សមិទ្ធិករវ័យក្មេង សាន ដាណិច ត្រូវបានមហោស្រពភាពយន្ត ទីក្រុងកាន ជ្រើសរើសដើម្បីបំពេញការងារតែងនិពន្ធ និងថតភាពយន្តខ្នាតវែងដំបូងរបស់ខ្លួន នាទីក្រុងប៉ារីស ជាមួយសមិទ្ធិករវ័យក្មេងអន្តរជាតិ ៥រូបផ្សេងទៀត។

តាមរយៈផេកផ្លូវការរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៤ បានឱ្យដឹងថា សមិទ្ធិករវ័យក្មេងរបស់កម្ពុជា សាន ដាណិច ត្រូវបានមហោ ស្រពភាពយន្តទីក្រុងកាន ជ្រើសរើសសម្រាប់កម្មវិធីជួយជ្រោមជ្រែងក្នុងគម្រោងភាពយន្តរបស់នាង និងត្រូវបានអនុញ្ញាត្តិឱ្យស្នាក់នៅទីក្រុងប៉ារីស៍ រហូតដល់ថ្ងៃទី ៣១ ខែ កក្កដា ដើម្បីបំពេញការងារលើការតែងនិពន្ធ និងការថតភាពយន្តខ្នាតវែងដំបូងរបស់នាងដែលមានចំណងជើងថា « To Leave, To Stay »។ មិនតែប៉ុណ្ណោះ កញ្ញា ដាណិច នឹងទទួលបានការជួយជ្រោមជ្រែងទាក់ទងនឹងសាច់រឿង និងបានជួបជាមួយសមិទ្ធិករនានា អ្នកប្រកបអាជីពក្នុងវិស័យភាពយន្ត ក៏ដូចជាតំណាងស្ថាប័នភាពយន្តផងដែរ។


គួរឱ្យដឹងដែរថា សាន ដាណិច ជាសមិទ្ធិករ និងជាអ្នកបំពេញការងារដោយសហការជាមួយក្រុមហ៊ុនភាពយន្ត Anti-Archive ចាប់តាំងពីឆ្នាំ២០១៥។ កញ្ញា ដាណិច ក៏ធ្លាប់ទទួលបានពានរង្វាន់ចំពោះខ្សែភាពយន្តខ្នាតខ្លីរបស់នាងចំនួនពីរផងដែរ គឺ «មួយលានឆ្នាំ» ដែលចេញកាលពីឆ្នាំ ២០១៨ និង «ថ្ងៃរះក្នុងចិត្ត» កាលពីឆ្នាំ ២០២០៕























Account
Security
Favourite Content