តារាម៉ូដែល និងជាតារាសម្តែង ផៃ រ៉ាវី សម្រេចចិត្តត្រឡប់មកអង្រួនឆាកបវរកញ្ញាជាថ្មីម្តងទៀតតាមការសន្យា ដោយនាងត្រូវបានប្រកាសជាបេក្ខភាពផ្លូវការទាំង ៣៥ រូប ក្នុងការប្រកួតបវរកញ្ញាចក្កវាឡឆ្នាំ ២០២៣ (Miss Universe Cambodia 2023)។ ស្រីស្អាត រ៉ាវី ផ្តាំឱ្យទស្សនិកជន និងហ្វេនៗជួយគាំទ្រដំណើរការប្រកួតជាថ្មីរបស់នាង ខណៈសមរភូមិប្រកួតនឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះ។

គេនៅចាំបានថា បវរកញ្ញារូបស្រស់កម្ពស់ 1.73 cm នេះ ធ្លាប់ចូលរួមប្រកួតកម្មវិធីបវរកញ្ញាចំនួន ២ ដងរួចមកហើយរួមមាន កម្មវិធី Miss Cambodia 2017 និងបានតំណាង ឱ្យកម្ពុជាចេញទៅប្រកួត Miss Cosmoworld 2019 នៅម៉ាឡេស៊ី ថែមទៀតផង។ នាងត្រូវគេចាត់ទុកជាបវរកញ្ញាមានបទពិសោធន៍ម្នាក់ ព្រោះធ្លាប់ចេញទៅប្រកួតអន្តរជាតិ ដូច្នេះនាងពិតជាបានពង្រឹងសមត្ថភាព និងចំណុចខ្វះខាតរបស់នាង មុនពេលបោះជំហានចូលប្រឡងជាថ្មីទៀតនៅពេលនេះ។
យ៉ាងណាមិញ គេមិនទាន់ដឹងថា ស្រីស្អាតនេះអាចសម្រេចគោលដៅដ៏ធំនេះឬយ៉ាងណាទេ ស្របពេលបេក្ខភាពផ្សេងទៀតសុទ្ធតែខ្លាំងៗ និងមានសមត្ថភាព ភាពស្រស់ស្អាតរៀងៗខ្លួន។


គួររំលឹកផងដែរថា កញ្ញា ផៃ រ៉ាវី ផ្តើមប្រឡូកវិស័យបង្ហាញម៉ូដក្នុងឆ្នាំ ២០១៦ ដោយនាងជាតារាបង្ហាញម៉ូដរបស់ New Face Cambodia។ នាងធ្លាប់ទទួលការបណ្តុះបណ្តាលការដើរម៉ូដ និងការសម្តែងពីស្ថាប័នគ្រប់គ្រងរបស់នាង នាំឱ្យនាងមានឱកាសក្លាយជាតារាសម្តែង និងជាតារាបង្ហាញម៉ូដអាជីពដូចសព្វថ្ងៃនេះ។
ចាប់តាំងពីប្រឡូកសិល្បៈ រ៉ាវី បានចូលរួមការងារសិល្បៈជាច្រើនដូចជា ថតភាពយន្ត ដើរបង្ហាញម៉ូដកម្មវិធីជាតិ-អន្តរជាតិ ថត MV ចម្រៀង ថតម៉ូដសម្លៀកបំពាក់ និងថតប្រម៉ូតផលិតផលផ្សេងៗជាច្រើនទៀត៕























Account
Security
Favourite Content