ជាថ្មីម្ដងទៀត សម្រស់របស់តារាស្រី Song HyeKyo ត្រូវបានគេលើកឡើងយកនិយាយពាសពេញបណ្ដាញសង្គម ដោយសារតែរូបរាងរបស់នាងហាក់មិនចេះចាស់ទាល់តែសោះ គឺកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។



កាលពីព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ តារាស្រី Song HyeKyo បានបង្ហាញខ្លួននៅព្រលានយន្ដហោះ Incheon ប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង។ នាងនឹងចូលរួមជាភ្ញៀវកិត្ដិយសម្នាក់ក្នុងកម្មវិធី Paris Fashion Week របស់ប្រេន Fendi ។
គ្រាន់តែបង្ហាញខ្លួនភ្លាម តារាស្រីវ័យ ៤២ ឆ្នាំរូបនេះបានក្លាយជាទីចាប់អារម្មណ៍របស់មហាជន និងអ្នកគាំទ្រភ្លាមៗ ដោយសារតែសម្រស់ស្អាតពីធម្មជាតិ។ Song HyeKyo មិនបានតុបតែងមុខ ឬផាត់ម្សៅក្រាស់ឡើយ នាងដើរចេញមកទីសាធារណៈដោយតុបតែខ្លួនសាមញ្ញ។ ស្បែកមុខរបស់នាងវិញត្រូវបានគេកត់សម្គាល់ថា រលោងស្អាត ស្ទើរគ្មានស្នាមជ្រីវជ្រួញ ខណៈក្រោមរង្វង់ភ្នែកក៏មើលទៅភ្លឺស្រស់ថ្លា។


ជាមួយគ្នាដែរ តារាស្រី Song HyeKyo បានបង្ហាញស្នាមញញឹមដើម្បីរាក់ទាក់ក្រុមអ្នកគាំទ្រ មហាជន និងក្រុមអ្នកកាសែតដែលមានវត្ដមាននៅទីនោះ។ ស្នាមញញឹមរបស់នាងកាន់តែធ្វើឲ្យតារាស្រីរូបនេះមានភាពទាក់ទាញ និងមើលទៅកាន់តែស្រស់ស្អាតទ្វេដងថែមទៀត។ គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាស្រី Song HyeKyo តែងតែត្រូវមហាជនជាច្រើនសរសើរខ្លាំងពីសម្រស់ក្មេងជាងវ័យរបស់នាង។
រាល់ពេលដើរចេញក្រៅ រូបនាងតែងក្លាយជារឿងរ៉ាវដែលគេលើកមកនិយាយ និងសរសើរ។ មិនត្រឹមតែសម្រស់កាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃទេ សូម្បីតែអាជីពសិល្បៈរបស់នាងក៏កាន់តែរីកចម្រើនខ្លាំងនឹកស្មានមិនដល់ តម្លៃខ្លួនក៏ថ្លៃកប់ពពក។ តម្លៃខ្លួនរបស់នាងត្រូវបានគេរាយការណ៍ហក់ឡើងដល់ជិត ១៧ ម៉ឺនដុល្លារអាមេរិក ក្នុងការថតរឿងមួយភាគ៕


























Account
Security
Favourite Content