កៀកថ្ងៃសម្ដែងនៅបារាំងដូចនេះហើយសិល្បកររបស់ផលិតកម្មបារមីទាំង ៥ នាក់ បានចេញដំណើរជុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាល្ងាចថ្ងៃ ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយមានក្រុមគ្រួសារបានទៅជូនដោយផ្ទាល់។

ការចេញទៅសម្ដែងនៅសាល Salle Pleyel ទីក្រុងប៉ារីសប្រទេសបារាំងរបស់តារាប្រុសស្រីដែលពោរពេញទៅដោយសមត្ថភាព ទទួលបានការគាំទ្រទាំងនៅក្នុងស្រុក និងក្រៅស្រុក ពិសេសអាណិកជនខ្មែរ រស់នៅប្រទេសបារាំងតែម្ដង។ ថ្ងៃចេញដំណើរនេះដែរ អ្នកគាំទ្រជាច្រើនបានទៅចោមរោម និងជូនពរតារាទាំង ៥ រូប ឲ្យទទួលបានជោគជ័យ ពេលទៅប្រគំតន្ត្រីលើកនេះ។
មុនចាកចេញទៅបារាំងដើម្បីនាំយកសិល្បៈវប្បធម៌ ក៏ដូចជាបង្ហាញពីបទចម្រៀងខ្មែរបែបសម័យនៃតារាប្រុសស្រីទាំង ៥ បានផ្ដល់បទសម្ភាសន៍ខ្លីមកកាន់អ្នកសារព័ត៌មាន។ អ្នកដំបូងគឺកញ្ញា ឡូរ៉ា ម៉ម ដែលជាអ្នកដឹកនាំ ពោលមកយ៉ាងដូច្នេះថា ការបានទៅសម្ដែងនៅ Salle Pleyel គឺមិនមែនជារឿងងាយស្រួលឡើយសម្រាប់ក្រុមតន្ត្រី (មានន័យថាជាលើកដំបូងរបស់សិល្បករផ្នែកចម្រៀង បានទៅសម្ដែងទីនោះ) តែដោយសារ វណ្ណដា ធ្លាប់បានទៅសម្ដែងបិទការប្រកួតអូឡាំពិករដូវក្ដៅកាលពីឆ្នាំមុននៅបារាំង ទើបគេដឹងពីកេរ្តិ៍ឈ្មោះខ្មែរ។

ម្ចាស់ផលិតកម្មបារមីរូបនេះបន្ថែមទៀតថា ការទៅសម្ដែងនៅ Salle Pleyel ក្រោមប្រធានបទ «Rise for Khmer» លើសពីការប្រគំតន្ត្រី ហើយក៏ដើម្បីបង្ហាញពីសាមគ្គីភាពរបស់ជនជាតិខ្មែរដែលរស់នៅបរទេសថែមទៀតផង។ កញ្ញាជឿជាក់ថាការសម្ដែងនឹងជោគជ័យ ព្រោះសិល្បករទាំង ៥ មានសំឡេងបែបទំនើប និងសមត្ថភាព រួមជាមួយបច្ចេកទេសគ្រប់គ្រាន់ ហើយមិនថាតែបារាំងទេ ទោះនៅអាមេរិក ឬនៅទីណាក៏នឹងមានចូលចិត្ត ស្រលាញ់សំឡេងខ្មែរ។ ឡូរ៉ា បន្តយ៉ាងមុតមាំច្បាស់លាស់ថា សំឡេងខ្មែរ គឺពិសេស ហើយពិភពលោកមិនទាន់ស្ដាប់ ហើយពេលដែលស្ដាប់ គេនឹងស្រលាញ់។
ចំណែក វណ្ណដា ផ្ដល់បទសម្ភាសន៍មកកាន់ក្រុមសារព័ត៌មានខ្លីៗមកថា លោកបានទៅបារាំងលើកទី២ តែម្ដងនេះពិតជាអស្ចារ្យ និងរំភើបជាងពេលមុន ព្រោះបានសម្ដែងពេញលេញ។ ទៅលើកនេះក្រុមតារាបារមី ព្រមទាំងទៅយកភាគជោគជ័យ សាមគ្គី ហើយនឹងបានបង្ហាញពីវប្បធម៌ខ្មែរ ទៅកាន់អ្នកនៅបារាំងទាំងអស់គ្នា។
“Rise for Khmer” នឹងធ្វើឡើងនៅថ្ងៃ ១ ខែធ្នូ ឆ្នាំ ២០២៥ នៅ Salle Pleyel ដែលជាសាលប្រគំតន្ត្រីមួយនៅក្នុងសង្កាត់ទី ៨ នៃទីក្រុងប៉ារីស ប្រទេសបារាំង៕































































Account
Security
Favourite Content