ចាប់តាំងពីបោះជំហានចូលវិស័យភាពយន្តខ្មែរ សួង ស៊ីធឿន ត្រូវគេទទួលស្គាល់សមត្ថភាពសម្តែង ដោយនាងអាចសម្តែងបានគ្រប់ទម្រង់តួអង្គដែលផលិតករចង់បាន។ ពិសេសជាងនេះ គឺនាងជាតារាស្រីម្នាក់ដែលត្រូវប៉ាន់តំណែងតួឯករឿងខ្មោចបែបរន្ធត់ព្រឺព្រួចតែម្តង។

ជាក់ស្តែង ច្រើនឆ្នាំមកនេះ គេកត់សម្គាល់ថា ស្រីស្រស់និយមសាក់រូបលើដងខ្លួនរូបនេះ តែងតែលេចមុខក្នុងរឿងខ្មោចបែបព្រឺព្រួច មិនថារឿងនោះជារឿងខ្មោចបែបកំប្លែង រឿងខ្មោចបែបរន្ធត់និយាយពីមន្តអាគមផ្លូវងងឹត ឬពេលខ្លះត្រូវដេកថតក្នុងមឈូសពិតៗ ក៏នាងមិនញញើតថតនោះដែរ។








ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹង ស៊ីធឿន ថា ដោយសារនាងធ្លាប់មានបទពិសោធន៍ថតរឿងខ្មោចច្រើនហើយ ដូច្នេះនាងមិនខ្លាចថតរឿងបែបនេះនោះទេ។ តួយ៉ាង សូម្បីស្នាដៃរឿងខ្មោចថ្មីចំណងជើង «ខ្សែចងក» ដែលនាងសម្តែងជាតួឯក ក៏នាងមិនគ្មានភាពភ័យខ្លាចរឿងព្រលឹងវិញ្ញាណអ្វីឡើយ ទោះបីតារាសម្តែងផ្សេងៗនិយាយណាពួកគេជួបរឿងប្លែកៗអំឡុងពេលថតក៏ដោយ។

តារាសម្តែងស្រីឆ្វាក់តំណែងតួឯករឿងខ្មោច ឱ្យដឹងទៀតថា សម្រាប់ឆ្នាំនេះនាងមានស្នាដៃរឿងខ្មោចជាច្រើនមកចែកជូនហ្វេនទស្សនា ព្រោះនាងបានសំងំថតរឿងខ្មោចរយៈពេលច្រើនខែមកហើយ។ នាងជឿជាក់ថា ហ្វេនៗនឹងនៅតែគាំទ្រស្នាដៃសម្តែងរបស់នាង ទាំងរឿងមនោសញ្ចេតនា និងរឿងខ្មោច។
ក្រឡេកមកជីវិតឯកជនវិញ ប៉ុន្មានថ្ងៃមុននេះ សួង ស៊ីធឿន ធ្វើតែសម្ពោធបើកដំណើរការផ្ទះសំណាក់ថ្មី «ស្រែជ័យ ប៊ូទិក» ខណៈរឿងរៀបការជាមួយគូដណ្តឹង លោក អ៊ូ សំខាន់ ត្រូវបន្លាយពេលទៅមុខយូរទៀត ព្រោះនាងត្រូវការពេលវេលាសន្សំប្រាក់បន្ថែមសិន៕

























Account
Security
Favourite Content