យោងតាមសាររព័ត៌មាន Zapzee កាលពីថ្ងៃទី៩ ខែកញ្ញា កន្លងទៅ រដ្ឋសភាកូរ៉េខាងត្បូងបានរៀបចំសវនាការសាធារណៈមួយ ក្នុងគោលបំណងរៀបចំសេចក្ដីព្រាងច្បាប់ថ្មី ដើម្បីតម្កល់ទុកប្រាក់ចំណូលរបស់តារាវ័យក្មេងដែលមិនទាន់គ្រាប់អាយុ ការពារកុំឱ្យមានករណីដូច Kim Sae Ron ម្ដងទៀត។

សូមរំឭកពីរឿងរ៉ាវរបស់ Kim Sae Ron ថា តារាសម្ដែងស្រីរូបនេះ បានចូលប្រឡូកក្នុងអាជីពសម្ដែងតាំងតែពីវ័យកុមារ ជាមួយនឹងប្រជាប្រិយភាពដែលអាចរកប្រាក់ចំណូលបានជាច្រើន។ យ៉ាងណាមិញ លុះពេញវ័យ បែរជាមានព័ត៌មានថា តារាស្រីវ័យ ២៤ឆ្នាំមានបំណុលជាប់ខ្លួនដល់ទៅ ១.២ពាន់លានវ៉ុន ឬប្រមាណ ៨៨ម៉ឺនដុល្លារអាមេរិក រហូតសាធារណជនបានចាត់ទុកបញ្ហានេះ ក្លាយជាមូលហេតុចម្បងមួយដែលនាងសម្រេចចិត្តធ្វើអត្តឃាត។
គម្រោងច្បាប់ថ្មីដែលមានឈ្មោះថា “Korean Coogan Law” បានណែនាំដោយអ្នកតំណាង Bae Hyun Jin តាំងតែពីខែមិថុនា កន្លងទៅ ក្នុងគោលបំណងបង្កកទុកប្រាក់ចំណូលរបស់តារាវ័យក្មេងចំនួន ៥០ភាគរយ ទុកសម្រាប់បើកឱ្យពួកគេវិញ នៅពេលដែលពេញវ័យ។


អ្នកនយោបាយដែលធ្លាប់ធ្វើជាពិធីការនីឱ្យស្ថានីយទូទស្សន៍ MBC រូបនេះ បានលើកឡើងថា៖ “ខណៈពេលដែលវប្បធម៌របស់យើងកំពុងតែទទួលបានការពេញនិយម មិនថាវិស័យខេប៉ុប ក៏ដូចជារឿងភាគកូរ៉េ ដែលកំពុងតែស្ថិតនៅក្នុងយុគមាស និងទទួលបានក្ដីស្រឡាញ់ជាច្រើន មានករណីជាច្រើនដែលតារាវ័យក្មេងត្រូវបាត់បង់ចំណូលដែលពួកគេរកបានទៅឱ្យឪពុកម្ដាយ ឬសាច់ញាតិ ដែលធ្វើឱ្យគេត្រូវជួបនឹងបញ្ហាហិរញ្ញវត្ថុនៅពេលដែលពេញវ័យ”។
លោកស្រីបានសង្កត់ធ្ងន់ ជាមួយនឹងឧទាហរណ៍ជាក់ស្ដែងថា Kim Sae Ron កាលពីក្មេងនាងរកប្រាក់ចំណូលបានច្រើនណាស់ តែបែរជាមានការរាយការណ៍ថា នាងជួបបញ្ហាហិរញ្ញវត្ថុក្នុងជីវិតនៅពេលធំឡើង។ គាត់បន្តថា រឿងនេះកើតឡើងបាន ព្រោះមិនមានច្បាប់ការពារប្រាក់ចំណូលឱ្យបានត្រឹមត្រូវ ហើយវាមិនគួរកើតមានម្ដងទៀតនោះទេ។
ដោយហេតុថា សេចក្ដីព្រាងច្បាប់ថ្មីនេះ បានយកគំរូតាមច្បាប់តែមួយរបស់សហរដ្ឋអាមេរិក ដែលអនុម័តឱ្យប្រើប្រាស់តាំងតែពីឆ្នាំ ១៩៣៩ ក្នុងគោលបំណងបង្កកប្រាក់ចំណូលរបស់តារាវ័យក្មេង ១៥ភាគរយ លោក Song Eon Seok មេដឹកនាំគណបក្សអំណាចប្រជាជនក៏បានបង្ហាញការគាំទ្រទៅនឹងសេចក្ដីព្រាងនេះ ព្រោះលោកយល់ថា កូរ៉េខាងត្បូងក៏គួរមានច្បាប់តែមួយនេះដូចសហរដ្ឋអាមេរិកដែរ៕
























Account
Security
Favourite Content