ក្រុមហ៊ុន Cambodia International Models (CIM) ថ្មីៗនេះទើបប្រកាសជ្រើសរើស ទ្រី តារាវុធ ជាតារាម៉ូដែលតំណាងកម្ពុជា ដើម្បីឡើងទទួលពានរង្វាន់ Model Star Award ពីកម្មវិធី 2023 Asia Model Festival នៅប្រទេសកូរ៉េ នាដើមខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ។ ពេលនេះម៉ូដែលរាងខ្ពស់ស្រឡះរូបនេះ កំពុងប្រញាប់ប្រញាល់រៀបចំឯកសារស្នើរសុំទិដ្ឋការ (VISA) ដើម្បីហោះចេញទៅកូរ៉េ ទទួលពានរង្វាន់។



ក្រឡេកមកការងារសិល្បៈនាពេលបច្ចុប្បន្នវិញនោះ កំលោះដែលមានដើមកំណើតនាខេត្តកណ្ដាលរូបនេះ មានការងារថតជាប់ជាហូរហែ។ តួយ៉ាង ថ្មីៗកន្លងទៅ តារាវុធ លោកបានចូលរួមថតខ្សែភាពយន្តភាគ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ហើយពេលនេះកំពុងថតរឿងភាគបុរាណខ្នាតធំ «អប្សរាមហាអង្គរ» ផងដែរ។


មិនទាន់អស់នៅឡើយទេ នៅដើមឆ្នាំក្រោយ ទ្រី តារាវុធ នឹងចូលរួមថតរឿងភាគខ្នាតធំថ្មីរបស់ភីអិនអិន គឺរឿង «កូនប្រសាស្រី» ដែលជាស្នាដៃតែងនិពន្ធ និងដឹកនាំរឿងរបស់អ្នកស្រី ពាន់ ភួងបុប្ផា និងមានគម្រោងរឿង «ប្រហុកស្រែស្នេហ៍ខ្ញុំ វគ្គ២» ទៀតផងដែរ បន្ទាប់ពីវគ្គ១ ទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីអ្នកនិយមទស្សនារឿងភាគខ្មែរ។ បន្ថែមពីលើនោះ លោកក៏នៅមានគម្រោងធំមួយទៀតជាមួយភីអិនអិន តែសុំមិនបញ្ជាក់លម្អិតឡើយ ព្រោះកំពុងស្ថិតក្នុងការពិចារណា។
តារាម៉ូដែល និងជាតារាសម្តែងរូបនេះ ទទួលស្គាល់ថា លោករៀងរវល់ច្រើននៅអំឡុងចុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤ ព្រោះមានគម្រោងការងារថ្មីៗចូលមកជាបន្តបន្ទាប់ទៀត។ ប៉ុន្តែសម្រាប់ការងារខាងក្រៅដូចជា ដើរម៉ូដ ពិធីករអញ្ញើញចូលរួមកម្មវិធីផ្សេងៗ គឺលោកទទួលធ្វើធម្មតា សំខាន់ឱ្យតែត្រូវរ៉ូវពេលវេលាគ្នា៕

























Account
Security
Favourite Content