កាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៣ សារព័ត៌មានកូរ៉េបានទម្លាយថា តារាស្រី Barbie Hsu ឬសាន់ ឆាយ និងស្វាមីលោក Goo JunYup ទទួលបានចំណងដៃកូនភ្លោះហើយ ស្របពេលដែលគ្រួសារទាំងសងខាងពិតជាមានភាពសប្បាយរីករាយខ្លាំង។ ដំណឹងនេះ បានធ្វើឱ្យមហាជន និងអ្នកគាំទ្ររបស់អ្នកទាំងពីរចូលទៅអបអរសាទរភ្លាមៗ តែម្ដង និងសង្ឃឹមថាចំណងស្នេហ៍កាន់តែស្អិតល្មួត។


យ៉ាងណាមិញ ស្វាមីភរិយាមួយគូនេះមិនទាន់ចេញបកស្រាយពីរឿងរ៉ាវដែលអ្នកទាំងពីរទទួលបានចំណងដៃកូនភ្លោះឡើយ។ ប៉ុន្ដែមហាជនជាច្រើននៅតែជឿជាក់ថារឿងរ៉ាវមួយនេះជាការពិតគ្រាន់តែអ្នកទាំងពីរមិនទាន់ចេញប្រកាសប៉ុណ្ណោះ។
កាលពីប៉ុន្មានខែមុន សាន់ ឆាយ បានក្លាយជាប្រធានបទគេចាប់អារម្មណ៍ខ្លាំងក្រោយរូបនាងស្លៀកសម្លៀកបំពាក់រលុងៗខ្លាំង និងមើលទៅពោះធំជាងមុខខុសធម្មតា។ មហាជនជាច្រើនចាប់ផ្ដើមសង្ស័យថា នាងមានផ្ទៃពោះតាំងពីពេលនោះមកម្ល៉េះគ្រាន់តែមិនទាន់ប្រកាសជាសាធារណៈ។ អ្វីដែលសំខាន់ នាងមិនសូវបង្ហាញខ្លួនជាសាធារណៈឡើយចាប់តាំងពីលេចដំណឹងនាងមានផ្ទៃពោះជាហេតុធ្វើឱ្យគេសង្ស័យថា នាងសម្ងំមើលថែខ្លួន និងកូនក្នុងផ្ទៃ។

គួរបញ្ជាក់ថា សាន់ ឆាយ និងស្វាមីលោក Goo JunYup បានជួប និងបង្កើតចំណងស្នេហ៍តាំងពី ២៥ ឆ្នាំមុនមកម្ល៉េះ ប៉ុន្ដែក៏ត្រូវបែកគ្នាវិញដោយសារតែការងាររវល់រៀងៗខ្លួន។ រហូតដល់ឆ្នាំ ២០២២ អ្នកទាំងពីរក៏បានជួបត្រូវរូវគ្នាវិញ និងសម្រេចចិត្តរៀបការសាងគ្រួសាររួមគ្នាតែម្ដង៕



























Account
Security
Favourite Content