នៅរសៀលថ្ងៃទី២៨ ខែឧសភានេះ Rachel Gupta ម្ចាស់មកុដ Miss Grand International 2024 បានប្រកាសលាលែងតំណែងនៅលើគណនី Instagram ផ្ទាល់ខ្លួន ក្រោមហេតុផលមិនគោរពតាមកិច្ចសន្យា និងបរិយាកាសធ្វើការ Toxic ។ យ៉ាងណាមិញ ខាងស្ថាប័នប្រកាសថា ខ្លួនជាអ្នកដកតំណែងពីបវរកញ្ញារូបនេះ។

នៅក្នុងសំណេររបស់ Rachel Gupta បានរៀបរាប់ថា៖ “ខ្ញុំពិតមានការសោកស្ដាយជាខ្លាំងដែលត្រូវចេញមកចែករំលែកដំណឹងនេះ។ ខ្ញុំបានសម្រេចចិត្តលាលែងតំណែងជា Miss Grand International 2024 ហើយ”។
បវរកញ្ញាពីប្រទេសឥណ្ឌារូបនេះ បានរៀបរាប់ថា ការទទួលបានមកុដនេះជាក្ដីសុបិនរបស់ខ្លួនជាមួយនឹងមោទកភាពក្នុងនាមជាតំណាងនៃប្រទេស ក៏ប៉ុន្តែការលាលែងតំណែងនេះ ព្រោះតែហេតុផលថា៖ “នៅក្នុងពេលប៉ុន្មានខែចុងក្រោយបន្ទាប់ពីការបំពាក់មកុដ វាពេញទៅដោយការបំពានកិច្ចសន្យា ការមើលថែមិនបានត្រឹមត្រូវ និងបរិយាកាសការងារដែល Toxic ដែលខ្ញុំមិនអាចនៅស្ងៀមបានបន្តទៀតទេ”។
ទន្ទឹមគ្នានេះ Rachel Gupta បានសន្យាថា នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ខ្លួននឹងចែករំលែកវីដេអូ រៀបរាប់យ៉ាងលម្អិត ពីបញ្ហាដំណើរដ៏លំបាកមួយនេះ។

ដោយឡែក នៅក្នុងរសៀលថ្ងៃដដែល ស្ថាប័ន Miss Grand International បានចេញសេចក្ដីប្រកាសដកតំណែងពីបវរកញ្ញាខាងលើនេះ ដោយលើកហេតុផលថា៖ “ការសម្រេចនេះ គឺកើតឡើងបន្ទាប់ពីបវរកញ្ញារូបនេះ មិនបានបំពេញភារកិច្ចដែលស្ថាប័នបានដាក់ឱ្យ ចូលរួមក្នុងគម្រោងខាងក្រៅដោយមិនទទួលបានការអនុញ្ញាតពីស្ថាប័នជាមុន និងការដែលនាងប្រកែកមិនព្រមចូលរួមក្នុងកម្មវិធីនៅឯប្រទេស Guatemala”។
ស្ថាប័នខាងលើបានបញ្ជាក់ទៀតថា ចាប់ពីពេលប្រកាសនេះទៅ Rachel Gupta នឹងគ្មានសិទ្ធប្រើប្រាស់តំណែងជា Miss Grand International 2024 ទៀតទេ និងត្រូវប្រគល់មកុដត្រឡប់មកការិយាល័យកណ្ដាលរបស់ MGI ក្នុងពេល ៣០ថ្ងៃ ជាកំហិត៕

























Account
Security
Favourite Content