កាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៣ កន្លងទៅភាពយន្ដកុនល្បីរបស់ Walt Disney គឺរឿង “The Little Mermaid” បានចាក់បញ្ចាំងជាផ្លូវការនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនទៀត។ ចាក់បញ្ចាំងត្រឹមរយៈពេលត្រឹម ២ ថ្ងៃរឿងនេះអាចរកចំណូលសរុបបានប្រមាណ ១៨៥ លានដុល្លារអាមេរិក។



មែនទែនទៅរឿងនេះ ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង និងសរសើរពីមហាជន។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គ្រាន់តែការតុបតែងសក់របស់តួឯកស្រីសម្ដែងជាតួអង្គព្រះនាង Ariel គឺត្រូវចំណាយប្រាក់ច្រើនជាង ១៥ ម៉ឺនដុល្លារអាមេរិកឯណោះ ហើយដំណាក់កាលធ្វើតុបតែងសក់របស់តួស្រីពិតជាមានការលំបាកខ្លាំង និងចំណាយពេលច្រើន។ នេះបើយោងតាមសម្ដីរបស់អ្នកជំនាញល្បីផ្នែកធ្វើសក់លោកស្រី Camille Friend។
លោកស្រីបានទម្លាយថា៖ តារាស្រី Halle Bailey ដែលសម្ដែងជាតួ Ariel បានស្នើមកកាន់លោកស្រី និងក្រុមការងាររឿងទាក់ទិននឹងសក់របស់នាង។ ដោយតារាស្រី Halle Bailey ចង់បានសក់បែបធម្មជាតិរបស់នាងនៅក្នុងរឿង និងសុំកុំឱ្យមានការផ្លាស់ប្ដូរខ្លាំងខុសពីទម្រង់ដើមរបស់នាងខ្លាំងពេក។ ជាក់ស្ដែងដោយសារ Halle Bailey ជាជនជាតិស្បែកខ្មៅ ហើយសក់របស់នាងមានលក្ខណៈរួញខ្លាំង ដូច្នេះនាងភ័យខ្លាចរូបរាងរបស់នាងនឹងត្រូវលុបបាត់សភាពដើម។



លោកស្រីបានបន្ដថា៖ តួអង្គ Ariel ត្រូវមានសក់វែងខ្លាំងរហូតហួសចង្កេះ និងក្រាស់ខ្លាំង ប្រសិនបើពាក់សក់តែម្ដងច្បាស់ជាអាក្រក់មើលខ្លាំង។ ការធ្វើសក់របស់តួអង្គ Ariel ហាក់មានការលំបាកខ្លាំងព្រោះត្រូវក្រង និងចងភ្ជាប់គ្នាម្ដងមួយៗ។ មួយវិញទៀត សក់នេះមិនអាចធ្វើម្ដងចប់ឡើយគឺត្រូវធ្វើឡើងវិញម្ដងហើយម្ដងទៀតរាល់ពេលថត និងចំណាយពេលច្រើនជាង ១០ ទៅ ១៤ ម៉ោងទើបហើយ បើគិតថ្លៃចំណាយវិញគឺច្រើនជាង ១៥ ម៉ឺនដុល្លារអាមេរិក។

ជាចុងក្រោយលោកស្រីលើកឡើងថា៖ លោកស្រីពិតជាពេញចិត្ត និងសេចក្ដីក្លាហានរបស់តារាស្រី Halle Bailey ដោយសារនាងជាតារាស្រីម្នាក់ដែលហ៊ានទាមទារនៅអ្វីដែលខ្លួនចង់ធ្វើ។
គួរបញ្ជាក់ថា តារាសម្ដែងជាច្រើនត្រូវផ្លាស់ប្ដូររូបរាងទៅតាមតួអង្គដែលខ្លួនសម្ដែង ត្រូវសម្ដែង ខណៈអ្នកខ្លះខកខានឱកាសសម្ដែងទៀតផង ព្រោះពួកគេមិនអាចផ្លាស់ប្ដូរតាមអ្វីដែលក្រុមការងារផលិតចង់បាន៕
























Account
Security
Favourite Content