ជារឿងធម្មតាសម្រាប់ប្រទេសកូរ៉េខាងត្បូងទៅហើយ ដែលបុរសគ្រប់រូបដែលមានអាយុ ២៨ ឆ្នាំ នឹងតម្រូវឱ្យចូលបម្រើការជាកងយោធា សឹងតែគ្មានករណីលើកលែង។ ដោយឡែកសម្រាប់ស្រ្តីវិញ បើទោះបីជាមិនមានការទាមទារឱ្យចូលរួមជាដាច់ខាត តែពួកគេនៅតែអាចចូលបម្រើក្នុងជួរកងទ័ពដោយការស្ម័គ្រចិត្តបាន។ តែតារាប្រុសប៉ុន្មានរូបនេះរួមមាន G-Dragon, Taecyeon និង Taemin ជាដើមទទួលបានការបំពានក្នុងរូបភាពផ្សេងៗ ជាពិសេសនៅពេលងូតទឹក រហូតប៉ះពាល់ដល់បញ្ហាផ្លូវកាយ និងផ្លូវចិត្ត។

ទាក់ទងជាមួយនឹងរឿងនេះ នៅក្នុងវីដេអូដែលមានចំណងជើង “Why Showering is Horror for K-pop Idols in the Military” ឬមានន័យជាភាសាខ្មែរថា “ហេតុអ្វីបានជាការងូតទឹកជារឿងដែលគួរឱ្យភ័យរន្ធត់ សម្រាប់តារា K-pop ក្នុងជួរយោធា?” របស់គណនី YouTube “Seoulite TV” បានលើកយករឿងរ៉ាវមួយចំនួនទាក់ទងនឹងប្រធានបទនេះ ជាពិសេសគឺរឿងរ៉ាវពីក្រោយការបំពានដែល G-Dragon, Taecyeon និង Taemin បានជួប នៅពេលដែលពួកគេបំពេញតួនាទីជានាយទាហាន។
១. G-Dragon សមាជិកក្រុម BIGBANG

អាចនិយាយបានថា G-Dragon ជាតារា K-pop មួយរូបដែលទទួលរងការរំលោភបំពានឯកជនភាពជាច្រើន នៅពេលដែលលោកចូលបម្រើការក្នុងជួរកងទ័ព។ បើទោះបីជាលោកខិតខំបង្កើតទំនាក់ទំនងជាមួយនឹងអ្នកដទៃទៀត និងប្រឹងប្រែងធ្វើខ្លួនជាមនុស្សធម្មតាម្នាក់ដើម្បីមិត្តភាពក្នុងជួរកងទ័ពក្ដី តែគ្រប់យ៉ាងវាផ្ទុយស្រឡះពីអ្វីដែលលោកព្យាយាម។
ម្ចាស់គណនី Seoulite TV បានរំឭកដល់បទពិសោធន៍របស់តារាល្បីៗជាច្រើនរូប ដែលបានបាត់បង់ឯកជនភាពនៅពេលដែលគេងូតទឹក។ ម្ចាស់គណនីរូបនេះ បានលើកឡើងថា៖ “មិនត្រឹមតែសម្លឹងមើលមកពួកគេនៅពេលងូតទឹកនោះទេ តារាគ្រប់រូបនិយាយថា មនុស្សម្នាតែងតែដើរទៅមកកាត់បន្ទប់ទឹកខ្លួនកំពុងប្រើប្រាស់ ដោយធ្វើដូចជាមិនចាប់អារម្មណ៍មើលមកពួកគេអ៊ីចឹង។ តែតាមពិតទៅ ពួកគេមានបំណងមកមើលខ្លួន”។

