តារាសម្តែងពន្លកថ្មី ស៊ីន ជេននី ដែលត្រូវជាប្អូនស្រីបង្កើត ស៊ីន យូប៊ីន កំពុងបោះជំហានលើវិថីសិល្បៈតាមគន្លងរបស់បងស្រីយ៉ាងពេញទំហឹង។ ត្រឹមមួយពព្រិចភ្នែកតារាស្រីវ័យក្មេង ជេននី ក្តោបប្រជាប្រិយភាពបានយ៉ាងឆាប់រហ័ស រហូតអាចនិយាយបានថានាងកំពុងជោគជ័យលើជំហានដំបូងរបស់ខ្លួន។
ឃើញប្អូនស្រីដូចនេះ ស៊ីន យូប៊ីន ដែលជាបងស្រីពិតជារំភើបខ្លាំងណាស់ ដែលប្អូនអាចធ្វើបានល្អ និងមានហ្វេនតាមគាំទ្រច្រើនបែបនេះ។ ប៉ុន្តែនាងក៏នៅតែមានក្តីបារម្ភខ្លះផងដែរ ហើយការបារម្ភធំបំផុតរបស់នាង គឺខ្លាចការ bully ពី social media ទៅលើប្អូនស្រី ព្រោះប្អូន ជេននី នៅក្មេងខ្ចីនៅឡើយ ដូច្នេះក្នុងនាមជាបងស្រី ខ្លាចនាងទ្រាំទ្រការ bully ទាំងនោះមិនបាន ព្រោះការ bully ក្នុងសង្គមបច្ចុប្បន្នជះឥទ្ធិពលខ្លាំងណាស់ទៅលើជនរងគ្រោះ។
ក្រឡេកមក ស៊ីន ជេននី វិញបានចាត់ទុកបងស្រីជាអ្នកម្តាយទី២ ដែលតែងតែបារម្ភ យកចិត្តទុកដាក់ និងតាមជួយតម្រង់ទិសនាងគ្រប់ពេលវេលា។ តួយ៉ាង ការបោះជំហានចូលសិល្បៈរបស់នាង គឺទទួលបានការបណ្តុះបណ្តាលពីបងស្រីយ៉ាងពេញលេញ ដោយបងស្រីបានបង្រៀនតាំងពីការមើលប្លង់ថត ជួយរៀបចំសម្លៀកបំពាក់ stylist និងចចារទាំងតម្លៃពលកម្មការងារឱ្យថែមទៀតផង។ មិនតែប៉ុណ្ណោះ នៅពេលថតស្នាដៃរឿងភាគដំបូង យូប៊ីន តែងឆ្លៀតទៅតប៉ារ៉ូ និងចាត់ចែងសព្វគ្រប់បែបយ៉ាងឱ្យ។
ស្ថិតក្រោមការគ្រប់គ្រងរបស់បងស្រី ស៊ីន ជេននី ត្រូវហាមប្រាមមិនឱ្យធ្វើរឿងជាច្រើនដូចជា មិនឱ្យមានសង្សារ ហាមស្លៀកពាក់សិចស៊ី និងហាមមិនឱ្យថតអ្វីរញ៉េរញ៉ៃ គ្រប់យ៉ាងត្រូវឆ្លងកាត់បងស្រីជាមុនសិន។
យ៉ាងណាមិញ ការដើរតាមគន្លងបងស្រីធ្វើឱ្យ ស៊ីន ជេននី ទទួលផ្លែផ្កាយ៉ាងឆាប់រហ័ស ដោយត្រឹមរយៈពេលខ្លីនាងមានគេស្គាល់ និងមានអ្នកគាំទ្រច្រើនសន្ធឹក។ ចំណែក ទីផ្សារការងារសិល្បៈវិញ តារាស្រីវ័យ ២០ ឆ្នាំរូបនេះ ទទួលបានជាហូរហែ ទាំងភាពយន្ត MV ចម្រៀង ថតប្រម៉ូតផលិតផល និងស៉្បតពាណិជ្ជកម្មជាដើម។ ពេលធ្វើការ ស៊ីន ជេននី ត្រូវក្រុមការងារលើកឡើងថាដូច ស៊ីន យូប៊ីន ស្ទើរតែ ១០០% ទាំងរបៀបធ្វើការ អត្តចរិត និងការប្រតិបត្តិខ្លួនជាដើម៕

























Account
Security
Favourite Content