ថ្មីៗ នេះ តារាសម្ដែងស្រី Shin MinAh ដែលជាមិត្ដស្រីរបស់តារាប្រុស Kim WooBin បានរៀបចំពិធីខួបកំណើតអបអររូបនាងឈានចូលវ័យ ៤០ ឆ្នាំ។ អ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍មុនគេនោះគឺសម្រស់ស្រស់ស្អាត អមនឹងស្នាមញញឹម ធ្វើឲ្យនាងមើលទៅក្មេងជាងវ័យខ្លាំង។
ក្នុងឱកាស ឈានចូលវ័យ ៤០ ឆ្នាំ តារាស្រី Shin MinAh បានបង្ហោះរូបភាពជាច្រើនសន្លឹក និងអមជាមួយពាក្យពេចន៍ថា៖ អរគុណ ដល់ក្រុមគ្រួសារ មិត្ដភក្ដិ និងមនុស្សជុំវិញដែលបានអបអរថ្ងៃកំណើតរូបនាង។



ទន្ទឹមនេះ Shin MinAh ក៏ធ្លាប់បានចែករំលែកពីវិធីដែលធ្វើឲ្យរូបនាងរស់នៅយ៉ាងរីករាយ និងក្មេងជាងវ័យ។ Shin MinAh បានលើកឡើងថា៖ ការជ្រើសរើសផលិតផលថែរក្សាស្បែកជារឿងសំខាន់ នាងតែងយកចិត្ដទុកដាក់ចំពោះស្បែករបស់នាង មិនថាមុខ ឬដងខ្លួន។ នាងតែងលុបមុខឲ្យបានត្រឹមត្រូវ និងប្រើប្រាស់សេរ៉ូមជំនួយស្បែក។ ការប្រើឡេការពារកម្ដៅថ្ងៃជារឿងមួយមិនត្រូវភ្លេច ការចេះរៀបចំការថែរក្សាស្បែក ពិតជាធ្វើឲ្យនាងមានសុខភាពស្បែកល្អ។ បើទោះជានាងមានរវល់ខ្លាំង ក៏រូបរាងរបស់នាងនៅតែមើលទៅល្អប្រសើរ។ ជាពិសេស នាងលើកឡើងថា ការហាត់ប្រាណបញ្ចេញជាតិពុល ក៏ជាផ្នែកមួយជួយដល់សម្រស់ក្មេងជាងវ័យ។



ក្រៅពីនេះ គន្លឹះថែរក្សាស្បែក មហាជន និងអ្នកគាំទ្រជាច្រើនជឿថា រូបរាងរបស់នាងនៅតែក្មេងជាងវ័យខ្លាំង ដោយសារមិនសូវស្ដ្រេស និងគិតច្រើន។ Shin MinAh ជាតារាស្រីមិនសូវប្រើប្រាស់ ឬលេចមុខខ្លាំងលើបណ្ដាញសង្គម នាងតែងតែចំណាយពេលវេលាដើរលេងកម្សាន្ដ។ មួយវិញទៀត ទំនាក់ទំនងស្នេហាយល់ចិត្ដ តារាស្រី Shin MinAh និងមិត្ដប្រុស Kim WooBin ត្រូវបានគេចាត់ទុកថាជាគូស្នេហ៍ផ្អែមល្ហែមសាមញ្ញមួយ ថ្វីបើមិនសូវបង្ហាញជាសាធារណៈ តែអ្នកទាំងពីរឧស្សាហ៍ត្រូវបានគេប្រទះឃើញដើរកម្សាន្ដជុំគ្នា។ កំឡុងពេល តារាប្រុស Kim WooBin កើតមហារីក លោកបានលើកឡើងថា មិត្ដស្រីរបស់ខ្លួនជាផ្នែកមួយសំខាន់ និងជាអ្នកលើកទឹកចិត្ដជួយដល់លោក រហូតជាសះស្បើយ។
គួរបញ្ជាក់ថា Shin MinAh ជាតារាស្រីលេចធ្លោម្នាក់ រូបនាងចាប់ផ្ដើមមានភាពល្បីល្បាញក្រោយបង្ហាញខ្លួនក្នុងរឿង “My Girlfriend is a Gumiho” ជាបន្ដបន្ទាប់នាងបានលេចមុខក្នុងរឿងភាគជាច្រើន។ នាងត្រៀមត្រឡប់មកវិញជាមួយរឿងភាគថ្មី “Because I Want No Loss”៕


























Account
Security
Favourite Content