ដោយឡែក ករណីរបស់ G-Dragon វិញ មិនបានចប់ត្រឹមតែការលួចមើលតែប៉ុណ្ណោទេ តែពួកគេព្យាយាមគូររូបរាងរបស់លោក ដោយនេះជាការរំលោទសិទ្ធិឯកជនដែលមិនអាចទទួលយកបាន។ YouTuber រូបនេះបាននិយាយផងដែរថា៖ “មានការរាយការណ៍មួយបានប្រាប់ថា បុរសៗដែលជានាយទាហានទាំងនោះបានគូររូបរាងរបស់តារាចម្រៀង G-Dragon ដោយមានបញ្ចាក់ថាដងខ្លួនរបស់លោកមានអាចម៍រុយ ប្រជ្រុយ ស្នាមសាក់ និងស្លាកស្នាមផ្សេងៗនៅត្រង់ណាខ្លះ។ រូបគំនូរនេះ ដំបូងឡើយពួកគេធ្វើឡើងដើម្បីផ្ញើឱ្យមិត្តស្រីរបស់ខ្លួន តែផ្ទុយមកវិញវាបែរជាបានចែកចាយពេញបណ្ដាញអ៊ីនធឺណិតទៅវិញ”។
នៅក្នុងវីដេអូដដែល លោកក៏បានរៀបរាប់ពីការរំខានឯកជនភាពជាច្រើនទៀតដែលតារាវ័យ ៣៦ ឆ្នាំរូបនេះបានជួប មិនថាការដែលគេសម្លឹងមកគាត់នៅពេលញ៉ាំអាហារ ការលួចយកទ្រព្យសម្បត្តិផ្សេងៗ រួមទាំងខោក្នុង ក៏ដូចជាការចែកចាយព័ត៌មាននៃការព្យាបាលរបស់លោកនៅលើអ៊ីនធឺណិត ដោយពេទ្យទាហានទៀតផង។ នេះនៅមិនរាប់បញ្ចូលការព្យាយាមផ្សេងៗទៀតពីសំណាក់អ្នកខាងក្រៅ ដូចជាសារព័ត៌មាន Tabloid ព្យាយាមថតរូប និងយកព័ត៌មានផ្សេងៗពីរូបលោក បន្ថែមដោយញាត្តិមិត្តរបស់នាយទាហានផ្សេងៗដែលព្យាយាមចង់ជួបមុខលោក នៅពេលដែលទៅសួរសុខទុក្ខសាច់ញាត្តិរបស់ខ្លួន។
ទីបំផុត លោកក៏ត្រូវបានបំបែកចេញពីអ្នកដទៃ ដោយហេតុថាលោកទទួលរងការយាយីលើសកម្រិត។ វាគួរតែជារឿងដែលល្អសម្រាប់ G-Dragon ដែលអាចត្រឡប់មកមានទីតាំងមួយដែលលោកគិតថាមានសុវត្ថិភាព។ តែផ្ទុយមកវិញ លោកកាន់តែទទួលបានការយាយីខ្លាំងជាងមុនទៅទៀត ដោយគេបានរិះគន់លោកថាទទួលបានសិទ្ធិពិសេសជាងអ្នកឯទៀត។
២. Taecyeon សមាជិកក្រុម 2PM

YouTuber រូបនេះបានចែករំលែកពីការយល់ឃើញរបស់គាត់ទៅលើ Taecyeon ថា ក្នុងចំណោមអ្នកឯទៀត លោកជានាយទាហានម្នាក់ដែលមានស្ថានភាពល្អប្រសើរជាងគេ យ៉ាងហោចណាស់រូបរាងខាងក្រៅរបស់លោក។ ជាមួយនឹងរូបភាពជានាយទាហានដ៏ស្រស់សង្ហារបស់ Taecyeon អ្នកគាំទ្រតែងតែគិតថាលោករស់នៅសុខសប្បាយនៅពេលដែលបំពេញតួនាទី ក៏ប៉ុន្តែវាជាការយល់ព្រមបែបឈ្នះ-ឈ្នះមួយរបស់លោក។
ម្ចាស់គណនី Seoulite TV បានលើកឡើងថា តារាចម្រៀងសមាជិក 2PM រូបនេះបានតម្លើងទម្ងន់រហូតដល់ទៅ ១០គីឡូដើម្បីទទួលបានរូបរាងមួយឱ្យដូចទៅនឹងនាយទាហានរឿងអាមេរិក «G.I. Joe» ដែលមានរូបរាងធំឌាំង។ បន្ថែមពីនេះទៀត គេក៏ព្យាយាមថតរូបរបស់ Taecyeon ឱ្យមើលទៅឡូយសង្ហា រួមជាមួយនឹងការសម្ដែងផ្សេងៗទៀតនៅក្នុងកម្មវិធីរបស់កងយោធាផងដែរ។

