Raymond Lam ដែលជាតារាសម្ដែងហុងកុងជើងចាស់ ថ្មីៗនេះត្រូវបានគេប្រទះឃើញបណ្ដើរភរិយាអ្នកនាង Carina ទៅមើលការប្រគំតន្ដ្រីរបស់កំពូលចម្រៀងល្បីលំដាប់ពិភពលោក Bruno Mars នៅឯទីក្រុងបាងកក ប្រទេសថៃ។



បើយោងតាមប្រភពព័ត៌មានហុងកុង Raymond Lam និងភរិយា បានតុបតែងខ្លួនយ៉ាងសាមញ្ញា និងជិះម៉ូតឌុប ដើម្បីធ្វើដំណើរទៅមើលការប្រគំតន្ដ្រីរបស់ Bruno Mars។ ស្របពេលដែលអ្នកគាំទ្របានថតរូបអ្នកទាំងពីរពេលកំពុងជិះធ្វើដំណើរទៅកន្លែងប្រគំតន្ដ្រី។ មិនកំណាញ់ខ្លួន ភរិយារបស់លោក ក៏ងាកមកមើលអ្នកគាំទ្រ និងថែមទាំងបង្ហាញស្ទីល នៅពេលដឹងថា អ្នកគាំទ្រកំពុងថតរូបរបស់នាងជាមួយស្វាមី។



អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ មហាជន និងអ្នកគាំទ្រជាច្រើនបានសរសើរដល់តារាប្រុស Raymond Lam ដោយសារទង្វើផ្អែមល្ហែមរបស់លោក។ នៅពេលជិះម៉ូតូឌុប ភរិយារបស់លោកនៅអង្គុយពីក្រោយ តែរូបលោកមិនភ្លេចយកដៃឱបភរិយា ដើម្បីការពាររូបនាងពីការធ្លាក់។ ក្រៅពីចូលរួមទស្សនាការប្រគំតន្ដ្រីតារាអាមេរិកវ័យ ៣៨ ឆ្នាំ ហើយនោះ Bruno Mars មួយគ្រួសារ Raymond Lam មានសមាជិក ៣ នាក់ គឺ ភរិយា និងកូនស្រីតូចក៏បានដើរកម្សាន្ដនៅក្នុងតំបន់មួយចំនួនក្នុងប្រទេសថៃផងដែរ។



គូស្វាមីភរិយាមួយគូនេះ ត្រូវបានគេចាត់ទុកជាគូស្នេហ៍ផ្អែមល្ហែមមួយនៅហុងកុង អ្នកទាំង ២ បានសេពគប់គ្នាតាំងពីឆ្នាំ ២០១៨។ ក្នុងឆ្នាំ ២០១៩ Raymond Lam និងភរិយា បានចុះសំបុត្រអាពាហ៍ពិពាហ៍ និងទទួលបានចំណងដៃកូនស្រីម្នាក់។ តារាប្រុស Raymond Lam តែងសរសើរថា ភរិយារបស់លោកជានារីល្អម្នាក់ ចេះមើលថែទាំគ្រួសារ និងចេះទុកដាក់ទ្រព្យសម្បត្ដិ។ នាងក៏ជានារីម្នាក់ដែលធ្វើឲ្យលោកមានអារម្មណ៍សុវត្ថិភាព និងមានសុភមង្គល៕


























Account
Security
Favourite Content