កំពូលតារាខេប៉ុប G-Dragon និងស្ថាបនិក YG Entertainment លោក Yang Hyun Suk កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលីស បន្ទាប់ពីមានការចោទប្រកាន់ថាពួកគេបានលួចបទចម្រៀងរបស់អ្នកនិពន្ធមកប្រើប្រាស់សម្រាប់អាល់ប៊ុមចម្រៀងប្រគំតន្ត្រី G-Dragon ដែលបានចេញផ្សាយកាលពីជាងមួយទសវត្សរ៍មុន។ ផលិតកម្ម YG Entertainment កំពុងតវ៉ាយ៉ាងខ្លាំង ដោយហៅឧប្បត្តិហេតុនេះថាជាកំហុសបច្ចេកទេស។
ពាក្យបណ្តឹងនេះត្រូវបានប្តឹងកាលពីខែវិច្ឆិកាឆ្នាំមុនដោយអ្នកនិពន្ធមួយរូបបានចោទប្រកាន់ថា YG បានយកបទចម្រៀងរបស់ខ្លួនមានចំណងជើងថា “G-DRAGON” ដែលអ្នកនិពន្ធរូបនោះបាននិពន្ធនិងចុះបញ្ជីនៅឆ្នាំ ២០០១ មកកែចំណងជើងជាបទ “My Age is 13” ហើយបញ្ចូលទៅក្នុងអាល់ប៊ុមចម្រៀងប្រគំតន្ត្រីឆ្នាំ ២០១០ របស់ G-Dragon មានចំណងជើងថា “Shine a Light” ដោយគ្មានការអនុញ្ញាត ឬផ្ដល់ក្រេឌីតឱ្យលោកឡើយ។
YG Entertainment បានបដិសេធការលើកឡើងនេះដោយបញ្ជាក់ថាបញ្ហានេះគឺជារឿងយល់ច្រឡំ។ យោងតាមទីភ្នាក់ងារនេះ បុគ្គលិកពួកគេបានយល់ច្រឡំបទចម្រៀងរបស់អ្នកនិពន្ធជាមួយនឹងបទ G-Dragon មួយទៀតដែលចៃដន្យមានចំណងជើងដូចគ្នាក្នុងអំឡុងពេលរៀបចំសម្រាប់ការប្រគំតន្ត្រីឆ្នាំ ២០០៩ របស់ G-Dragon ។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ពួកគេមិនមានចេតនាបំពានលើកម្មសិទ្ធិបញ្ញាជាដាច់ខាត” ។ “ប្រសិនបើមានកំហុសក្នុងការសរសេរចំណងជើងខុស ដោយសារការភ័ន្តច្រឡំ យើងនឹងធ្វើការបញ្ជាក់ឱ្យបានច្បាស់លាស់អំពីបញ្ហានេះ”។
យ៉ាងណាក៏ដោយ ករណីនេះបានឈានដល់ការស៊ើបអង្កេតឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដោយពេលនេះប៉ូលីសក្រុងសេអ៊ូលបានឆ្មក់ចូលទីស្នាក់ការកណ្តាលរបស់ YG Entertainment ពីរដងរួចហើយ ហើយបច្ចុប្បន្នកំពុងធ្វើការវិភាគលើសម្ភារៈដែលរឹបអូសបាន ខណៈកំពុងសាកសួរមន្ត្រីក្រុមហ៊ុនផងដែរ។ ប្រភពពីប៉ូលិសបានបញ្ជាក់ថា ការស៊ើបអង្កេតលើភាគីពាក់ព័ន្ធកំពុងបន្ត ៕


























Account
Security
Favourite Content