បន្ទាប់ពីឈ្នះពានរង្វាន់តារាសម្ដែងឆ្នើម TVB ពីរដងក្នុងឆ្នាំ ២០២១ និងបានថតរឿងភាគជាច្រើនរួចមក បច្ចុប្បន្ន Vincent Wong កំពុងផ្ដោតលើការអភិវឌ្ឍអាជីពសម្ដែងរបស់លោកក្នុងប្រទេសចិន។ យោងតាមវីដេអូសម្ភាសជាមួយតារាស្រី Sharon Chan ថ្មីៗនេះ តារាសម្ដែងប្រុសវ័យ ៤០ ឆ្នាំរូបនេះបានទម្លាយពីអារម្មណ៍តានតឹងដោយសារទិសដៅការងាររបស់ខ្លួនធ្លាប់មានភាពស្រពេចស្រពិល។

ក្រោយបានឈ្នះពានរង្វាន់តារាសម្ដែងឆ្នើមបំផុតក្នុងរឿង Legal Mavericks និងរឿង Legal Mavericks II លោកមានអារម្មណ៍ថាលោកបានវិលវល់ដោយលោកធ្លាប់បានគិតថាគ្រាន់តែឈ្នះពានរង្វាន់គឺមានន័យ និងគ្រប់គ្រាន់ហើយសម្រាប់បញ្ជាក់ពីសមត្ថភាពរបស់លោក។ ប៉ុន្តែតាមពិតទៅលោកមិនអាចបញ្ឈប់ការគិតពីគោលដៅជីវិត និងអ្វីថ្មីដែលលោកគួរធ្វើបន្ទាប់ពីនេះនោះទេ។

ក្រោយមក Vincent Wong លោកក៏បានដកឃ្លាចេញពីការគិតដ៏ស្មុគស្មាញមួយនេះ ហើយគិតថាវាមិនមានប្រយោជន៍អ្វីឡើយដែលលោកខ្វល់ខ្វាយច្រើនបែបនេះ។ ដូច្នេះលោកបានកំណត់គោលដៅមួយជាក់លាក់ឱ្យបានល្អព្រមទាំងព្យាយាមពង្រឹងសមត្ថភាពផ្នែកសម្ដែងឱ្យបានកាន់តែល្អតាមអាចធ្វើបានជូនប្រិយមិត្តអ្នកគាំទ្ររបស់លោក។


មិនយូរប៉ុន្មាននោះទេ Vincent អាចនឹងចាប់ផ្ដើមចូលរួមក្នុងកម្មវិធីមួយរបស់ប្រទេសចិនដើម្បីទទួលបទពិសោធន៍ថ្មី និងបង្កើនកម្រិតនៃភាពល្បីល្បាញរបស់លោកឱ្យបានកាន់តែធំជាងមុនផងដែរ។ យោងតាមគេហទំព័រ BinFUN Star Network តារាសម្ដែងប្រុសរូបនេះបាននិយាយថាកាលពីក្មេងក្ដីស្រមៃរបស់លោកគឺមិនមែនជាតារាសម្ដែងនោះទេដោយសារលោកចូលចិត្តផ្នែកគំនូរសិល្បៈ។

ប៉ុន្តែក្រោយបានស្ដាប់រឿង Four Heavenly Kings លោកបានបង្វែរអារម្មណ៍ស្រឡាញ់ចូលចិត្តមកផ្នែកតន្រ្ដី និងសម្ដែងវិញ ហើយថែមទាំងបានចុះឈ្មោះចូលរៀនកម្មវិធីថ្នាក់សម្ដែងយុវវ័យនៅ TVB ទៀតផង។ នៅក្នុងវ័យ ២០ ឆ្នាំលោកបានចាប់អាជីពជាតន្រ្តីករ បន្ទាប់មកទើបផ្លាស់ប្ដូរមកធ្វើជាតារាសម្ដែងដោយកាលនោះលោកគ្រាន់ជាតួរងប៉ុណ្ណោះ។

ជាមួយការព្យាយាមបញ្ចេញទេពកោសល្យ លោកក៏អាចគ្រងតំណែងតួឯកប្រុសក្នុងរឿងភាគជាច្រើនជាហូរហែរ។ ក្រោយការប្រឹងប្រែងរបស់ Vincent Wong ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើឱ្យលោកទទួលបានពានរង្វាន់ជាតារាសម្ដែងឆ្នើមបំផុតដល់ទៅ ២ ម្នាក់ឯង៕


























































Account
Security
Favourite Content