ Min Hee Jin ចេញពីតំណែងជានាយកប្រតិបត្តិរបស់ ADOR មិនផ្តល់ភាពស្របច្បាប់សម្រាប់ការបញ្ចប់កិច្ចសន្យាផ្តាច់មុខរបស់សមាជិក NewJeans នោះទេ។ វាពិបាកក្នុងការសន្និដ្ឋានថា ការបណ្តេញ Min Hee Jin ចេញពីក្រុមហ៊ុន ប៉ះពាល់ទៅដល់សកម្មភាពការងាររបស់ក្រុម ឬធ្វើឱ្យ ADOR មិនអាចបន្ដអាជីវកម្មរបស់ខ្លួនដើម្បីផលប្រយោជន៍របស់ NewJeans បាន”។

យ៉ាងណាមិញ បច្ចុប្បន្ននេះ តុលាការបានបើកឱ្យភាគីទាំងអាចដាក់បណ្ដឹងឧទ្ធរណ៍ត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រសិនបើភាគីទាំងពីរមិនមាននរណាប្ដឹងឧទ្ធរណ៍ទេ NewJeans នឹងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ ADOR ដូចដើម មុននឹងកិច្ចសន្យាផ្ដាច់មុខផុតសុពលភាពនៅខែកក្កដា ឆ្នាំ២០២៩។
ក្រោយចេញសេចក្ដីសម្រេចភ្លាមៗ តំណាងផ្លូវច្បាប់របស់ NewJeans បានប្រកាសពីផែនការក្នុងដាក់ពាក្យបណ្តឹងឧទ្ធរណ៍ត្រឡប់ទៅវិញ។ តំណាងផ្លូវច្បាប់របស់សមាជិកទាំង ៥នាក់បាននិយាយថា៖ “ស្របពេលដែលយើងគោរពការសម្រេចចិត្តរបស់តុលាការ អតិថិជនរបស់យើងនៅតែមានជំហរថា វាពិបាកក្នុងការវិលត្រឡប់ទៅស្ថិតក្រោមការគ្រប់គ្រងរបស់ ADOR និងបន្តសកម្មភាពការងារឡើងវិញ នៅពេលដែលទំនុកចិត្តទាំងអស់រវាងភាគីទាំងពីរត្រូវបានបំផ្លាញអស់ទៅហើយ។ យើងសង្ឃឹមថាតុលាការឧទ្ធរណ៍នឹងពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវភស្តុតាង និងច្បាប់ដែលមានស្រាប់លើកិច្ចសន្យាផ្តាច់មុខ ដើម្បីឈានដល់ការម្រេចចិត្តយ៉ាងសមហេតុផល”៕
























Account
Security
Favourite Content