វណ្ណថាន ម្ចាស់បទ «កំលោះស្រុកខ្មែរ» បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលក្រុមគ្រួសាររបស់លោកបានរៀបចំពិធីបុណ្យចម្រើនព្រះជន្មាយុ និងបច្ច័យបួន ជូនលោកឪពុក លី វ៉ាន់ថេត និងអ្នកម្តាយ ខៀវ សុខឹម កាលពីថ្ងៃទី ២៨-២៩ ខែ កក្កដា ឆ្នាំ ២០២៣ កន្លងទៅ។






ភ្ជាប់ជាមួយរូបថតទាំងនោះ វណ្ណថាន បានរៀបរាប់ថា «ពិធីបុណ្យចម្រើនព្រះជន្មាយុ និង បច្ច័យបួន ជូនលោកឳពុក និងអ្នកម្តាយខ្ញុំ សូមជូនពរឱ្យអ្នកមានគុណមានជន្មាយុយឺនយូរ កម្លាំងមាំមួន ព្រមទាំងសុខភាពល្អបរិបូរណ៍ ហើយក៏សូមជូននូវបុណ្យដែលយើងខ្ញុំទាំងអស់គ្នាបានធ្វើនេះទៅដល់ញាតិមិត្តបងប្អូនដែលបានចូលរួមផងដែរ»។
មិនត្រឹមរៀបចំពិធីបុណ្យចម្រើនព្រះជន្មាយុ និងបច្ច័យបួនជូនអ្នកមានគុណប៉ុណ្ណោះទេ អតីតសិស្សនៃសមាគមហ្វារពន្លឺសិល្បៈរូបនេះ ថែមទាំងឆ្លៀតលេងភ្លេងខ្មែរជាមួយក្រុមភ្លេងឧបករណ៍ខ្មែរបុរាណ រំលឹកដល់អនុស្សាវរីយ៍កាល ១០ ឆ្នាំមុន ជំនាន់លោកដើរលេងភ្លេងតាមរោងបុណ្យទាននានា។ ក្នុងវីដេអូនោះ វណ្ណថាន បានលេង គងតូច ជាឧបករណ៍ភ្លេងខ្មែរមួយក្នុងចំណោមឧបករណ៍ភ្លេងខ្មែរបុរាណដែលគេតែងតែប្រគំតាមពិធីបុណ្យផ្សេងៗ។ កំលោះសង្ហាសម្បុរស្រអែមស្រស់ វណ្ណថាន ដែលមានឈ្មោះពិតថា លី វណ្ណថាន លេងឧបករណ៍ភ្លេងខ្មែរបានយ៉ាងស្ទាត់ជំនាញ ស័ក្តិសមជាឈាមជ័រតន្រ្តីករបុរាណពិតមែន។




គួររំលឹកផងដែរថា សិល្បករក្នុងផលិតកម្ម បារមី រូបនេះ ចេះឧបករណ៍ភ្លេងតាំងពីអាយុ ៨ ឆ្នាំមកម៉្លេះ ដោយលោកពីឪពុកលោក ជាតន្ត្រីករបុរាណតែងតែយកលោកទៅតាមពេលគាត់ទៅលេងភ្លេង ដូច្នេះរសជាតិនៃតន្រ្តី និងឧបករណ៌ភ្លេងខ្មែរបានដិតដាមក្នុងចិត្តលោកតាំងពីពេលនោះមកម៉្លេះ។ កន្លងមក វណ្ណថាន ធ្លាប់ទម្លាយឱ្យដឹងថា លោកមានសមត្ថភាពអាចលេងឧបករណ៍តន្រ្តីសម័យ-បុរាណ និងឧបករណ៍ភ្លេងផ្សេងៗសរុប ២៨ ប្រភេទផ្សេងគ្នា ថែមទាំងមានសមត្ថភាពអាចច្រៀងបានផងដែរ ដោយលោកមានទឹកដមសំនៀងពីរោះរណ្តំចិត្តអ្នកស្តាប់តែម្តង។
ប្រជាប្រិយភាព វណ្ណថាន ផ្ទុះឡើងខ្លាំងលើសពីការរំពឹងទុក ក្រោយបទ «កំលោះស្រុកខ្មែរ» ទម្លាក់លើទីផ្សារ និងផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដី តាំងពីក្នុងប្រទេសធ្លាយរហូតដល់ទីផ្សារអន្តរជាតិ ដោយគេឃើញមានអ្នកម្ចាស់ឆានែលបរទេសល្បីៗនាំគ្នាយកបទនេះទៅធ្វើ Video Reaction ឡើងព្រោងព្រាត។ មកទល់ពេលនេះ បទ “កំលោះស្រុកខ្មែរ” មានអ្នកមើល 58M ហើយក្នុងឆាណែល YouTube លោក៕




























Account
Security
Favourite Content