គ្រប់គ្នាប្រហែលនៅចាំបាន អតីតទេពធីតាសង្រ្កាន្តឆ្នាំ ២០១៨ កញ្ញា សុគា គីមលាង ហៅ Kon Ant ដែលបានសម្តែងជាតួអង្គព្រះថោង ក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេម កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ។ Kon Ant ទទួលបានការស្ញើចសរសើរយ៉ាងខ្លាំងក្រោយពេលសម្តែងជាតួអង្គព្រះថោង ជាមួយតួអង្គនាងនាគ សម្តែងដោយនាថការនី ច័ន្ទ ស្រីល័ក្ខ។




យ៉ាងណាមិញ ហ្វេនៗអ្នកស្នេហាវិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជា បានសម្តែងការសោកស្តាយជាខ្លាំង ក្រោយមិនឃើញវត្តមាន Kon Ant ក្នុងការប្រកួតបវរកញ្ញាណាមួយតាមការប៉ាន់ស្មានរបស់ពួកគេ។ ពាក់ព័ន្ធរឿងនេះដែរ ស្រីស្រស់ Kon Ant បានឱ្យដឹងថា នាងពិតជាសូមទោសចំពោះហ្វេនៗដែលតែងតែគាំទ្រ និងជំរុញឱ្យនាងចូលប្រកួតបវរកញ្ញាកាលពេលកន្លងមក។
មូលហេតុដែលនាងមិនអាចដាក់ពាក្យប្រកួតបវរកញ្ញាបាន គឺដោយសារនាងមានការរវល់ជាមួយមុខជំនួញ និងការងារផ្ទាល់ខ្លួនមួយចំនួនទៀត ជាហេតុធ្វើឱ្យនាងមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការចំណាយលើការប្រកួតបវរកញ្ញា។ ទោះមិនបានដាក់ពាក្យប្រកួតក្នុងឆ្នាំនេះ តែតារាស្រីកំពុងមានប្រជាប្រិយភាពរូបនេះ ជឿជាក់ថានាងពិតជាអាចធ្វើបាន ព្រោះនាងមានសមត្ថភាពគ្រប់ផ្នែកទាំងអស់ ប៉ុន្តែអ្វីដែលគ្មានគឺពេលវេលាសម្រាប់ខ្លួនឯងក្នុងប្រឡង។ ម៉្យាង នាងក៏ចង់ឆ្លៀតឱកាសនេះរកចំនូលឱ្យបានច្រើនសិនផងដែរ។


សុគា គីមលាង បានបង្ហើបឱ្យដឹងថា ពេលនេះនាងមានជំនួញក្នុងដៃច្រើនគួរសម រួមមាន ហាងតែគុជ (កំពុងបើកហាងបន្តបន្ទាប់) និងមានលក់របស់របរ accessories តាមអនឡាញ ក៏ដូចជា នាឡិកា របស់របរប្រើប្រាស់ផ្សេងៗមកពីគ្រប់ប្រទេស លក្ខណៈបែបប៊្រេនដែលមានតម្លៃថ្លៃៗ។ ថៅកែស្រីវ័យក្មេងនេះចាត់ទុកថា ជំនួញនាងកំពុងរលូនទៅមុខហើយ ក្រោយសំងំធ្វើអស់រយៈពេលប្រមាណ ២ ឆ្នាំមកនេះ។
តារាស្រីមានជំនាញសិល្បៈបុរាណពេញខ្លួនរូបនេះបន្តថា ឱ្យតែមានពេលទំនេរនាងនៅតែទទួលធ្វើការងារសិល្បៈដូចធម្មតា រួមទាំងថតភាពយន្តផងដែរ ប៉ុន្តែភាគច្រើននាងចូលចិត្តតែសម្តែងរឿងខ្លីៗបែបព្រះពុទ្ធសាសនាប៉ុណ្ណោះ។ ឆាប់ៗនេះ គ្រប់គ្នានឹងបានឃើញការសម្តែងថ្មីមួយរបស់ Kon Ant ក្នុងរឿងជាតក ជារឿងបែបព្រះពុទ្ធសាសនា ជាប្រភេទល្ខោនបាសាក់ ដែលពេលនេះនាងកំពុងតែហាត់សមយ៉ាងសស្រាក់សស្រាំ។ មិនតែប៉ុណ្ណោះ ស្រីស្អាត Kon Ant ក៏បានបង្ហាញខ្លួនក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលបានប្រព្រឹត្តិឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះដែរ។



ស្រីស្រស់រាងតូចច្រឡឹង Kon Ant ក៏បានលេចមុខដើរបង្ហាញម៉ូដសម្លៀកបំពាក់បែបសហសម័យCOLLECTION 2023 | THE ROYALTY របស់អ្នកច្នៃម៉ូដ អូលីវ៉ា គង់ ជាមួយតារាម៉ូដែលចាស់ក្មេងល្បីៗជាច្រើនរូបទៀត ដែលនាងត្រូវគេលើកសរសើរពីរូបសម្រស់ និងសមត្ថភាពគ្រប់ៗគ្នា៕


























Account
Security
Favourite Content