លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង បានប្រកាសជួយដល់សកម្មភាពការសម្ដែងចាប៉ី ទូទាំងប្រទេស ក្នុង១ឆ្នាំ ១២០ លានរៀល។ នេះបើតាមការជូនដំណឹងលើផេកផ្លូវការសមាគមសិល្បករខ្មែរ។

តាមការបង្ហោះលើផេកខាងលើបានឱ្យដឹងថា ក្នុងពិធីអបអរសាទរខួប ៩ ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ ដែលរៀបចំឡើងដោយតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា នៅក្នុងផ្សារទំនើបជីបម៉ុង មេហ្កាម៉ល ២៧១ កាលពីរាត្រីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមជាមួយ អ្នកឧកញ៉ា លាង ម៉េង បានប្រកាសជួយដល់សកម្មភាពការសម្ដែងចាប៉ី ទូទាំងប្រទេសក្នុង ១ ឆ្នាំ ១២០ លានរៀល ក្នុងនោះ ១០០ លានរៀលជាថវិការបស់ក្រុមហ៊ុនជីបម៉ុង និង ២០ លានរៀលជាថវិការបស់សមាគមសិល្បករខ្មែរ។
តាមរយៈការចូលរួមចំណែកជួយដល់សកម្មភាពនៃការរៀបចំកម្មវិធីចាប៉ីដងវែងនេះគឺដើម្បីលើកស្ទួយវិស័យសិល្បៈបុរាណ និងបន្តនិរន្តរភាពនៃសិល្បៈចាប៉ីសងវែងនៅទូទាំងប្រទេស និងជាក្ដីសង្ឃឹមដ៏ធំធេងក្នុងវិស័យសិល្បៈ ពិសេសសិល្បៈចាប៉ីដងវែងតែម្ដង។
គួរឱ្យដឹងថា ចាប៉ីដងវែងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិពិភពលោកដោយអង្គការ UNESCO នាថ្ងៃទី៣០ ខែវិច្ឆិកា ២០១៦ នៅទីក្រុង Addis Ababa ប្រទេស អេត្យូពី គិតមកទល់ពេលនេះមានរយៈពេល ៩ ឆ្នាំហើយ៕








រូបភាព ៖ សមាគមសិល្បករខ្មែរ























Account
Security
Favourite Content