បើចំពោះតារាស្រីល្បីៗប្រចាំប្រទេសកូរ៉េខាងត្បូង ភាគច្រើនយើងស្ទើរតែមិនអាចទស្សន៍ទាយពីអាយុពិតរបស់ពួកគេនោះទេ។ ដោយសារតែភាពប៉ិនប្រសព្វក្នុងការថែរក្សាសម្រស់ទើបធ្វើឱ្យពួកគេមានស្បែកម៉ត់រលោង គ្មានស្នាមជ្រីវជ្រួញ និងក្មេងជាងវ័យ។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកនូវគន្លឹះថែសម្ផស្សខ្លះៗពីតារាស្រីល្បីរបស់ប្រទេសកូរ៉េខាងត្បូងដែលនិយមធ្វើមុនអាយុ ៣៥ ឆ្នាំ៖
១. Jisoo

មិនត្រឹមតែក្នុងកាមេរ៉ាទេ សូម្បីនៅខាងក្រៅភាគច្រើនសមាជិកកូនបងប្រចាំក្រុមតារាចម្រៀងនារី BLACKPINK Jisoo តែងតែត្រូវគេសរសើរនូវស្បែកដែលគ្មានស្នាមជ្រីវជ្រួញ និងម៉ត់រលោងបែបធម្មជាតិតែម្ដង។ សម្រាប់ការផាត់មុខ នាងចូលចិត្តផាត់បែបស្ដើងៗដើម្បីបញ្ចេញសម្រស់ធម្មជាតិជាជាងការប្រើប្រាស់គ្រឿងសម្អាងច្រើបហើយក្រាស់។
លើសពីនេះ Jisoo ក៏បានសង្កត់ធ្ងន់ទៅលើការផ្ដល់សំណើមទៅដល់ស្បែកផងដែរ ជាពិសេសពេអាកាសធាតុប្រែប្រួល។ ជាទូទៅនាងមានទម្លាប់បិតម៉ាស ៣ ដងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ រហូតត្រូវបានគេដាក់រហស្សនាមឱ្យថាជា កំពូលអ្នកប្រើប្រាស់ម៉ាស តែម្ដង។
២. Bae Suzy

ជាញឹកញាប់តារាស្រី Bae Suzy បានបង្ហោះរូបថតដែលគ្មានការផាត់ ឬតុបតែងមុខទៅកាន់អ្នកគាំទ្រ។ បើទោះបីជាមានការផាត់មុខក៏ដោយ ក៏នាងចូលចិត្តផាត់បែបស្រាល និងធម្មជាតិដែលមើលទៅស្ទើរតែមិនឃើញម្សៅទៅហើយ។ ដើម្បីអាចរក្សាស្បែកមុខឱ្យស្អាតតាមបែបធម្មជាតិនេះ នាងតែងតែអនុវត្តជាមួយនឹងក្បួន ៤-២-៤ នៃការលាងសម្អាតមុខ។ ចំពោះទម្លាប់នេះមានន័យថា៖
- ការប្រើប្រាស់ពេល ៤ នាទីសម្រាប់ការម៉ាស្សាលើស្បែកថ្នមៗជាមួយប្រេងលាងសម្អាតមុខ
- ការប្រើប្រាស់ពេល ២ នាទីសម្រាប់ម៉ាស្សាជាមួយហ្វូមលាងសម្អាតមុខ
- ជាចុងក្រោយគឺការប្រើប្រាស់ពេល ៤ នាទីដើម្បីលុបលាងមុខជាមួយទឹកក្ដៅឧណ្ហៗ និងទឹកត្រជាក់។
៣. IU

បន្ទាប់ពីទេពកោសល្យផ្នែកសិល្បៈហើយ តារាចម្រៀងស្រីវ័យ ៣០ ឆ្នាំរូបនេះក៏មាននូវអាថ៌កំបាំងថែរក្សាសម្រស់ដែលងាយស្រួល និងចំណាយពេលតិចផងដែរ។ សម្រាប់អាថ៌កំបាំងមួយនោះគឺការប្រើប្រាស់ម៉ាសទឹកដោះគោដែលធ្វើដោយដៃទៅលាបលើមុខហើយទុកប្រហែល ២០ នាទីរួចសម្អាតចេញ។ ម៉ាសប្រភេទនេះមិនត្រឹមតែផ្ដល់សំណើមយ៉ាងជ្រៅក្នុងស្រទាប់ស្បែកប៉ុណ្ណោះទេ វាថែមទាំងជួយឱ្យមានភាពភ្លឺរលោង និងបំបាតត់ស្នាមជ្រីវជ្រួញផងដែរ។
៤. Shin Hye Sun

ក្នុងកម្មវិធីទូរទស្សន៍មួយ តួឯកស្រីរឿង Mr. Queen បានចែករំលែកពីអាថ៌កំបាំងនៃការថែរក្សាស្បែករបស់នាងគឺប្រើប្រេងមកម៉ាស្សាលើស្បែកមុខថ្នមៗរហូតដល់ជ្រាបចូលអស់។ នាងក៏បានបន្ថែមថាតិចនិកនៃការម៉ាស្សាបែបនេះគឺអាចជួយសម្រួលដល់ចលនាឈាម និងកាត់បន្ថយការឡើងហើមលើផ្ទៃមុខផងដែរ។ លើសពីនេះនាងតែងតែមានទម្លាប់មិតម៉ាសជារៀងរាល់ថ្ងៃដើម្បីរក្សាសំណើម។ ជាតារាសម្ដែងជៀសមិនផុតពីការផាត់មុខនោះទេ ហើយសម្រាប់នាងផ្ទាល់គឺចូលចិត្តការផាត់បែបស្រាលៗ ឬមិនផាត់សោះតែម្ដងក៏មានដើម្បីការពារពីការឡើងស្នាមជ្រួញ។
៥. Kim Se Jeong

បើទោះបីជាមានកាលវិភាគមមាញឹកយ៉ាងណា ក៏តារាស្រី Kim Se Jeong មិនធ្វេសប្រហែសក្នុងការថែទាំសុខភាពស្បែកនោះទេ។ ក្រៅពីការផាត់មុខបែបស្រាលធម្មជាតិហើយ នាងមានទម្លាប់បិតម៉ាសយ៉ាងហោចណាស់ ៤ ដងក្នុងមួយសប្ដាហ៍។ ហើយចំពោះប្រភេទវិញគឺតម្រូវទៅតាមស្ថានភាពស្បែកជាក់ស្ដែងរបស់នាង។ ជាមួយគ្នានេះ នាងក៏បានលាយម៉ាសដែលធ្វើពីអង្ករដោយខ្លួនឯងដើម្បីផ្ដល់សំណើម ជួយឱ្យមុខទន់រលោង និងជម្រុះចោលនូវកោសិកាចាស់ៗផងដែរ៕






















Account
Security
Favourite Content