តារាប្រុស Kim SeonHo និងតារាស្រី Suzy ត្រូវបានរាយការណ៍ថា នឹងត្រៀមចាប់ដៃគ្នាម្ដងទៀតសម្ដែងក្នុងរឿងភាគ “Hypnosis”។ ដំណឹងនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់មានអារម្មណ៍រីករាយខ្លាំង ដោយសារអ្នកទាំងពីរមានឱកាសសម្ដែងរួមគ្នាម្ដងទៀត ក្រោយសម្ដែងរឿង “Start-Up” កាលពី ៤ ឆ្នាំមុន។
យោងតាមប្រភពព័ត៌មានកូរ៉េ News1 នៅល្ងាចថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៤ បានឲ្យដឹងថា តារាស្រី Suzy ត្រូវបានជ្រើសរើសរួចរាល់ ក្នុងការសម្ដែងជាតួឯកស្រីក្នុងរឿង “Hypnosis” ខណៈតួឯកប្រុសកំពុងបានពិភាក្សា និងចរចាយកតារាប្រុស Kim SeonHo។ តារាប្រុសស្រីទាំងពីរធ្លាប់បានសម្ដែងជាមួយគ្នា ក្នុងរឿងភាគល្បី “Start-Up” របស់ tvN ដែលបានចេញក្នុងឆ្នាំ ២០២០។
“Hypnosis” ជារឿងភាគដែលនិយាយពីសាច់រឿងកើតឡើងក្នុងឆ្នាំ ១៩៣៥ Gyeongseong។ ផលិត និងដកស្រង់ចេញពី Webtoon មានឈ្មោះល្បីចំណងជើង “Hypnosis” រឿងនេះនិយាយពីជីវិតរបស់ជាងគំនូរបុរាណម្នាក់ឈ្មោះ Yoon Yiho និង Song JungHwa ដែលជាបិសាចជញ្ជក់ឈាម។
គួរបញ្ជាក់ថា មុននេះតារាប្រុស Ryu JunYeol និងតារាស្រី Han So-Hee ត្រូវបានរាយការណ៍ថា សម្ដែងជាតួឯកក្នុងរឿងភាគ “Hypnosis” តែដោយសាររឿងអាស្រូវស្នេហារបស់អ្នកទាំងពីរ ចុងក្រោយក៏ប្រកាសដកខ្លួនចេញវិញ។ រឿងភាគ “Hypnosis” នឹងត្រូវបញ្ចប់ការរើសតួឆាប់ៗ និងចាប់ផ្ដើមថតនៅចុងឆ្នាំ ២០២៤៕