Gigi Lai ជាតារាស្រីហុងកុងជើងចាស់ល្បីម្នាក់របស់ស្ថានីយទូរទស្សន៍កំឡុងឆ្នាំ ២០០០ និងបានបង្ហាញខ្លួនក្នុងរឿងភាគល្បីៗ ជាច្រើនផងដែរ។ មែនទែនទៅ កំពុងតែមានភាពល្បីល្បាញ និងសម្បូរការងារធ្វើពេញដៃ រូបនាងក៏ស្រាប់តែបាត់ខ្លួនចេញពីពិភពសិល្បៈដែលធ្វើឱ្យមហាជនហាក់មានការនឹករលឹកដល់ការសម្ដែងរបស់នាង។
ថ្មីៗ នេះរូបនាងត្រូវបានគេអញ្ជើញចូលរួមកម្មវិធី “Dating With Lu Yu” និងបានរៀបរាប់ពីរឿងរ៉ាវដែលនាងបានឆ្លងកាត់ក្នុងជីវិតព្រមទាំងមូលហេតុធ្វើឱ្យនាងសម្រេចចិត្តលាឈប់ពីសិល្បៈបើទោះជាចិត្តនៅស្រឡាញ់យ៉ាងណាក៏ដោយ។ ចំពោះមូលហេតុដោយសារតែនាងត្រូវផ្ដោតលើជំនួញ និងក្រុមគ្រួសាររបស់ខ្លួន។
នាងបានលើកឡើងថា ក្នុងឆ្នាំ ២០០៧ ប្អូនប្រុសរបស់នាងបានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយដែលធ្វើឱ្យស្ទើរតែបាត់បង់ជីវិត។ មុនជួបគ្រោះថ្នាក់ប្អូនរបស់នាងមានជំនួញផ្ទាល់ខ្លួនមួយ និងកំពុងដំណើរទៅដោយរលូនផងដែរ ប៉ុន្ដែក្រោយកើតហេតុគឺគ្មាននរណាមើលការខុសត្រូវលើជំនួញរបស់ប្អូនប្រុសនាងឡើយ។ នាងបានដេកសញ្ជឹង ត្រូវបោះបង់ចោលជំនួញដែលប្អូននាងខិតខំធ្វើយ៉ាងលំបាក ឬយ៉ាងណា?

នាងបន្ដថា ជាលទ្ធផលនាងក៏សម្រេចចិត្តជួយមើលការខុសត្រូវលើជំនួញប្អូនប្រុសរបស់នាង និងឆ្លៀតមើលថែប្អូនប្រុសផងក្រែងលោស្ថានភាពរបស់គេប្រសើរជាងមុន។ ហើយកំឡុងពេលដែលមើលការខុសត្រូវលើជំនួញទាំងនោះ នាងក៏បានស្គាល់ស្វាមីរបស់នាងជាអ្នកជំនួញដូចគ្នាគឺលោក Patrick Ma និងបានរៀបការក្នុងឆ្នាំ ២០០៨។ នាងបានលើកឡើងទៀតថា នាងពិតជានឹកពេលវេលាដែលខ្លួននៅជាតារាសម្ដែង វាពិតជាសប្បាយរីករាយខ្លាំង។
គួរបញ្ជាក់ថា បច្ចុប្បន្នតារាស្រីវ័យ ៥១ ឆ្នាំរូបនេះមានទ្រព្យសម្បត្ដិច្រើនជាង ៤១ លានដុល្លារអាមេរិក នេះមិនទាន់រាប់បញ្ចូលនូវទ្រព្យសម្បត្ដិរបស់ស្វាមីរបស់នាងដែលជាសេដ្ឋីនៅហុងកុងលោក Patrick Ma ឡើយ៕

























Account
Security
Favourite Content