ក្នុងឱកាសចូលឆ្នាំប្រពៃណីចិន តារាសម្ដែងចិនជាច្រើនបានឈប់សម្រាកពីការងារដើម្បីចំណាយពេលវេលាជួបជុំបងប្អូន មិត្ដភក្ដិ និងក្រុមគ្រួសារ។ ស្ដេចកំប្លែង ទិន ហ្វី ក៏មិនខុសពីអ្នកដទៃ លោកក៏ចំណាយពេលយ៉ាងរីករាយកំឡុងពេលចូលឆ្នាំថ្មី ប៉ុន្ដែលោកចំណាយពេលទាំងនោះជាមួយក្រុមការងារ និងកំពុងយកចិត្ដដាក់ចំពោះការផលិតរឿងថ្មី។


តារាកំប្លែងវ័យ ៦១ ឆ្នាំរូបនេះ បានអង្គុយទទួលយកអាំង ប៉ាវ ក្រហមយ៉ាងរីករាយពីក្រុមការងារ។ លោកបានបង្ហាញពីអារម្មណ៍រីករាយ ខណៈក្រុមការងារតម្រង់ជួរយក អាំង ប៉ាវ ឲ្យលោកម្ដងម្នាក់ៗ រហូតដល់អស់គ្នា។ ជាមួយគ្នាដែរ ក្រោយឃើញសកម្មភាពបែបនេះ មហាជនមួយចំនួនក៏ចាប់ផ្ដើមរិះគន់ស្ដេចកំប្លែង ទិន ហ្វី ភ្លាមៗ។ លោកត្រូវបានគេលើកឡើងថា ជាមនុស្សគំរិះ ម៉ៅស្វិត សល់ប្រាក់រាប់សិបលានដុល្លារ មិនត្រឹមតែមិនចែក អាំង ប៉ាវ ដល់ក្រុមការងារបែរជាឆ្លៀតយកពីគេវិញទៀត។



តែទោះជាយ៉ាងណាក្ដី អ្នកគាំទ្រជនជាតិចិនជាច្រើនក៏បានលើកឡើងថា វាគ្រាន់តែជាទំនៀមទម្លាប់ប្រពៃណី ប៉ុណ្ណោះ។ ជាធម្មតា អ្នកមិនទាន់រៀបការតែងទទួលបាន អាំងប៉ាវក្រហម នៅឆ្នាំថ្មី។ ការឲ្យប្រាក់ក្នុងអាំងប៉ាវ គឺទៅតាមអាយុរបស់អ្នកទទួល។ វាមិនមែន ដោយសារតែរឿងគំរិះ និងចិត្ដអាក្រក់អ្វីឡើយ។ អាំងប៉ាវ ជាទូទៅត្រូវគេដាក់ប្រាក់ចាប់ពី ២ ដុល្លារ ទៅ ១០ ដុល្លារ ឬច្រើនជាងនេះ។
មែនទែនទៅ បើទោះជាឆ្នាំនេះ ស្ដេចកំប្លែង ទិន ហ្វី មានវ័យ ៦១ ឆ្នាំហើយក៏ដោយ ប៉ុន្ដែដោយសារលោកមិនទាន់រៀបការមានគ្រួសារដូច្នេះតាមប្រពៃណី លោកត្រូវទទួលបាន អាំងប៉ាវ ពីអ្នកដែលរៀបការរួច ស្របពេលដែលក្រុមការងារជូន អាំងប៉ាវ ដល់លោកសុទ្ធតែជាអ្នករៀបការ មានគ្រួសារហើយ។



គួរបញ្ជាក់ថា ស្ដេចកំប្លែង ទិន ហ្វី បច្ចុប្បន្ន លោកមិនគិតគូរពីរឿងមានគ្រួសារអ្វីឡើយ ដោយលោកផ្ដោតលើការងារ និងត្រៀមបង្កើតភាពយន្ដថ្មីគឺ បាល់ទាត់ សៀវលីងវគ្គ ២។ លោកក៏បង្ហើបថា មានគម្រោងផលិតភាពយន្ដជាច្រើនបន្ដបន្ទាប់ផងដែរ ៕

























Account
Security
Favourite Content