ថ្មីៗនេះ Soobin មេក្រុម TXT បានបរិច្ចាគថវិកា ១០០ លានវ៉ុន (ប្រហែលជាង ៧ ម៉ឺនដុល្លារអាមេរិច) ដល់មន្ទីរពេទ្យកុមារទីក្រុងសេអ៊ូលដើម្បីជួយដល់កុមារពិការកំពុងត្រូវការជំនួយ។
ការបរិច្ចាគនេះផងដែរត្រូវបានប្រកាសឡើងដោយមន្ទីរពេទ្យផ្ទាល់នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានបង្ហាញថាទឹកប្រាក់ចំនួន ២០ លានវ៉ុនត្រូវចំណាយសម្រាប់រ៉ាប់រងលើថ្លៃព្យាបាលកុមារដែលប្រឈមមុខនឹងពិការភាពធ្ងន់ធ្ងរដូចជាការខូចខាតខួរក្បាល ការព្យាបាលស្ដារនីតិសម្បទាសម្រាប់កុមារងាយរងគ្រោះទាំងផ្លូវកាយ និងផ្លូវចិត្ត។ ចំពោះទឹកប្រាក់ ៨០ លានវ៉ុនដែលនៅសល់ត្រូវបែងចែកសម្រាប់លើកកម្ពស់បរិយាកាសព្យាបាលរបស់មន្ទីរពេទ្យ។
ទន្ទឹមនឹងនេះ មន្ទីរពេទ្យបានគូសបញ្ញាក់ថាកាលពីឆ្នាំមុនការបរិច្ចាគទឹកប្រាក់កើនឡើងរហូតដល់ ៩៤០ លានវ៉ុន (ប្រហែលជាង ៧០ ម៉ឺនដុល្លារអាមេរិច) ដោយជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបញ្ជូនទៅកាន់ប្រជាជនងាយរងគ្រោះផ្នែកវេជ្ជសាស្រ្តដែលកំពុងប្រឈមមុខនឹងបន្ទុកហិរញ្ញវត្ថុសម្រាប់ការចំណាយលើការថែទាំសុខភាព។
មិនត្រឹមប៉ុណ្ណេះ នាយកមន្ទីរពេទ្យក៏បានសម្ដែងការដឹងគុណទៅដល់ម្ចាស់ជំនួយទាំងអស់ដែលបានជួយឱ្យមន្ទីរពេទ្យក្លាយជាទីបង្អែកដ៏រឹងមាំសម្រាប់អ្នកត្រូវការការថែទាំសុខភាព។ ជាពិសេសលោកក៏មិនភ្លេចរំឭកពីការចូលរួមផ្ដល់ជំនួយរបស់តារាចម្រៀង Soobin មេក្រុម TXT ឡើយ៕