នៅថ្ងៃទី១៥ ខែកក្កដានេះ ប៉ូលីសកូរ៉េបានធ្វើបច្ចុប្បន្នភាពទាក់ទងនឹងការចោទប្រកាន់លើផលិតករ Min Hee Jin ស្របពេលសង្គ្រាមក្ដីក្ដាំរវាង HYBE និង ADOR នៅតែបន្ត។

រយៈពេលជាងមួយឆ្នាំបន្ទាប់ពី HYBE បានចោទប្រកាន់ផលិតករ Min Hee Jin ពីបទរំលោភលើទំនុកចិត្តក្នុងខែមេសា ឆ្នាំ ២០២៤ នៅពេលនេះលទ្ធផលនៃការស៊ើបអង្កេតរបស់ប៉ូលីសបានបង្ហាញថាផលិតករស្រីរូបនេះមិនពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ណាមួយឡើយ។ សេចក្ដីសម្រេចនេះត្រូវបានធ្វើឡើងដើម្បីច្រានចោលបណ្ដឹងទាំងពីររបស់ HYBE ដែលបានចោទប្រកាន់មកលើ Min Hee Jin ដោយបញ្ជាក់ថានាងមិនមានទោសអ្វីនោះទេ។
មុននេះផលិតករ Min បានបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលីស និងត្រូវបានសាកសួរអស់រយៈពេលប្រាំបីម៉ោង។ អតីតនាយកប្រត្តិបត្តិ ADOR និងអ្នកចាត់ការក្រុម NewJeans រូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖ “ខ្ញុំនឹងប្រាប់ការពិតទាំងអស់” និងបានចោទសំណួរថា “ហេតុអ្វីខ្ញុំគឺជាអ្នកមិនបំពេញកាតព្វកិច្ចទៅវិញ?”
គួររំឭកថា នៅឆ្នាំ ២០២៤ HYBE បានចាប់ផ្តើមធ្វើសវនកម្មលើ Min Hee Jin និង ADOR ដោយចោទប្រកាន់ថាផលិតកររូបនេះបាននិងកំពុងព្យាយាមដណ្ដើមយកសិទ្ធិគ្រប់គ្រងលើ ADOR ទាំងមូលដោយវិធីមិនត្រឹមត្រូវ។ បន្ទាប់មក HYBE បានដាក់ពាក្យបណ្តឹង ដោយចោទប្រកាន់នាងពីបទមិនគោរពកាតព្វកិច្ច។ យ៉ាងណាមិញ ផលិតករ Min បានបដិសេធការចោទប្រកាន់នេះដោយនិយាយថា “ក្រុមហ៊ុនមានរចនាសម្ព័ន្ធភាគហ៊ុនច្បាស់លាស់ ដូច្នេះវាមិនអាចទៅរួចនោះទេដែលខ្ញុំឬនរណាម្នាក់អាចដណ្ដើមយកសិទ្ធិគ្រប់គ្រងតែម្នាក់ឯង”។
ថ្មីៗកន្លងទៅនេះ HYBE បានអះអាងថា Min Hee Jin បានរៀបចំការតវ៉ាតាមអ៊ីមែលដំបូងដែលផ្ញើដោយឪពុកម្តាយរបស់សមាជិក NJZ (NewJeans) ។ ជម្លោះដែលចាប់ផ្ដើមដំបូងជាជម្លោះក្នុងកិច្ចសន្យាបានវិវត្តទៅជាជម្លោះហែកហួរកាន់តែធំ ដែលធ្វើឱ្យអ្នកគាំទ្រនៅតែរង់ចាំមើលថាតើនឹងមានអ្វីកើតឡើងបន្ទាប់ ៕
























Account
Security
Favourite Content