តារាសម្ដែងចិន Shawn Dou និងប្រពន្ធ Laurinda Ho បានដាក់ពាក្យលែងលះគ្នា ក្រោមហេតុផលគ្រួសារមិនទទួលស្គាល់ បញ្ហាហិរញ្ញវត្ថុ និងភាពតានតឹងក្រោយចំណងអាពាហ៍ពិពាហ៍។

នៅថ្ងៃទី១៩ ខែតុលានេះ ការស្វែងរក “ Shawn Dou – Laurinda Ho Divorce” កំពុងតែទទួលបានការចាប់អារម្មណ៍នៅលើកម្មវិធី Weibo ក្រោយពីសេដ្ឋីនីហុងកុងល្បីឈ្មោះ Chen Lan បានទម្លាយថា អ្នកទាំងពីរបានដាក់ពាក្យលែងលះគ្នាហើយ។
មហាសេដ្ឋីក្នុងពិភពសិល្បៈរូបនេះបានរៀបរាប់ថា Shawn Dou និង Laurinda Ho ដែលជាកូនស្រីរបស់មហាសេដ្ឋីកាស៊ីណូនៅម៉ាកាវបានដាក់ពាក្យលែងលះគ្នាហើយ និងកំពុងតែរង់ចាំការសម្រេចពីតុលាការ ខណៈទំនាក់ទំនងអ្នកទាំងពីរកាន់តែយ៉ាប់យ៉ឺនជាងមុន។
លោកស្រី Chen Lan អះអាងថា ឫសគល់នៃការបែកបាក់គ្នានេះ គឺដោយសារតែបញ្ហាវណ្ណៈ។ លោកស្រីប្រាប់ថា គ្រួសាររបស់ខាងស្រីបានមើលងាយទៅតារាប្រុស ព្រោះតែលោកមានប្រវត្តិជាកូនអ្នកក្រម្នាក់។ លើសពីនេះទៀត ម្តាយរបស់ Laurinda បានរារាំងកូនស្រីមិនឱ្យផ្ទេរទ្រព្យសម្បត្តិទៅឱ្យ Shawn Dou ឡើយ ដោយបដិសេធមិនអនុញ្ញាតឱ្យមានការដាក់ឈ្មោះជាម្ចាស់កម្មសិទ្ធិរួមគ្នា និងរារាំងកូនប្រសាប្រុសមិនឱ្យមានចំណែករួម ឬសកម្មភាពណាមួយជាមួយនឹងគ្រួសារខ្លួននោះទេ។

តារាប្រុសវ័យ ៣៦ឆ្នាំបានលាតត្រដាងនៅក្នុងឯកសារលែងលះថា គ្រួសារត្រកូល Ho បានគ្រប់គ្រងជីវិតលោករហូតមក ដោយដាក់សម្ពាធឱ្យលោកបោះបង់អាជីពសម្ដែង និងមើលងាយមិនឱ្យតម្លៃលោកជាសមាជិកគ្រួសារនោះទេ។
លោកស្រី Chen Lan បានប្រាប់ទៀតថា បច្ចុប្បន្ននេះ Shawn Dou កំពុងតែជួបនឹងវិបត្តិហិរញ្ញវត្ថុ និងបញ្ហាផ្លូវចិត្ត ខណៈពេលដែលការព្យាយាមចូលទៅប្រឡូកក្នុងវិស័យសិល្បៈវិញ លោកក៏មិនងាយនឹងទទួលបានប្រជាប្រិយភាពដូចគ្រាដើមឡើយ។

សារព័ត៌មាន Kbizoom បានរាយការណ៍ថា ២ឆ្នាំកន្លងមកនេះ ជីវិតគូរបស់អ្នកទាំងពីរបានជួបនឹងបញ្ហាជាបន្តបន្ទាប់។ ដ្បិត Laurinda Ho ធ្លាប់ចេញមកប្រកែកនឹងរឿងនេះទៅហើយក្ដី តែអ្នកគាំទ្រនៅតែអាចសង្កេតឃើញពីគម្លាតរវាងអ្នកទាំងពីរ។
ជាក់ស្ដែងបន្ទាប់ពីរៀបការរួច នៅក្នុងឆ្នាំ ២០២៣ Laurinda បានត្រឡប់ទៅរស់នៅឯទីក្រុងហុងកុងជាមួយម្ដាយវិញ ស្របពេលដែល Shawn Dou បន្តរស់នៅឯចិនដីគោក។ បន្ថែមពីនេះ តួប្រុសក្នុងរឿង “Princess Agents” រូបនេះក៏តែងតែអវត្តមាននៅក្នុងកម្មវិធីនានារបស់គ្រួសារត្រកូល Ho ដូចជាការចូលរួមក្នុងខួបកំណើតរបស់ម្ដាយក្មេកជាដើម៕

























Account
Security
Favourite Content