អតីតសមាជិកក្រុមចម្រៀងបុរសល្បី TVXQ និង JYY គឺតារាប្រុស Park YooChun បានក្លាយជាប្រធានបទត្រូវគេលើកយកមកពិភាក្សាសាជាថ្មីក្រោយលោកកំពុងត្រូវគេសង្ស័យជាប់ពាក់ព័ន្ធករណីគេចពន្ធខ្ទង់រាប់សិបម៉ឺនដុល្លារអាមេរិក។

យោងតាមប្រភពព័ត៌មានកូរ៉េ Osen បានឲ្យដឹងថា លោកកំពុងស្ថិតក្នុងការសង្ស័យលួចគេចពន្ធប្រមាណ ៤០៩ លានវ៉ុន ឬប្រហាក់ប្រហែល ៣៧ ម៉ឺនដុល្លារអាមេរិក។
ជាមួយគ្នាដែរ យោងតាមភ្នាក់ងារពន្ធជាតិកូរ៉េនាពេលថ្មីៗនេះ ក៏បានប្រកាសឈ្មោះបុគ្គល និងក្រុមហ៊ុនផ្សេងៗដែលខកខាន និងមិនទាន់បង់ពន្ធត្រឹមត្រូវស្របតាមច្បាប់។ ក្នុងចំណោមឈ្មោះបុគ្គលល្បីៗ ដែលមិនទាន់បង់ពន្ធ ឈ្មោះរបស់តារាប្រុស Park Yoochun ក៏បានស្ថិតក្នុងបញ្ជីដែលបានចេញផ្សាយផងដែរ។

ដំណឹងនេះ បានធ្វើឲ្យមហាជនជាច្រើនដកដង្ហើមធំ ដោយសារតែនេះមិនមែនជាលើកទី ១ ដែលតារាប្រុស Park YooChun ផុងខ្លួនក្នុងរឿងអាស្រូវធ្វើឲ្យលោកឈរឈ្មោះស្ទើរលែងជាប់ក្នុងវិស័យសិល្បៈ និងត្រូវគេរិះគន់ពាសពេញបណ្ដាញសង្គម។ ក្រឡេកទៅមើលក្រុមហ៊ុនដែលគ្រប់គ្រងតារាប្រុស Park YooChun ក៏មិនបានចេញបកស្រាយ ឬនិយាយអ្វីនៅឡើយទាក់ទងរឿងគេចពន្ធជាង ៣០ ម៉ឺនដុល្លារអាមេរិកនេះ។

គួរបញ្ជាក់ថា បកត្រឡប់ទៅឆ្នាំ ២០១៦ តារាប្រុសរូបនេះត្រូវបានគេចោទប្រកាន់ពាក់ព័ន្ធករណីរំលោភសេពសន្ទវៈ។ ជាបន្ដបន្ទាប់ លោកបានជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ការបំពានលើអ្នកគាំទ្រ។ មិនទាន់អស់នៅឡើយ លោកធ្លាប់ត្រូវបានអ្នកចាត់ការរបស់ខ្លួនចេញបកអាក្រាតថា លោកធ្លាប់សេពគប់មិត្ដស្រីច្រើនជាង ៥០ នាក់ អ្នកខ្លះជាស្ដ្រីរៀបការរួចថែមទៀត។ តារាប្រុស Park YooChun ត្រូវបានគេចាត់ទុកថា ជាតារាប្រុសកូរ៉េម្នាក់ដែលមានរឿងអាស្រូវរាប់មិនអស់ លោកក៏ត្រូវបានជាប់ក្នុងបញ្ជីខ្មៅ មិនអនុញ្ញាតឲ្យឡើងផ្សព្វផ្សាយ ឬបង្ហាញមុខលើកញ្ចក់ទូរទស្សន៍កូរ៉េទៀតឡើយ៕



























Account
Security
Favourite Content