ក្រោយបញ្ចប់ការសម្ដែងក្នុងកម្មវិធីបើក SEA Games លើកទី ៣៣ នៅយប់ថ្ងៃទី៩ ខែធ្នូនេះ Violette Wautier បានបង្ហាញការសោកស្ដាយនៅលើគណនី Facebook ដោយនិយាយថា ក្រុមការងាររៀបចំកម្មវិធីនៅក្នុងប្រទេសថៃ បានបំផ្លាញក្ដីសុបិន កេរ្តិ៍ឈ្មោះ និងកិត្តិយសដែលនាងខំកសាង។

នៅក្នុងសំណេរដែលបង្ហោះនៅលើ Facebook តារាស្រី Violette Wautier បានរៀបរាប់ថា៖ “ទាក់ទងនឹងការសម្ដែងក្នុងពិធីបើកស៊ីហ្គេម ២០២៥ ដែលកើតឡើងនៅថ្ងៃនេះ មនុស្សជាច្រើនប្រហែលជាបានឃើញពីការច្រៀងខុសបច្ចេកទេសខ្លាំងរបស់ Vee ក្នុងពេលផ្សាយផ្ទាល់ហើយ។ សូមនិយាយត្រង់ៗថា ខ្ញុំពិតជាសោកស្ដាយយ៉ាងខ្លាំង ហើយហេតុការណ៍នេះគឺជាកំហុសឆ្គងដ៏ពិតប្រាកដមួយ”។
នាងបកស្រាយថា ក្រុមការងារបានឱ្យអ្នកចម្រៀងទាំង ៣ ច្រៀងចាក់ឌីស (Lip Sync) ១០០ភាគរយ ព្រោះតែបញ្ហាបច្ចេកទេស ស្របពេលដែលនាងក៏បានយល់ព្រម។ តាមកិច្ចព្រមព្រៀងនេះ នាងគិតថាក្រុមការងារនឹងមិនបើកមេក្រូទេ តែនាងសម្រេចចិត្តថា នឹងច្រៀងចេញមកធម្មតាដើម្បីឱ្យមើលទៅឱ្យដូចពិត។ យ៉ាងណាមិញ ក្រុមការងារបែរជាបើកមេក្រូ ស្របពេលដែលនាងមិនអាចស្ដាប់សំឡេងខ្លួនឯងក្នុង Ear Monitor បាន។
តារាស្រីរៀបរាប់ថា៖ “និយាយដោយស្មោះត្រង់ទៅ ខ្ញុំមានអារម្មណ៍ថាកេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ អាជីព និងក្តីសុបិនរបស់ខ្ញុំត្រូវបានបំផ្លាញ។ នៅពេលនេះ Vee ប្រហែលជាធ្វើអ្វីមិនបានទេ ព្រោះការសម្ដែងបានចប់ទៅហើយ។ យ៉ាងណាមិញ Vee សុំឱកាសអាចបកស្រាយ និងការពារខ្លួនឯងឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន”។

Violette Wautier ប្រាប់ទៀតថា៖ “ពេញមួយជីវិតរបស់ខ្ញុំជាសិល្បករ Vee កម្រនឹង Lip Sync ណាស់។ ដូច្នេះ Vee មានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង។ យ៉ាងហោចណាស់ ប្រសិនបើខ្ញុំមានឱកាសច្រៀងផ្ទាល់ ទោះបីជាវាចេញមកមិនល្អក៏ដោយ ខ្ញុំនឹងមានអារម្មណ៍ល្អជាងនេះ ព្រោះវាជាសមត្ថភាពរបស់ខ្ញុំ”។
មុននឹងបញ្ចប់ Violette Wautier បានបញ្ជាក់ថា នាងមិនមានគោលបំណងបន្ទោសនរណាទេ តែការចេញមកនិយាយបែបនេះ គឺដើម្បីការពារកត្តិយស និងកេរ្តិ៍ឈ្មោះរបស់ខ្លួនឯង។
គួរឱ្យដឹងផងដែរថា នៅក្នុងពិធីបើកកម្មវិធីស៊ីហ្គេម លើកទី ៣៣ លើទឹកដីប្រទេសថៃនេះ Violette Wautier បានបកស្រាយបទ One Percent ដែលជាបទចម្រៀងផលិតឡើងសម្រាប់ការកម្មវិធីកីឡានេះតែម្ដង ជាមួយនឹងតារារ៉េប Twopee និង Golf F.Hero៕
























Account
Security
Favourite Content