Onew ជាសមាជិកក្រុមចម្រៀងខេប៉ុបដ៏ល្បី SHINee បន្ទាប់ពីស្ថិតក្រោមទ្រនំ SM រហូតដល់ ១៧ ឆ្នាំ លោកក៏បានសម្រេចចិត្ដចាកចេញ មិនបន្ដកុងត្រាជាមួយផលិតកម្មចាស់ទៀតនោះទេ។ ស្របពេលតារាប្រុសរូបនេះ ក៏មិនដែលទម្លាយពីមូលហេតុពិតប្រាក បណ្ដាលឲ្យដើរចេញផងដែរ។ Onew បានចាកចេញពីផលិតកម្ម SM នៅខែ មីនា ឆ្នាំ ២០២៤។
ថ្មីៗនេះ សមាជិកច្បងក្នុងក្រុម SHINee បានចូលរួមកម្មវិធីរបស់តារាប្រុស Zico និងនិយាយរំឭកពីអាជីពសិល្បៈរបស់ខ្លួន។ ក្នុងឱកាសនោះដែរ Onew ក៏បានទម្លាយពីមូលហេតុធ្វើឲ្យលោកសម្រេចចិត្ដ ចាកចេញពីផលិតកម្ម SM ដោយមិនរារែកចិត្ដ បើទោះជាធ្លាប់ស្ថិតក្រោមផលិតកម្មដ៏ធំនេះអស់រយៈពេលជាង ១៧ ឆ្នាំទៅហើយ។


Onew បានបញ្ជាក់ឲ្យដឹងថា លោកជាមនុស្សតែងមានសម្ពាធខ្លាំង នៅពេលត្រូវច្រៀងនៅមុខមនុស្សជាច្រើន តែឥឡូវលោកបានផ្លាស់ប្ដូរច្រើនហើយ។ លោកផ្លាស់ប្ដូរគំនិត ចង់ជួបមនុស្សជាច្រើន ចែករំលែកគំនិតវិជ្ជមាន ចែករំលែកចម្រៀង និងក្ដីស្រឡាញ់។
តារាប្រុសវ័យ ៣៤ឆ្នាំបន្ដថា៖ ស្ថិតនៅក្រោមផលិតកម្មដែលធំ ធ្វើឲ្យលោកមានអារម្មណ៍ថា ជាការឃុំខ្លួនឯងនៅកន្លែងស្រួល និងមិនចង់ដើរចេញទៅមើលពិភពលោកក្រៅ។ ដូច្នេះលោកក៏មានគំនិត ហេតុអ្វីមិនសាកល្បងធ្វើអ្វីដែលថ្មីៗ និងតេស្ដពីសមត្ថភាពរបស់ខ្លួន អាចធ្វើអ្វីបានខ្លះទៀត។



លោកបន្ថែមថា វាមានរយៈពេល ៣ ទៅ ៤ ខែ ហើយ ដែលលោកបានចាកចេញពី SM។ លោកចាប់ផ្ដើមរៀបចំកាលវិភាគ និងគ្រប់យ៉ាងសម្រាប់សកម្មភាពទោលរបស់ខ្លួន។ SHINee នៅបន្ដជាក្រុមដូចដើម។ វាប្រៀបធៀបដូចជាការផ្លាស់ប្ដូរផ្ទះ ផ្លាស់ទីកន្លែង តែទំនាក់ទំនងនៅតែបន្ដដូចដើម។



គួរបញ្ជាក់ថា Onew ជាតារាខេប៉ុបរៀមច្បងម្នាក់ ដែលត្រូវបានមនុស្សជាច្រើនគោរពស្រឡាញ់ ជារឿយៗ លោកតែងតែផ្ដល់ដំបូន្មាន និងពាក្យដាស់តឿនដល់ តារាខេប៉ុបជំនាន់ក្រោយផងដែរ។ ជាពិសេស លោកតែងរំឭកឲ្យតារាខេប៉ុបទាំងអស់ស្រឡាញ់យកចិត្ដទុកដាក់ចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្ដរបស់ខ្លួន។ បច្ចុប្បន្ន Onew បានផ្ដោតលើសកម្មភាពទោលរបស់ខ្លួន ក៏ដូចជាសកម្មភាពក្រុមជាមួយ SHINee៕























Account
Security
Favourite Content