ដោយឡែក នៅពេលដែលនិយាយពីវិបត្តិផ្សេងៗ តារាវ័យ ៣៥ឆ្នាំរូបនេះបានលើកឡើងថា គ្រប់យ៉ាងវាមិនអាក្រក់ពេកទេ លើកលែងតែពេលដែលលោកងូតទឹក។ YouTuber បានរៀបរាប់ថា៖ “មិត្តភក្ដិរបស់លោកតែងព្យាយាមរកកន្លែងដែលមានអ្វីបាំងភ្នែក ឬយ៉ាងហោចណាស់ក៏ជ្រុងណាមួយនៃបន្ទប់ទឹក ក៏ប៉ុន្តែវាមិនមែនចេះតែមានរហូតទេ”។
៣. Taemin សមាជិក SHINee

YouTuber រូបនេះ បានលើកឡើងថា សម្រាប់តារា K-pop ដែលលោកគិតថាជាករណីដែលគួរឱ្យអាណិតបំផុតគឺករណីរបស់ Taemin មកនិយាយ។ ជាក់ស្ដែង ជំនួសដោយការដែល Taemin ត្រូវបម្រើការជានាយទាហាន លោកបានបម្រើការជាបុគ្គលិកសាធារណៈម្នាក់ក្នុងជួរយោធា ដោយសារតែបញ្ហាបាក់ទឹកចិត្ត និងថប់បារម្ភរបស់លោក។
“ជាក់ស្ដែង លោកបានព្យាយាមព្យាបាលបញ្ហាផ្លូវចិត្ត តាមរយៈការប្រើប្រាស់ថ្នាំ និងការព្យាបាលផ្សេងៗ តែស្ថានភាពជំងឺរបស់ Taemin កាន់តែយ៉ាប់ទៅរហូតដល់ត្រូវផ្ទេរតួនាទីពីនាយទាហាន ទៅជាសមាជិកក្រុមតន្ត្រីរបស់យោធា”។ YouTuber រូបនេះបានបន្ថែមថា៖ “ក៏ប៉ុន្តែបើទោះជានៅក្នុងក្រុមតន្ត្រីនេះក៏ដោយ លោកនៅតែទទួលបានការយាយី ជាពិសេសនៅពេលដែលលោកងូតទឹក”។

បន្ទាប់ពីរៀបរាប់រឿងរ៉ាវអយុត្តិធម៌របស់តារាចម្រៀងទាំង ៣រូបរួច លោកក៏បានចែករំលែកការយល់ឃើញរបស់លោកទៅលើដំណោះស្រាយសម្រាប់បញ្ហាមួយនេះផងដែរ។
លោកយល់ឃើញថា៖ “អ្វីដែលលោកបានដឹងនោះគឺថា សម្រាប់តំណែងពិសេសមួយចំនួននៅក្នុងជួរយោធា ដូចជាវេជ្ជបណ្ឌិត ឬក៏និស្សិតពេទ្យ ពួកគេបម្រើការនៅក្នុងមន្ទីរពេទ្យរបស់ទាហាន និងទទួលបានកម្រៃច្រើនជាងអ្នកឯទៀត។ ហើយអ្វីដែលសំខាន់នោះ គឺពួកគេអាចរស់នៅអាផាតមិនផ្ទាល់ខ្លួនបាន បើទោះបីជាត្រូវចំណាយលុយជួលដោយខ្លួនឯងក៏ដោយចុះ។ ដូចនេះ ពួកគេ ក៏ដូចជាអ្នកដែលមានតំណែងពិសេសដទៃទៀតអាចត្រឡប់មកផ្ទះវិញនៅពេលដែលផុតម៉ោងការងារ ហើយតារា K-pop ក៏គួរទទួលបានសិទ្ធិនេះដូចគ្នា”៕























Account
Security
Favourite Content