បើទោះជាបេសកកម្មឡើងសម្ដែងបិទកម្មវិធីអូឡាំពិករដូវក្ដៅឆ្នាំ ២០២៤ នៅប៉ារីសប្រទេសបារាំងចប់ជិត ១ សប្ដាហ៍ ទៅហើយ តែប្រធានបទទាក់ទងនឹងរឿង វណ្ណដា នៅតែត្រូវបានមហាជនលើកមកជជែកមិនទាន់អស់ឡើយ។
ទាំង វណ្ណដា និងតារាចម្រៀងល្បីៗដែលបានឡើងសម្ដែងនារាត្រីអាទិត្យទី ១១ ខែសីហា កន្លងទៅ ហាក់នៅមិនទាន់អស់អាល័យពីអូឡាំពិករដូវក្ដៅឡើយ ដោយម្នាក់ៗបន្តរំលឹកអនុស្សាវរីយ៍ជាច្រើនលើបណ្ដាញសង្គម។


នៅពេលរូបភាពដែលម្ចាស់បទ «Time To Rise» ឈរក្នុងចំណោមតារាល្បីៗលំដាប់ពិភពលោកជាច្រើន អ្នកគាំទ្រឃើញហើយពិតជារំភើប និងមិននឹកស្មានថាសិល្បករខ្មែររូបនោះ អាចធ្វើឲ្យបរទេសទទួលស្គាល់ពីសមត្ថភាព ទេពកោសល្យ និងភាពអស្ចារ្យនៃតន្ត្រីខ្មែរ។ អ្វីដែលសំខាន់នោះ គឺតារារ៉េប វណ្ណដា បានឲ្យស្ថាប័នសារព័ត៌មានធំៗជុំវិញពិភពលោកមិនថានៅប៉ែកអឺរ៉ុប ឬនៅអាស៊ីសុទ្ធតែសរសើរពីភាពលេចធ្លោរបស់លោកបាន។
ក្រៅពីកាសែតនៅបារាំងជាច្រើនស្ថាប័នបានចុះផ្សាយពី វណ្ណដា ហើយនោះ IG របស់ទស្សនាវដ្តីដ៏ធំរបស់អាមេរិក Rolling Stone ក៏បាន add story រូបភាពជុំគ្នារវាងសិល្បករជាច្រើន ត្រៀមសម្ដែងបិទអូឡាំពិក ក្នុងនោះក៏មានរូបភាពតារាខ្មែរ រូបនេះដែរ។
អ្នកគាំទ្របានចោទជាសំណួរថា តើរយៈពេលប៉ុន្មានទៀត ទើបសិល្បករខ្មែរអាចមកឈរជើងជុំគ្នាជាមួយតារាល្បីៗលំដាប់ពិភពលោកបែបនេះម្ដងទៀត? ស្របពេលជាមួយគ្នានោះដែរ អ្នកគាំទ្រម្ចាស់បទ «ស្រណោះ» នៅមិនភ្លេចអរគុណ វណ្ណដា ដែលបានជួយលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិកន្លងមក។

សម្រាប់ ម៉ាន់ វណ្ណដា គ្រាន់តែមកដល់មាតុភូមិភ្លាម បានបង្ហោះរូបភាពជាមួយសិល្បករល្បីៗដូចជាក្រុម Phoenix, Angèle, ក្រុមVampire Weekend, Kavinsky និង AIR ទាំងសកម្មភាពសមឆាកមុនកម្មវិធីមកដល់ ព្រមទាំងរូបក្រោយឆាកជាច្រើន ហើយក៏ត្រូវបានតារាចម្រៀង Angèle និងតន្ត្រីករ Victor le Masne ចូលទៅ like និងបញ្ចេញមតិផងដែរ៕





























































Account
Security
Favourite Content