ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៣ ជាគម្រប់ខួបនៃការស្លាប់របស់សមាជិកក្រុមចម្រៀងខេប៉ុបល្បីគឺ JongHyun។ ថ្វីបើលោកចាកចេញអស់រយៈពេល ៦ ឆ្នាំទៅហើយក្ដី ប៉ុន្ដែគ្មានអ្នកគាំទ្ររបស់ក្រុមចម្រៀង SHINee ណាម្នាក់អាចបំភ្លេចរូបលោកបានឡើយ។



ជាមួយគ្នាដែរ សមាជិករបស់ក្រុម SHINee គឺ Minho ក៏បានបង្ហោះសាររំជួលចិត្តទៅកាន់តារាប្រុស JongHyun ដែលលោកមិនត្រឹមតែជាសមាជិកក្រុម លោកក៏ប្រៀបដូចជាបងប្រុសដ៏ល្អម្នាក់ក្នុងក្រុម។ សាររំជួលចិត្តរបស់ Minho មានខ្លឹមសារថា៖ “វាជារដូវត្រជាក់ដ៏កក់ក្ដៅ អរគុណដល់បងប្រុស។ ខ្ញុំពិតជានឹកអ្នក ហើយនឹកកាន់តែខ្លាំងជាងឆ្នាំរាល់ដង។ ខ្ញុំតែងតែនឹកដល់បងប្រុស និងចងចាំរឿងល្អៗ ជាច្រើន។ ខ្ញុំបាននិយាយរំឭកពីបងប្រុសទៅកាន់មនុស្សជាច្រើន។ ខ្ញុំបានទៅជួបម្ដាយរបស់បងប្រុស និងលើកទឹកចិត្តដល់គាត់ ដូច្នេះកុំមានការព្រួយបារម្ភ។ មនុស្សជាច្រើនពិតជានឹកដល់បងប្រុស។ បើមានពេលគិតដល់រូបខ្ញុំខ្លះផង។ ជួបគ្នាម្ដងទៀត”។


សាររបស់ Minho ពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើនរំជួលចិត្ត និងមានអារម្មណ៍សោកសង្រេង ដោយសារតែគ្រប់គ្នានឹកដល់ JongHyun និងសង្ឃឹមថាលោកនៅតែមានជីវិតព្រមទាំងរស់នៅដោយសប្បាយរីករាយ។


តារាប្រុស JongHyun កើតនៅថ្ងៃទី ៨ ខែ មេសា ឆ្នាំ ១៩៩០។ លោកបានចេញច្រៀងជាផ្លូវការជាមួយក្រុម SHINee ក្នុងឆ្នាំ ២០០៨។ លោកត្រូវបានមហាជន និងអ្នកគាំទ្រជាច្រើនសរសើរពីសំឡេងដ៏ពីរោះ។ JongHyun មិនត្រឹមតែមានសំឡេងពីរោះ តែលោកក៏អាចសរសេរចម្រៀង និងនិពន្ធទំនុកច្រៀងដោយខ្លួនឯងដែរ។ ក្នុងឆ្នាំ ២០១៧ ជាពេលវេលាដែលអ្នកគាំទ្រជាច្រើនស្លុតចិត្ត និងស្ទើរតែមិនអាចទទួលយកបាន ដោយសារលោកសម្រេចបញ្ចប់ជីវិតរបស់ខ្លួនក្រោយមានជំងឺបាក់ទឹកចិត្ដធ្ងន់ធ្ងរ ៕

























Account
Security
Favourite Content