បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០១៨ កញ្ញា រឿន ណាត នឹងក្លាយជាតួអង្គសំខាន់នៅក្នុងការគ្រងឈុតសម្លៀកបំពាក់ «អប្សរធម្មនន្ទ» ដែលជាការរចនាឡើងដោយ ម៉ែន និមលរតន៍ នាយកប្រតិបត្តិក្រុមហ៊ុនម៉ូដែលអន្តរជាតិកម្ពុជា (CIM) ជាការបង្ហាញពីស្នាដៃច្នៃម៉ូដរបស់លោក ក្នុងនាមជាសិស្សផ្នែករចនាម៉ូដ នៅសាលាបណ្តុះបណ្តាលច្នៃម៉ូដសម្លៀកបំពាក់ FASANA ប្រចាំឆ្នាំ ២០២៣។
រឿន ណាត នឹងគ្រងឈុតដ៏អស្ចារ្យនេះ ដើម្បីដើរបង្ហាញម៉ូដក្នុងព្រឹត្តិការណ៍ SHOW ME SOMETHING 2024 នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ។



តាមការឱ្យដឹងពី នាយកប្រតិបត្តិ CIM ឈុត «អប្សរធម្មនន្ទ» នេះត្រូវរចនាឡើងយ៉ាងសម្រិតសម្រាំង ដោយដកស្រង់ពីចម្លាក់អប្សរាផុសត្រដែតឡើងយ៉ាងស្រស់ស្អាតលើតួប្រាង្គប្រាសាទធម្មនន្ទ ស្ថិតនៅក្បែរប្រាសាទចៅសាយទេវតា ក្នុងក្រុងអង្គរ ខេត្តសៀមរាប។ ប្រាសាទ ធម្មនន្ទ កសាងឡើងនៅចុងសតវត្សទី១១ និង ដើមសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២។
លោកបន្តថា ការដែលលោកចាប់អារម្មណ៍ច្នៃឈុតបុរាណនេះឡើង គឺដោយសារលោកបានប្រទះឃើញឈុតអប្សរានេះ នៅក្នុងសៀវភៅម៉ូដសម្លៀកបំពាក់មួយដែលមានរំលេចពីឈុតអប្សរាជាច្រើនទម្រង់ និងច្រើនសណ្ឋានផ្សេងគ្នា។ លោកសង្កេតឃើញចំណុចពិសេសម៉្យាង ត្រង់ថាឈុតអប្សរាដែលនៅប្រាសាទធម្មនន្ទ ភាគច្រើននៃសំពត់អប្សរា គឺមានភ្លី មិនថាតូច ឬធំ ហើយខុសប្លែកពីអប្សរាផ្សេងទៀត ដូច្នេះក៏បានចុះទៅទស្សនៈកិច្ចនៅទីតាំងប្រាសាទដោយផ្ទាល់ ដើម្បីធ្វើការឈ្វែងយល់បន្ថែម ក៏ដូចជាផ្តិតយករូបភាព និងវីដេអូមកធ្វើជាតឹងតាងសម្រាប់ការច្នៃឈុត «អប្សរធម្មនន្ទ» ផងដែរ។





លោក ម៉ែន និមលរតន៍ មិននឹកស្មានថា អ្នកគ្រូជំនាញនៅសាលាហ្វេស្សិន FASANA សម្រេចជ្រើសរើសយកស្នាដៃនៃការបញ្ចប់ការសិក្សារបស់ខ្លួន មកបង្ហាញជាពិសេសនៅក្នុងកម្មវិធី SHOW ME SOMETHING 2024 ដែលរៀបចំឡើង ដើម្បីបង្ហាញពីគំនិតច្នៃប្រតិដ្ឋ របស់ធនធានច្នៃម៉ូដជំនាន់ថ្មី ដែលស្របតាមទៅតាមទំនោរនិយម (Trend) របស់ប្រជាជនកម្ពុជា៕




























Account
Security
Favourite Content