ដូចប្រិយមិត្តបានដឹងហើយថា តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស អ្នកនាង សួស វីសា មានជំងឺរលាកបំពង់កកម្រិតធ្ងន់ រយៈពេលប្រមាណជិត២ឆ្នាំ រហូតស្ទើរតែបាត់បង់អាជីពតារាចម្រៀងទៅហើយ ប៉ុន្តែដោយសារទទួលបានការព្យាបាលពីគ្រូពេទ្យនៅថៃ បំពង់កនាងទើបប្រសើរឡើងបន្តិចម្ដងៗ ហើយនៅអំឡុងដើមឆ្នាំ ២០២៣ នាងមានលទ្ធភាពអាចស្រែកច្រៀងតាមឆាកប្រគំតន្រ្តីវិញបានដូចពីមុន។ ទៀតសោត នាងក៏បានត្រៀមចេញបទចម្រៀងថ្មីៗកំដរអារម្មណ៍អ្នកគាំទ្រ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងមកដល់នាពេលខាងមុខ។
និយាយពីស្ថានភាពជំងឺរបស់ម្ចាស់បទ «I’m Back» លោក ថមមី ដែលជាស្វាមីបានឱ្យដឹងក្នុងថ្ងៃក្រុងពាលីសង្ក្រាន្ត NNP ថា បច្ចុប្បន្ន បញ្ហាបំពង់ក វីសា សះស្បើយ ៩៥% ហើយ នៅសល់តែ ៥% ទៀតប៉ុណ្ណោះ។ តួយ៉ាង នៅពេលនាងគេងអត់ឆ្អែតគឺវារើឡើងបន្តិចបន្តួច តែបើសំឡេងចម្រៀងវិញគឺធម្មតា ១០០%។
ស្វាមី សួស វីសា បន្តថា តាមគ្រូពេទ្យប្រាប់ ជំងឺរលាកបំពង់ករបស់ភរិយាលោក អាចនឹងលាប់ឡើងវិញ ប្រសិនបើនាងស្រែក live វីដេអូខ្លាំងៗ តែបើគ្រាន់តែចម្រៀងធម្មតា គឺមិនអីនោះទេ។ តែអ្វីគួរឱ្យភ្ញាក់ផ្អើល ខណៈបំពងកភរិយាជិតជាសះស្បើយ ថមមី ស្រាប់តែទម្លាយឱ្យដឹងថា ការពិតទៅភរិយាលោកខូចសំឡេង ដោយសារតែលោក ព្រោះលោកជាមនុស្សសំឡេងធ្ងន់ហើយឮ ដូចនេះពេល live ជាមួយគ្នា វីសា ប្រឹងស្រែកតាមលោកខ្លាំងៗ ទើបធ្វើឱ្យសំឡេងនាងមានបញ្ហាបែបនេះ។

លើកឡើងពីរឿងនេះគេនៅចាំបានថា ក្នុងកិច្ចសម្ភាសន៍មួយកាលពីពេលកន្លងទៅ សួស វីសា បានឱ្យដឹងថា បំពង់កនាងមានដុំសាច់ ប្រហែលកើតឡើងដោយកត្តាគួបផ្សំជាច្រើន រួមទាំងនាងធ្លាប់កើតជំងឺកូវីដ-១៩ និងបព្ហាច្រមុះផងដែរ។ តែដោយសារក្រុមគ្រួសារជាអ្នកជឿលើរឿងផ្លូវក្នុងខាងអប្បិយជំនឿ នាងបានសាកល្បងប្រើវិធីសាស្ត្រនេះ រួចក៏បានជួបមីងម្នាក់ជាគ្រូទាយដែលជាប់សាច់ញាតិនាង ហើយគាត់បានប្រាប់នាងថា នាងខុសមាត់-ខុសក ទើបគេយកសំឡេងទៅលាក់ទុកនៅភ្នំអដ្ឋរស្ស ដោយសារនាងបន់ស្រន់សុំហើយ តែមិនធ្វើតាម មិនបំពេញតាមការសន្យា។ នៅពេលនាងសម្រេចបំណង ប៉ុន្តែពេលនោះនាងរកនឹកមិនឃើញថាបានសន្យាអ្វីនៅទីណានោះទេ ទើបមីងជាគ្រូទាយរម្លឹកឡើងពីពិធីសែនព្រេងទ្រង់ទ្រាយធំ ទើបនាងនឹកឃើញថា កាលពីប៉ុន្មានខែ មុននាងឈឺនាងបានរៀបចំពិធីសំពះគោរពដឹងគុណគ្រូទ្រង់ទ្រាយធំមួយ ដោយមានអញ្ជើញលោកគ្រូអ្នកគ្រូ និងសិស្សសាលារបាំជាច្រើននាក់ មកសំពះគោរពរម្លឹកដឹងគុណគ្រូ ដែលបានបង្ហាត់បង្រៀនចំណេះជំនាញ និងគ្រឹះសិល្បៈដល់នាងតាំងពីកុមារភាព។
សួស វីសា រៀបរាប់ថា នាងខុស ២ ចំណុច គឺទី១ ថ្ងៃនោះនាងបានឡើងរាំសំពះគ្រូនៅមុខព្រះភ័ក្ត្រខ្មុករបាំទាំងអស់ ដោយគ្មានឯកសណ្ឋានអ្នករបាំ (សំពត់បត់ អាវប៉ាក់) ថែមទាំងរាំដៀវជើងនៅមុខព្រះភ័ក្ត្រខ្មុករបាំទាំងអស់ទៀតផង។ ទី២ គឺនាងបានបន់ស្រន់អ្វីម៉្យាងនៅពេលនោះ តែខ្លួននាងមិនចាំថាបានបន់ស្រន់អ្វីនោះទេ ទើបគេខឹងហើយយកសំឡេងនាងទៅទុកដូច្នេះ។ ក្រោយដឹងរឿងនេះហើយ នាងនិងក្រុមគ្រួសារប្រញាប់ធ្វើពិធីបន់ស្រន់ខមាទោស សុំសំឡេងវិញ នាងស្រាប់តែមានអារម្មណ៍ថាចាប់ផ្តើមធូរស្បើយភ្លែតតែម្តង ធ្វើឱ្យក្រុមគ្រួសារនាងភ្ញាក់ផ្អើលជាខ្លាំង។
បន្ទាប់ពីជំងឺបានធូរស្បើយច្រើន សួស វីសា ចាប់ផ្តើមឡើងឆាកតន្រ្តីវិញដូចមុន និងត្រៀមចេញបទចម្រៀងថ្មីៗជាច្រើន ដែលក្នុងនោះមានទាំងបទចម្រៀងទោល និងបទចម្រៀងរួមគ្នាជាមួយ ថមមី ថែមទៀតផង៕























Account
Security
Favourite Content