បកត្រឡប់ទៅកាលពីខែ កក្កដា ឆ្នាំ ២០២៤ តារាចម្រៀង និងសម្ដែងចិនល្បីឈ្មោះ Huang Zitao បានប្រកាសពីទំនាក់ទំនងស្នេហាជាមួយមិត្ដស្រីរបស់ខ្លួនគឺតារាស្រី Xu YiYang។ ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរីករាយ និងបញ្ចេញមតិអបអរជាហូរហែរ។
តារាប្រុសស្រីទាំងពីរបានបង្ហោះរូបភាពក្នុងបណ្ដាញសង្គម Weibo និងវីដេអូ ក្នុងបណ្ដាញសង្គម Douyin អមជាមួយពាក្យពេចន៍យ៉ាងផ្អែមល្ហែមថា “សង្ឃឹមថា ពួកយើងនឹងនៅបែបនេះរហូត“។



ភាពផ្អែមល្ហែមនៅមិនទាន់ចប់ឡើយ ទើបប្រកាសពីទំនាក់ទំនងស្នេហាជាសាធារណៈបានជាង ២ ខែ តារាប្រុស Huang Zitao ក៏បានសុំមិត្ដស្រីរបស់ខ្លួនរៀបការនៅក្នុងកម្មវិធីរបស់ខ្លួន “Dare or Not”។ Tao បានរៀបរាប់ពីអារម្មណ៍ក្នុងចិត្ដប្រាប់ទៅមិត្ដស្រីថា៖ រូបនាងជាមនុស្សម្នាក់ដែលលោកនឹងរស់នៅជាមួយជារៀងរហូត។ ជារៀងរាល់ថ្ងៃ រាល់ពេល លោកតែងតែចង់ឲ្យមនុស្សម្នាក់ដែលនៅក្បែរលោកគឺជាមិត្ដស្រីរបស់លោក Xu YiYang។ តើនាងហ៊ានទទួលយក និងរៀបការជាមួយលោកទេ?
ជាការឆ្លើយតប៖ តារាស្រី Xu YiYang ក៏បាននិយាយយល់ព្រមទាំងមិនស្ទាក់ស្ទើរ។





មែនទែនទៅ Tao ធ្លាប់បានលើកឡើងថា Xu YiYang ជាមនុស្សម្នាក់សំខាន់ក្នុងជីវិតរបស់លោក នាងតែងតែនៅក្បែរលោក លើកទឹកចិត្ដរាល់ពេលដែលលោកមានបញ្ហាទាំងតូចទាំងធំ ក្នុងជីវិត ពិសេសនៅពេលដែលលោកបាត់បង់ឳពុក ជាពេលវេលាលំបាកមួយក្នុងជីវិត ហើយរូបនាងក៏នៅក្បែរលោក។ អ្នកទាំងពីរត្រូវបានរាយការណ៍ថា ចាប់ផ្ដើមមានទំនាក់ទំនងស្នេហាតាំងពីឆ្នាំ ២០២០ មកម្ល៉េះ ក្រោយគូស្នេហ៍មួយគូនេះ បង្ហាញខ្លួនក្នុងកម្មវិធី “Chuang 2020”។ រហូតដល់ឆ្នាំ ២០២២ អ្នកទាំងពីរត្រូវបានគេរាយការណ៍ថា បានទៅដើរកម្សាន្ដជុំគ្នាយ៉ាងផ្អែមល្ហែម នៅតំបន់ Sangyan។ អ្នកទាំងពីរក៏ត្រូវបានរាយការណ៍ថា បានជួបគ្រួសារទាំងសងខាងទៅហើយ មុនប្រកាសពីទំនាក់ទំនង។


នៅឆ្នាំ ២០២៣ ក៏មានលេចពាក្យចចាមអារ៉ាមថា អ្នកទាំងពីរបានសម្រេចចិត្ដភ្ជាប់ពាក្យ តែក៏ត្រូវភ្នាក់ងាររបស់ពួកគេក៏បដិសេធ។ រហូតដល់ខែកក្កដា ឆ្នាំ ២០២៤ Tao និងមិត្ដស្រីក៏បានសម្រេចចិត្ដប្រកាសពីទំនាក់ទំនងរបស់ខ្លួនជាផ្លូវការ។ អ្នកទាំងពីរបានជួបគ្នាដំបូងក្នុងឆ្នាំ ២០១៤ ដោយកាលនោះ លោកបានបង្ហាញមុខជាមួយក្រុម EXO ទៅហើយ តែតារាស្រី Xu YiYang នៅជាអ្នកហ្វឹកហាត់នៅឡើយ៕























Account
Security
Favourite Content