Lee Han Byeol ដែលជាតួអង្គសំខាន់មួយរូបក្នុងរឿង Mask Girl បាននិយាយថា ជីវភាពរស់នៅបច្ចុប្បន្នរបស់នាងមិនសូវល្អនោះទេ បើទោះបីជាមានខ្សែភាពយន្តដំបូងដ៏ល្បីល្បាញទូទាំងពិភពលោកក៏ដោយ។


នៅក្នុងបទសម្ភាសន៍ជាមួយ Sports Seoul កាលពីពេលថ្មីៗនេះ Lee Han Byeol បានចែករំលែកអំពីជីវិតបច្ចុប្បន្នរបស់ខ្លួនថា៖ ” មុនពេលថតរឿង Mask Girl ខ្ញុំបានរស់នៅក្នុងផ្ទះជួលមួយតម្រូវឱ្យកក់ប្រាក់ ២ លានវ៉ុន និងថ្លៃជួលប្រចាំខែ ៤សែនវ៉ុន (ប្រហែល ៣០០ដុល្លារ) ហើយជីវភាពរស់នៅបច្ចុប្បន្នក៏មិនមានការផ្លាស់ប្តូរអ្វីច្រើនដែរបន្ទាប់ពីរឿងនេះចេញមក”។
តារាសម្ដែងរលកថ្មី Lee Han Byeol បានទទួលការចាប់អារម្មណ៍ខ្លាំងភ្លាមៗជាមួយនឹងតួនាទីដំបូងរបស់នាងក្នុងរឿងភាគ Mask Girl ដែលបានជាប់ចំណាត់ថ្នាក់លេខ ១ ជុំវិញពិភពលោក នៅពេលចេញផ្សាយនៅពាក់កណ្តាលខែសីហា។ យ៉ាងណាក៏ដោយ មុនរឿងនោះចេញមក Han Byeol ត្រូវតស៊ូយ៉ាងខ្លាំងដើម្បីចិញ្ចឹមជីវិត។ នាងថា៖ ” គ្មានការងារណាដែលខ្ញុំមិនធ្លាប់ធ្វើនោះទេ តាំងពីការងារជាអ្នកបម្រើការនៅហាងកាហ្វេ តាមម៉ាត ឬហាងនំប៉័ង។ មានពេលមួយខ្ញុំមិនមានលទ្ធភាពទិញសំបុត្ររថភ្លើង ឬសំបុត្រឡាន ដោយសារសេដ្ឋកិច្ចតឹងតែងពេក។ ខ្ញុំត្រូវជួលបន្ទប់ជួលដែលខ្ញុំមើលមិនឃើញពន្លឺព្រះអាទិត្យ ហើយសម្លៀកបំពាក់របស់ខ្ញុំពេលខ្លះហាលមួយអាទិត្យក៏មិនស្ងួត។”


Lee Han Byeol បាននិយាយថានាងបានរស់នៅបែបនោះអស់រយៈពេល ១០ ឆ្នាំមុនពេលត្រូវបានផ្តល់ឱកាសឱ្យសម្ដែងរឿង Mask Girl ។ ពេលនោះក្រុមហ៊ុនរើសតួសម្ដែងមួយបានអាន CV របស់នាង ហើយបានអញ្ជើញនាងទៅសម្ដែងសាក។ ឆ្លងកាត់ដំណើរការជ្រើសរើសជាង ៤ ខែ និងជម្រុះជាច្រើនជុំ មុនពេលបានសម្ដែងរឿងជាផ្លូវការ ក្នុងអំឡុងពេលនោះ Han Byeol ត្រូវឈប់ពីការងារក្រៅម៉ោងជាច្រើនដង ដើម្បីផ្ដោតលើការហ្វឹកហាត់សម្រាប់ការសម្ដែង។ តារាស្រីរូបនេះក៏បានបង្ហើបថានាងបានចំណាយប្រាក់សន្សំស្ទើរតែទាំងអស់មុនពេលដឹងដំណឹងថានាងត្រូវបានជ្រើសរើស។
ជាលទ្ធផល Lee Han Byeol បានវ៉ាដាច់អ្នកចូលរួមប្រកួតប្រជែងជាង ១០០០ នាក់ ដើម្បីយកឈ្នះចិត្តអ្នកដឹកនាំ និងក្រុមផលិត។ ការសម្ដែងរបស់នាងជាតួ Kim Mo Mi ទទួលបានការសរសើរពីទស្សនិកជន និងអ្នកវិភាគច្រើនមិនចាញ់តារារៀមច្បងក្នុងរឿងដូចជា Go Hyun Jung ឬ Nana នោះទេ។
បន្ទាប់ពីជោគជ័យនៃខ្សែភាពយន្តនេះ Lee Han Byeol សង្ឃឹមថានាងនឹងអាចទទួលបានឱកាសការងារច្រើននាពេលអនាគត។ “នៅពីមុខខ្ញុំនៅតែជាភ្នំដ៏ខ្ពស់ដែលខ្ញុំត្រូវឆ្លងឱ្យផុត។ គោលដៅរបស់ខ្ញុំគឺចង់ក្លាយជាតារាសម្តែងដែលមនុស្សជាច្រើនចូលចិត្ត និងនាំក្ដីសុខដល់ទស្សនិកជន។ ខ្ញុំសង្ឃឹមថាគ្រប់គ្នានឹងធ្វើតាមដាន Lee Han Byeol នៅក្នុងរឿងក្រោយៗទៀត”៕
























Account
Security
Favourite Content