បុណ្យនៃក្តីស្រលាញ់ឆ្នាំនេះ តារាចម្រៀងរូបស្រស់ រ៉េត ស៊ូហ្សាណា ទទួលបានបាច់ផ្កាកូឡាបក្រហមឆ្អិនឆ្អៅ ៩៩ ទង ពីមនុស្សអាថ៌កំបាំង ខណៈអ្នកគាំទ្រខ្លះដាក់ការសង្ស័យទៅលើកូនប្រុសទី២ ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីនាគ ដែលកន្លងមកអ្នកទាំងពីរតែងតែទៅណាមកណាជាមួយគ្នា និងថតរូបស្និទ្ធស្នាលញឹកញាប់។
ទោះអ្នកគាំទ្រដាក់ការសង្ស័យយ៉ាងនេះក្តី ក៏ស្រីស្រស់ទងវងរូបនេះ ហាក់មិនខ្វល់អើពើ និងមិនតបតអ្វីទាំងអស់ទៅកាន់អ្នកគាំទ្រនាងនោះឡើយ។ ដ្បិតមិនដឹងថា ផ្កាកូឡាប ៩៩ ទងនោះជានរណាក៏ពិតមែន តែអ្នកគាំទ្រ និងសិល្បកររួមអាជីពជាច្រើនអបអរសាទរដល់តារាចម្រៀងរូបនេះ និងជូនពរឱ្យនាងមានតែសុភមង្គលថែមទៀតផង។
គួររំលឹកថា កន្លងមកមហាជនតែងតែចាប់អារម្មណ៍សកម្មភាពរបស់ ម្ចាស់បទ «សង្ស័យ» និង សុវត្ថិ មុនីនាគ ដែលជាកូនប្រុសទី២ របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្រោយអ្នកទាំងពីររួមការងារ និងថត MV ចម្រៀងជាមួយគ្នាមួយចំនួន។ ការដែលមហាជនចាប់អារម្មណ៍ខ្លាំងនោះ គឺសកម្មភាពអ្នកទាំងពីរមើលទៅស្និទ្ធស្នាលខ្លាំងលើសពីពាក្យថាមិត្តភ័ក្តិ ជាហេតុធ្វើឱ្យមហាជនមានចម្ងល់ និងដាក់ការសង្ស័យថាអ្នកទាំងពីរមានទំនាក់ទំនងពិសេសអ្វីជាមួយគ្នា ឬយ៉ាងណា?
គេនៅចាំថា កាលថ្ងៃឆ្លងឆ្នាំសកលឆ្នាំ២០២៣ តារាប្រុសស្រីមួយគូនេះ បានបង្ហោះរូបថតផ្អែមល្ហែមជាច្រើនសន្លឹក នៅកន្លែងលម្ហែកាយមួយ ថែមទាំងភ្ជាប់ Caption បែបថា «Happy new year from us everyone! សួស្តីឆ្នាំថ្មី» ដែល Caption នេះ ធ្វើឱ្យមហាជនគិតថា អ្នកទាំងពីរកំពុងបង្ហើបឱ្យឃើញពន្លកស្នេហារបស់ខ្លួន។ ដូច្នេះ ទើបអ្នកគាំទ្រដាក់ការសង្ស័យថា សុវត្ថិ មុនីនាគ អាចជាម្ចាស់បាច់ផ្កាកូឡាបដ៏ធំនោះ។ យ៉ាងណាមិញ នេះគ្រាន់ជាការសង្ស័យរបស់អ្នកគាំទ្រ តែម្ចាស់បាច់ផ្កាពិតប្រាកដជានរណាមានតែរង់ចាំការទម្លាយពី តារាចម្រៀងកំពុងមានទីផ្សារ រ៉េត ស៊ូហ្សណា៕






















































Account
Security
Favourite Content