អតីតបេក្ខភាព Cambodian Idol រដូវកាលទី១ ឆ្នាំ ២០១៥ កញ្ញា ពេជ្រ ច័ន្ទធីតា កំពុងតែជោគជ័យខ្លាំងលើអាជីពជាពិធីការិនី ដោយនាងក្តោបបានការងារពេញៗដៃទាំងមុន និងក្រោយវិបត្តិកូវីដ-១៩។ បច្ចុប្បន្ន នាងក្តោបការងារពេញដៃពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដែលក្នុងនោះមានទាំងកម្មវីធីតាមប៉ុស្តិ៍ទូរទស្សន៍ និងកម្មវិធីផ្សេងៗជាច្រើនទៀត រួមទាំងការប្រគុំតន្ត្រីតាមបណ្តាខេត្តផងដែរ។


មិនត្រឹមជាពិធីការិនីពូកែវោហារសព្ទចាក់ទឹកមិនលេច ស្រីស្រស់រាងតូចច្រឡឹង ចាន់ធីតា ក៏ជាតារាចម្រៀងម្នាក់ដ៏មានទឹកដម ដោយនាងអាចបកស្រាយបានទាំងបទមនោសញ្ចេតនា និងបទញាក់កន្ត្រាក់អារម្មណ៍ មិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ។ ប៉ុន្តែដោយសារមមាញឹកការងារជាពិធីការិនីខ្លាំងពេក ទើបនាងមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការផលិត និងបញ្ចេញបទចម្រៀងថ្មីៗដូចពីមុន។

ដ្បិតគ្មានស្នាដៃចម្រៀងថ្មីៗទម្លាក់លើទីផ្សារយូរក៏ពិតមែន តែនាងមិនបោះបង់ចោលការច្រៀងនោះទេ ដោយនាងនៅតែលេចមុខច្រៀងចម្រៀង Cover និងចេញច្រៀងតាមកម្មវិធី Concert តាមប៉ុស្តិ៍ទូរទស្សន៍ ដើម្បីជាចំណូលបន្ថែមពីលើការងារពិធីការិនី។ យ៉ាងណាមិញ កន្លងមក ធីតា ធ្លាប់ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងថា នាងនៅមិនទាន់អាចកំណត់ពេលវេលាក្នុងការផលិតបទថ្មីៗឡើងវិញបានទេ ព្រោះពេលនេះនាងកំពុងមមាញឹកដកខ្លួនមិនរួចជាមួយការងារជាពិធីការិនី។
តាមដំណឹងចុងក្រោយបំផុតឱ្យដឹងថា កញ្ញាទើបទទួលបានឱកាសធំជាពិធីការិនីកម្មវីធីថ្មីសន្លាងមួយ ដែលទូរទស្សន៍ PNN ទើបបង្កើតឡើង គឺកម្មវិធី I Dare You To Sing ដែលដៃគូរបស់នាងក្នុងកម្មវិធីថ្មីនេះ គឺកំលោះសង្ហា ពូកែថ្វីមាត់ យ៉ាវ ដារ៉ូ៕



























Account
Security
Favourite Content