រយៈពេលជិត ២ ឆ្នាំទៅហើយដែលតារាសម្ដែងប្រុសហុងកុងល្បី Ng ManTat បានទទួលមរណៈភាព ខណៈអ្នកគាំទ្រជាច្រើននៅតែចងចាំស្នាដៃរបស់លោក និងនិយាយរំឭកពីលោកលើបណ្ដាញសង្គម។ ថ្មីៗ នេះ អ្នកគាំទ្រជាច្រើនកាន់តែមានអារម្មណ៍សោកសង្រេង ដោយសារតែលោក ទិន ហ្វី ដែលជាដៃគូសម្ដែងជិតស្និទ្ធរបស់លោក Ng Man Tat បានបញ្ចេញពីអារម្មណ៍ពិតរបស់ខ្លួនទាក់ទិនការចាកចេញរបស់មិត្ដសម្លាញ់ខ្លួន។

មែនទែនទៅ បន្ទាប់ពីទទួលបានអ្នកចុចតាមដានលើបណ្ដាញសង្គម អ៊ីនស្ដាក្រាមចំនួន ១ លាននាក់ លោក ទិន ហ្វី បានបង្ហោះសួរទៅកាន់អ្នកគាំទ្រថា៖ តើមានអ្វីដែលចង់សួរនាំពីលោកដែរ ឬទេ ? ប្រសិនបើអាចលោកនឹងឆ្លើយជូនដល់អ្នកគាំទ្រ។ ក្នុងចំណោមសំនួរនោះ មានអ្នកគាំទ្រម្នាក់បានសួរដល់លោកថា៖ តើលោកមានអ្វីនិយាយទៅកាន់លោក Ng Man Tat ដែរ ឬទេ?
មិនបានប៉ុន្មាន លោក ទិន ហ្វីក៏បានបង្ហោះ story ក្នុងបណ្ដាញសង្គមអ៊ីនស្ដាក្រាម និងឆ្លើយសំនួរនោះថា៖ ពាក្យពេចន៍ដែលលោកចង់ប្រាប់ទៅកាន់លោក Ng Man Tat គឺ លោកពិតជាស្រឡាញ់លោក Ng Man Tat។ ហើយលោកពិតជាស្ដាយក្រោយខ្លាំងដែលមិនបាននិយាយពាក្យទាំងអស់នេះទៅកាន់លោក Ng Man Tat ដោយផ្ទាល់។


គួរបញ្ជាក់ដែរថា លោកទិន ហ្វី និងលោក Ng Man Tat ជាដៃគូសម្ដែងដ៏ល្អក្នុងកំឡុងឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០០៤ ក្រោយមកអ្នកទាំងពីរក៏បានចែកផ្លូវគ្នាសម្ដែងរៀងៗខ្លួន។ ក្រោយមកមានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា អ្នកទាំងពីរបានឈ្លោះគ្នាយ៉ាងខ្លាំងទើបឈប់សម្ដែងរួមគ្នា។

តែយ៉ាងណាមិញ ក្រោយមក លោក Ng ManTat បានលើកឡើងថា លោក និងលោក ទិន ហ្វី មិនបានឈ្លោះទាស់ទែងគ្នាឡើយ។ លោក Ng ManTat ថែមទាំងបានបង្ហើបថា លោកទិន ហ្វី បានហៅលោកទៅសម្ដែងរួមគ្នាវិញ ប៉ុន្ដែដោយសារសុខភាពរបស់លោកខ្លួនឯងមិនល្អទើបមិនអាចសម្ដែងបាន។ អ្វីដែលគួរឱ្យសោកស្ដាយអ្នកទាំងពីរមិនទាន់បានរួមការងារជាថ្មីផង លោក Ng Man Tat ក៏បានទទួលមរណៈភាពនៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២១៕
























Account
Security
Favourite Content