តារាស្រីចម្រៀងស្រីល្បី Taylor Swift បានបង្ហាញពីការសោកស្ដាយ ក្រោយអ្នកគាំទ្ររបស់នាងម្នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងប្រគំតន្ដ្រីក្នុងប្រទេសប្រេស៊ីល កាលពីពេលថ្មីៗនេះ។

យោងតាមប្រភពកាសែតប្រេស៊ីល Fohla DeSao Paolo បានឲ្យដឹងថា អ្នកគាំទ្រម្នាក់របស់តារាស្រី Taylor Swift ដែលមានអាយុ ២៣ ឆ្នាំបានដួលសន្លប់នៅឯកន្លែងប្រគំតន្ដ្រីរបស់ម្ចាស់បទ “Love Story” ក្នុងប្រទេសប្រេស៊ីល កាលពីយប់ថ្ងៃ សុក្រ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ខណៈនាងត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំពោះមូលហេតុត្រូវបានរាយការណ៍ថា ដោយសារការគាំងបេះដូង។
បន្ទាប់ពីមានរឿងអកុសលបែបនេះកើតឡើងTaylor Swift បានបញ្ចេញសារដ៏ក្តុកក្ដួលមួយ រួមជាមួយការសោកស្ដាយខ្លាំង ចំពោះអ្នកគាំទ្ររបស់នាងដែលបានស្លាប់បាត់បង់ជីវិត។

នាងស្ទើរតែមិនជឿថា នាងបានបង់អ្នកគាំទ្រអំឡុងពេលប្រគំតន្ដ្រី នាងពិតជាមិនអាចបរិយាយអារម្មណ៍របស់នាងបាននោះទេ។ នាងពិតជាមិនមានព័ត៌មានច្រើនឡើយ ទាក់ទិនអ្នកគាំទ្ររបស់នាងម្នាក់នោះ តែនាងដឹងត្រឹមថា អ្នកគាំទ្ររបស់នាងពិតជាស្រស់ស្អាត និងមានវ័យក្មេងខ្លាំង។ នាងពិតជាមិនគិតទុកថា នឹងមានរឿងបែបនេះឡើយ។ នាងពិតជាខូចចិត្ត និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពផងដែរ។
រឿងអកុសលនេះបានកើតឡើង ដោយមហាជនជឿថា ផ្នែកមួយមកពីអាកាសធាតុ និងការឡើងកម្ដៅក្នុងប្រទេសប្រេស៊ីល ខណៈអ្នកគាំទ្ររាប់ម៉ឺននាក់ស្ថិតនៅប្រមូលផ្ដុំកន្លែងតែមួយ។


ក្រោយមានរឿងហេតុបែបនេះកើតឡើង មហាជនជាច្រើនក៏បានបន្ទោសទៅខាងរដ្ឋមន្ដ្រីក្នុងប្រទេសប្រស៊ីល ដែលហាមមិនឲ្យយកដបទឹកចូលក្នុងកន្លែងប្រគំតន្ដ្រី ចំពោះរឿងនេះដែរក៏បានក្លាយជាប្រធានបទត្រូវបានគេលើកយកមកពិភាក្សាពាសពេញបណ្ដាញសង្គមផងដែរ។ ស្របពេលដែលតារាស្រី Taylor Swift ប្រកាសផ្អាកការធ្វើការប្រគំតន្ដ្រីដោយសារតែបញ្ហាអាកាសធាតុឡើងកម្ដៅ៕























Account
Security
Favourite Content