ថ្មីៗ នេះ តារាសម្ដែងស្រីល្បី Song Hyekyo ឬគ្រប់គ្នាស្គាល់ថា ហាន់ ជីអ៊ុន បានវិលត្រឡប់មកវិញជាមួយរឿងភាគថ្មីមានចំណងជើងថា “The Glory”។ សម្រាប់រឿងមួយនេះ ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនមិនថាតែនៅក្នុងប្រទេស និងក្រៅប្រទេស។ ស្របពេលជាមួយគ្នាដែរ តារាស្រីវ័យ ៤១ ឆ្នាំរូបនេះក៏ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់នាង ដោយសារមើលទៅពិតជាសម្ដែងសម និងជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង។
បើតាមការបញ្ជាក់របស់តារាស្រី Song Hyekyo ដើម្បីថតរឿងនេះ នាងត្រូវចំណាយពេលដល់ទៅពីរខែសម្រាប់សម្រកគីឡូ ព្រោះមានឈុតឆាកត្រូវសម្ដែងដោះសម្លៀកបំពាក់សល់តែអាវខាងក្នុង ដោយអ្នកដឹកនាំចង់ឱ្យរូបនាងមើលទៅស្គមជាងមុនសក្ដិសមជាមួយតួអង្គដែលនាងសម្ដែងដែលត្រូវគេធ្វើបាប bully ខ្លាំងកាលពីនៅវ័យជំទង់។
នាងបន្ថែមថា៖ រយៈពេល ២ ខែ នាងហូបតែរបស់ម៉្យាងគត់គឺ Konjac ដែលវាជាប្រភេទអាហារធ្វើពីបន្លែម្យ៉ាងដែលមានដុះនៅតែតំបន់អាស៊ីប៉ុណ្ណោះ។ បន្លែទាំងនោះត្រូវគេចំរាញ់ធ្វើជាមី ឬបាយ ហើយវាមានជាតិស្ករតិចបំផុតហូបទៅមិនឡើងគីឡូឡើយ។
គួរបញ្ជាក់ថា “The Glory” ជារឿងនិយាយពីនារីម្នាក់ដែលត្រូវគេធ្វើបាបតាំងពីក្មេង ខណៈរឿងទាំងអស់នោះដក់ជាប់ក្នុងចិត្តមិនអាចបំភ្លេចបាន ហើយនាងក៏សម្រេចចិត្តត្រឡប់មកសងសឹកដល់អ្នកទាំងឡាយណាដែលបានធ្វើបាបនាង៕























































Account
Security
Favourite Content