តារាប្រុស Taeyang និងភរិយា Min Hyorin ត្រូវបានគេចាត់ទុកថាគូស្នេហ៍ផ្អែមល្ហែមមួយក្នុងប្រទេសកូរ៉េខាងត្បូង។ ក្រោយចាប់ដៃគ្នាចូលរោងមង្គល និងសាងគ្រួសារអស់រយៈពេលជិត ៥ ឆ្នាំចាប់តាំងពីឆ្នាំ ២០១៨ អ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសម្នាក់។


ថ្មីៗ នេះ Taeyang បានទម្លាយពីទំនាក់ទំនងស្នេហារបស់លោក និងភរិយាក្នុងកម្មវិធី “You Quiz on the Block” របស់ស្ថានីយទូរទស្សន៍ tvN។ លោកបានលើកឡើងថា លោកបានជួបភរិយារបស់ខ្លួនតារាស្រី Min Hyorin កំឡុងពេលថតវីដេអូចម្រៀង “1AM”។ ពេលនោះក្រុមការងារមានបញ្ហារឿងរកតួស្រីសម្ដែងមិនបាន និងពិតជាត្រូវការបន្ទាន់ ពេលនោះក៏មានគេណែនាំតារាស្រី Min Hyorin។ លោកក៏បានទាក់ទងតាមមិត្តភ័ក្ដិរបស់លោកម្នាក់។
លោកបន្ដថា៖ ដំបូងលោកពិតជាមានអារម្មណ៍ ដោយសារតែខ្លាចនាងបដិសេដ ណាមួយការទាក់ទងនោះគឺមិនបាននិយាយបែបផ្លូវការទេ និយាយទៅភ្លាមៗ។ ជាលទ្ធផលនាងក៏បានយល់ព្រម លោកពិតជាមានអារម្មណ៍ថានាង ជាមនុស្សគួរឱ្យចាប់អារម្មណ៍ និងល្អ ដូច្នេះត្រូវតែធ្វើអ្វីម៉្យាងដើម្បីជាការអរគុណ។ លោកក៏សម្រេចរៀបចំការញ៉ាំអាហារជាមួយគ្នា។

លោកបន្ដទៀតថា ខ្លួនគ្មានបទពិសោធន៍ក្នុងរឿងស្នេហា ឬនិយាយជាមួយមនុស្សស្រីឡើយ ដូច្នេះលោកមិនដឹងគួរធ្វើយ៉ាងណាទេ។ ប៉ុន្ដែការឆ្លើយតប និងនិយាយស្ដីរបស់ Min Hyorin មិនបានធ្វើឱ្យលោកមានអារម្មណ៍ទើសទាល់ ថែមទាំងមានអារម្មណ៍នាងគួរឱ្យចូលចិត្តថែមទៀត។ ជាពិសេសមានអារម្មណ៍ពិតជាចង់ជួបនាងម្ដងទៀតប្រសិនបើមានឱកាស។ ក្រោយមកអ្នកទាំងពីរក៏ចាប់ផ្ដើមណាត់ជួបគ្នា ម្ដងជាពីរដង យូរទៅក៏ចាប់ផ្ដើមសេពគប់គ្នាតែម្ដង។


លោកបន្ថែមថា៖ តែស្នេហាពេលខ្លះមិនសមប្រកបដូចយើងគិតឡើយ វាដើរទៅមិនរលូនដូចរំពឹងទុក និងមានការរកាំរកូសគ្នា ដូច្នេះក៏សម្រេចចិត្តបែកគ្នាវិញក្រោយសេពគប់គ្នាមួយរយៈគ្រាន់តែមិនទាន់ប្រកាសដំណឹងបែកគ្នាសាធារណៈ។ នៅពេលដែលបែកគ្នាលោកក៏ផ្ដើមសរសេរបទចម្រៀងថ្មីគឺបទ “Eyes, Nose, Lips” ហើយបទនោះលោកក៏សរសេរសម្រាប់នាងផងដែរ។ បទនោះនិយាយពីការនឹករលឹករបស់លោកចំពោះអតីតមិត្ដស្រី Min Hyorin។ អ្វីដែលសំខាន់ Min Hyorin ក៏ស្រឡាញ់ពេញចិត្ដបទនេះ ចុងក្រោយអ្នកពីរត្រូវរូវគ្នាវិញ ដោយសារតែបទ “Eyes, Nose, Lips”។ អ្នកទាំងពីរក៏បានបន្ដទាក់ទងគ្នា និងកាន់តែយល់ចិត្តគ្នា រហូតបានចាប់ដៃគ្នាចូលរោងមង្គលក្នុងឆ្នាំ ២០១៨។

គួរបញ្ជាក់ តារាប្រុស Taeyang ធ្លាប់បានសរសើរភរិយារបស់ខ្លួនជារឿយៗ ថានាងជាភរិយាល្អម្នាក់ចេះទុកដាក់ក្នុងគ្រួសារ និងតែងតែចម្អិនអាហារសម្រាប់លោក អារម្មណ៍មានសុភមង្គលបែបនេះធ្វើឱ្យលោកចង់តែទៅផ្ទះក្រោយចប់ការងារ៕























Account
Security
Favourite Content