ក្រុមចម្រៀងខេប៉ុប Stray Kids ឈ្នះបានពានរង្វាន់ ក្រុមចម្រៀងកំពូលប្រជាប្រិយភាព ពីកម្មវិធី Kids Choice Awards ប្រចាំឆ្នាំ ២០២៥ បន្ថែមសមិទ្ធផលធំមួយទៀត នៅលើឆាកអន្តរជាតិ។

ក្នុងកម្មវិធី Kids Choice Awards ដែលជាកម្មវិធីប្រគល់ពានរង្វាន់ដល់វិស័យទូរទស្សន៍ ចម្រៀង និងភាពយន្តនេះ បានរៀបចំឡើង នៅឯទីក្រុង Los Angeles សហរដ្ឋអាមេរិក ដោយ Stray Kids បានឈរឈ្មោះដណ្ដើមពានរង្វាន់ចំនួន ២ គឺ Favorite Music Group និង Favorite Global Music Star។
ផ្អែកលើការបោះឆ្នោតពីអ្នកគាំទ្រ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ធំ ដែលរៀបចំដោយបណ្តាញកម្សាន្តអាមេរិក Nickelodeon តារាប្រុសទាំង ៨រូប បានឈ្នះពានរង្វាន់ Favorite Music Group ឬ ក្រុមចម្រៀងកំពូលប្រជាប្រិយភាព ក្លាយខ្លួនជាក្រុមខេប៉ុបទី ២ បន្ទាប់ពី BTS ដែលដណ្ដើមពានរង្វាន់បានសម្រេចពីកម្មវិធីនេះ។

ជាក់ស្ដែង ពានរង្វាន់ថ្មីស្រឡាងខាងលើ នឹងបញ្ចូលទៅក្នុងបញ្ជីពានរង្វាន់ជាច្រើនទៀត ដែល Stray Kids ទទួលបានក្នុងឆ្នាំ ២០២៥នេះ។ តួយ៉ាង កាលពីខែមីនា កន្លងទៅ ម្ចាស់បទ S-Class ទើបតែបានឈ្នះពានរង្វាន់ វីដេអូចម្រៀងឆ្នើមប្រចាំឆ្នាំ និងពានរង្វាន់ អាល់ប៊ុមឆ្នើមចំនួន ៣ ពីកម្មវិធី Japan Gold Disc Awards លើកទី ៣៩ រួមគ្នានឹង ពានរង្វាន់អាល់ប៊ុមខេប៉ុបប្រចាំឆ្នាំ ពីកម្មវិធី iHeartRadio Music Awards ជាដើម។
គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននេះក្រុមតារាប្រុសក៏កំពុងតែមមាញឹកនឹងកម្មវិធីប្រគំតន្ត្រី Stray Kids World Tour [dominATE] សម្រាប់អាល់ប៊ុមទី ៩ “Ate”។ បន្ទាប់ពីបានឡើងសម្ដែងនៅលើទឹកដីអាស៊ីកាលពីឆ្នាំមុន ចាប់ពីពាក់កណ្ដាលឆ្នាំ ២០២៥ នេះ Stray Kids នឹងផ្ដោតទៅលើការសម្ដែងលើទឹកដីសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុបម្ដង មិនថាក្នុងទីក្រុងឈីកាហ្គោ ទីក្រុងឡុងដ៍ ប៉ារីស និងទីក្រុងរ៉ូមនោះទេ៕
























Account
Security
Favourite Content