Suga ត្រូវបានប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោកទទួលស្គាល់ថាជា “Genius Poducer” ដោយសារលោកមិនត្រឹមតែជាតារាខេប៉ុបតែប៉ុណ្ណោះទេ លោកថែមទាំងជាផលិតករម្នាក់ដែលសម្រេចបានសមិទ្ធផលជាច្រើន និងល្បីល្បាញខ្ទរខ្ទារនៅក្នុងឧស្សាហកម្មតន្រ្ដីផងដែរ។

ជាមួយគ្នានេះ លោកក៏បានសហការផលិតបទចម្រៀងជាមួយកំពូលតារាខេប៉ុប IU និង PSY រួមមានស្នាដៃល្បីៗផ្សេងទៀតជាមួយសិល្បករអន្តរជាតិដទៃជាច្រើនផងដែរដោយនេះជាការបង្ហាញអំពីកេរ្ដិ៍ឈ្មោះ កិត្យានុភាព និងទេពកោសល្យក្នុងការតាក់តែងនិពន្ធរបស់លោក។

ទោះជាយ៉ាងណាក៏ដោយ អ្វីដែលពិសេស និងគូរឱ្យចាប់អារម្មណ៍បន្ថែមទៀតនោះគឺក្នុងចំណោមសិល្បករដែល Suga បានសហការជាមួយនោះហាក់ដូចជាមិនមានតារាណាម្នាក់ជាអ្នកជ្រកក្រោមទ្រនំផលិតកម្ម HYBE ក្រៅពី BTS ឡើយ។ ថ្មីៗនេះនៅក្នុងកម្មវិធី Suchwita Suga បានទម្លាយហេតុផលដ៏ធំបំផុតដែលលោកបដិសេធមិនផលិតបទចម្រៀងសម្រាប់តារាផ្សេងទៀតក្នុងក្រុមហ៊ុនគឺដោយសារតែលោកមិនចង់ទទួលខុសត្រូវចំពោះអនាគតរបស់អ្នកណាម្នាក់ឡើយ បើទោះបីជាក្រុមហ៊ុនព្យាយាមផ្ដល់លក្ខខណ្ឌល្អៗយ៉ាងណាក៏ដោយ។


លោកពិតជាអរគុណសម្រាប់ការផ្ដល់ជូនមួយនេះ ប៉ុន្តែលោកមានអារម្មណ៍ថាវាគ្រប់គ្រាន់ហើយសម្រាប់លោកក្នុងការធ្វើការងារផ្ទាល់ខ្លួនឱ្យបានល្អប្រសើរ។ Suga ក៏បានបន្ថែមថាជាក់ស្ដែងមិនថាផលិតករម្នាក់នោះមានទេពកោសល្យខ្លាំងប៉ុណ្ណាទេ គ្មានអ្វីដែលអាចធានាបានថារាល់ការងារទាំងអស់នឹងចេញមកហើយសុទ្ធតែទទួលបានភាពជោគជ័យឡើយ។ ដូច្នេះហើយទើបលោកមិនចង់ប៉ះពាល់ដល់អនាគតសិល្បករវ័យក្មេងក្នុងករណីដែលមានរឿងអាក្រក់ ឬភាពបរាជ័យបានកើតឡើង។

លើសពីនេះ តារាចម្រៀងរ៉េបរូបនេះក៏បាននិយាយដែរថាអំឡុងពេលជីវិតលោកកំពុងនៅជាសិក្ខាកាមព្រមទាំងជាផលិតករក្នុងស្ថានភាពមានទាំងឡើងមានទាំងចុះ លោកយល់អារម្មណ៍មួយនេះច្បាស់ណាស់ថាការទទួលខុសត្រូវចំពោះអនាគតរបស់សិល្បករណាម្នាក់គឺពិបាកហើយថែមទាំងមានការឈឺចាប់ទៀតផង។

គួរបញ្ជាក់ផងដែរថា មុនពេលក្លាយជាសិក្ខាកាមរបស់ Big Hit Music ដើមឡើយក្នុងឆ្នាំ ២០១០ លោកគ្រាន់ជាផលិតករ និងអ្នកនិពន្ធទំនុកភ្លេងឱ្យក្រុម D-Town នៅស្រុកកំណើតរបស់លោក Daegu ប៉ុណ្ណោះ។ ក្រោយបង្ហាញខ្លួនជាសមាជិកម្នាក់របស់ក្រុមតារាចម្រៀង BTS ក្នុងឆ្នាំ ២០១៣ Suga ចាប់ផ្ដើមមានឱកាសអភិវឌ្ឍន៍សមត្ថភាពក្នុងការនិពន្ធបទភ្លេង និពន្ធទំនុកច្រៀង និងកែសម្រួលតន្រ្តីជាបន្តបន្ទាប់ក្នុងការផលិតបទចម្រៀងសម្រាប់អាល់ប៊ុម BTS។


ចាប់តាំងពីឆ្នាំ ២០១៦ មកសមត្ថភាពរបស់តារាចម្រៀងរ៉េបរូបនេះកាន់តែខ្លាំងឡើងៗក្នុងនាមជាផលិតករ បន្ថែមពីលើការងារជាតារាចម្រៀងដោយលោកបានបញ្ចេញ mixtape Agust D ជាលើកដំបូងធ្វើឱ្យហ្វេនជាច្រើនរឹតតែស្រឡាញ់គាំទ្រលោកកាន់តែខ្លាំងជាងមុនទៅទៀត។ ក្រោយទទួលបានភាពជោគជ័យជាបន្តបន្ទាប់ហើយ សមត្ថភាពរបស់លោកក៏ត្រូវបានពិភពលោកទទួលស្គាល់ហើយក៏មានសិល្បករជាច្រើន ជាពិសេសប្អូនៗជំនាន់ក្រោយបានយកលោកធ្វើជាគំរូ ជាកម្លាំងចិត្តក្នុងការដើរលើវិថីសិល្បៈផងដែរ៕


























Account
Security
Favourite Content